លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន សាទរចំពោះចំណាត់ថ្នាក់ដ៏ល្អរបស់កម្ពុជា ក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងផលប៉ះពាល់នៃវីរុសកូវីដ-១៩ ប៉ុន្តែរម្លឹកប្រជាពលរដ្ឋមិនត្រូវធ្វេសប្រហែសជាដាច់ខាត

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ — លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា តាមទូរស័ព្ទ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា “ខ្ញុំសូមចូលរួមអបអរសាទរចំពោះចំណាត់ដ៏ល្អរបស់កម្ពុជា នៅក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងផលប៉ះពាល់នៃវីរុសកូវីដ-១៩ ប៉ុន្តែសូមរម្លឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ មិនត្រូវធ្វេសប្រហែសជាដាច់ខាត និងត្រូវតែយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្នទ្វេដង”។

លោកជំទាវបានសង្កត់ធ្ងន់ថា តាមការផ្សព្វផ្សាយរបស់ ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្គាល់ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ០៣ នៅក្នុងចំណោមប្រទេសចំនួន ១៦៦ នៅលើពិភពលោក ហើយកម្ពុជាមានចំណាត់ថ្នាក់ល្អជាងគេនៅអាស៊ី ស្តីពីការគ្រប់គ្រងការឆ្លងរាលដាល និងការគ្រប់គ្រងផលប៉ះពាល់នៃវីរុសកូវីដ-១៩ បានយ៉ាងល្អ ពិតមែន ប៉ុន្តែយើងមិនត្រូវធ្វេសប្រហែសជាដាច់ខាត និងត្រូវតែយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្នទ្វេដង ព្រោះថាជំងឺកូវីដ-១៩ នៅបន្តមានសន្ទុះនៃការឆ្លងរាលដាល ទាំងកម្រិតពិភពលោក ទាំងកម្រិតប្រទេសនៅអាស៊ាន ពុំទាន់ថមថយនៅឡើយទេ។ លោកជំទាវបានបន្ថែមថា៖ “ការវាយតម្លៃនេះជារឿងល្អ ហើយក៏បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ-១៩ បានដោយជោគជ័យផងដែរ”។

គួររម្លឹកថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្គាល់បានវាយតម្លៃចំណាត់ថ្នាក់កម្ពុជាជាប់លេខ ០៣ ដោយចំណាត់ថ្នាក់លេខ ០១ បានទៅលើប្រទេស Saint Kitts and Nevis ដោយឡែកចំណាត់ថ្នាក់ចុងក្រោយគេ គឺប្រទេសអេស្ប៉ាញ ដោយវាយតម្លៃទៅលើស្ថានភាពនៃការឆ្លង ការជាសះស្បើយ និងអត្រាមរណៈ៕

ដោយ ផែន រតនៈ

You do not have permission to write comment on this post.

Log in Register