ក្រសួងទេសចរណ៍៖ ឆ្នាំ២០២០ កម្ពុជានៅតែជាគោលដៅទេសចរណ៍ល្អបំផុត

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០​ — ក្រសួងទេសចរណ៍បានអះអាងថា ក្នុងឆ្នាំ២០២០ ប្រទេសកម្ពុជានៅតែ ជាគោលដៅទេស​ចរណ៍ល្អបំផុត សម្រាប់មកទស្សនា និងរស់នៅ ដោយមានស្ថាប័ន និងក្រុមហ៊ុនអន្តរជាតិ​មួយចំនួនដែលបានធ្វើការបង្ហាញ។

បើតាមក្រសួងទេសចរណ៍ ចំពោះស្ថាប័ន និងក្រុមហ៊ុនអន្តរជាតិ​ដែលបានបង្ហាញ​គោល​ដៅទេសចរណ៍នៅកម្ពុជានេះ រួមមាន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុន My International Movers ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសអង់គ្លេស អាម៉េរិក និង អូស្ត្រាលី បានចុះផ្សាយពីប្រទេសរួសរាយបំផុតទំាង ១០ សម្រាប់មកទស្សនា និងរស់នៅ​ទូទាំងពិភពលោក (Top 10 Friendliest Countries in the World to Move To)។ ទិន្នន័យ​ដែល​ក្រុមហ៊ុនទទួលពីការស្រាវជ្រាវបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាគឺជាគោលដៅ​ដ៏ល្អ​បំផុត ដោយមានប្រជាជនរួសរាយរាក់ទាក់ និងដំណើរកម្សាន្តដែលមានតម្លៃសមរម្យ។

ជាមួយគ្នានេះ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ គេហទំព័រ OUTRAGE Travel បានចុះផ្សាយអំពីប្រទេសដ៏មានសុវត្ថិភាពបំផុតទាំង៥ សម្រាប់មកទស្សនានៅក្នុងតំបន់​អាស៊ី (Five of the safest places to visit in Asia) ដោយកម្ពុជាត្រូវបាន ជាប់ជាប្រទេសដែល​មាន​សុវត្ថិភាពបំផុត និងបង្ហាញថាជាប្រទេសដែលមានវប្បធម៌ ព្រមទាំងបុរាណស្ថានបែប​សាសនាដ៏សម្បូរបែប។ ទន្ទឹមនេះ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ កម្ពុជាក៏ត្រូវបាន​ជ្រើស​រើសជាជ័យលាភីពានរង្វាន់ទេសចរណ៍អន្តរជាតិប្រចាំឆ្នាំ២០២០ (International Travel Award 2020) ដោយសមាគមអ្នកនិពន្ធទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (Pacific Area Travel Writers Association) ដែលមានស្នាក់ការនៅប្រទេសឥណ្ឌា ដោយបានចាត់ទុក “កម្ពុជា៖ គោលដៅដ៏ល្អបំផុតសម្រាប់បេតិកភណ្ឌវប្បធម៌” (Cambodia-Best Destination for Heritage)។ ចំពោះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុនអន្តរជាតិ Big 7 Travel បានចុះផ្សាយ​ពីគោលដៅទេសចរណ៍ល្អបំផុតសម្រាប់ ការសម្រាកលំហែចំនួន ៧ កន្លែង លើពិភព​លោក (The 7 Most Relaxing Locations In The World) ដោយខេត្តសៀមរាប នៃព្រះរាជាណា​ចក្រកម្ពុជា ក៏ជាកន្លែងមួយក្នុងនោះផងដែរ។

បើយោងតាមព័ត៌មានរបស់វេបសាយ Big 7 Travel បានបង្ហាញថា សៀមរាបជា​ទីក្រុង​ស្ងប់ស្ងាត់​ដ៏សែនមនោរម្យ ដោយមានរមណីយដ្ឋាន និងប្រាសាទដ៏ទាក់ទាញ​ជា​ច្រើនកន្លែង ជាពិសេសប្រាសាទអង្គរវត្ត។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងទេសចរណ៍បានផ្សព្វផ្សាយអំពីវិធានសុវត្ថិភាព​ស្ដីពី​ការធ្វើដំណើរ និងទេសចរណ៍ ហើយក្រសួងក៏បាននិងកំពុងរៀបចំផែនទីបង្ហាញផ្លូវ​ដើម្បី​ស្តារឡើងវិញវិស័យទេសចរណ៍ ឆ្នាំ២០២១- ២០២៥ ផងដែរ។ សម្រាប់ការផ្តល់នូវ​ចំណាត់​ថ្នាក់ទាំងនេះបានបង្ហាញអំពីសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ពិសេស ភាពរឹងមាំនៃប្រព័ន្ធសុខាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបក្នុងការ​ទប់​ស្កាត់ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ព្រមទាំងរួមចំណែកយ៉ាង​សំខាន់​ក្នុងការផ្សព្វផ្សាយទាក់ទាញអ្នកទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើងថែមទៀត ក្នុង និងក្រោយដំណាក់កាល​នៃវិបត្តិកូវីដ-១៩៕

ដោយ រិទ្ធី ប្រភព៖ ក្រសួងទេសចរណ៍

You do not have permission to write comment on this post.

Log in Register