រដ្ឋមន្រ្ដីក្រសួងព័ត៌មាន គាំទ្រក្រុមហ៊ុនគម្រោងអចលនទ្រព្យ Condo LINGNAN GARDEN ដែលកំពុងអភិវឌ្ឍន៍នៅក្នុងរាជធាំនីភ្នំពេញ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបង្ហាញការគាំទ្រចំពោះការសាង​សង់​អគារខុនដូ នៃក្រុមហ៊ុនគម្រោងអចលទ្រព្យសំណង់ Condo LINGNAN GARDEN ដ៏ល្អ​ប្រណិត ដែល​កំពុងអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញ ស្របជាមួយអគារខ្ពស់ៗ​ជាច្រើន​ទៀត បានសាង់​សង់ហើយរួចរាល់ និងកំពុងដំណើរការសាងសង់។ ការគាំទ្រនេះ ក្នុង​ឱកាស​អនុញ្ញាតឱ្យ​លោក ប៉ែន ធារីទ្ធ ប្រធានចាត់ការទូទៅ នៃ គម្រោងអចលទ្រព្យ​សំណង់ Condo LINGNAN GARDEN ជួបសម្ដែងការគួរសម និងជម្រាបពីគម្រោងនៃការសាង​សង់ខុនដូប្រណិត នៅ​ក្នុងរាជធានីភ្នំពេញ ស្ថិតលើមហាវិថីសម្តេច ហ៊ុន សែន ៦០ ម៉េត្រ ដើម្បីស្នើសុំក្នុងការជួយ​ផ្សព្វផ្សាយពីគម្រោងបើកលក់ ដំបូងនៅក្នុងប្រទេសកម្ពុជា នៅ​ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្តម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា អ្វីដែលអ្នកវិនិយោគិនក្នុងស្រុក និង​ក្រៅប្រទេសបានសម្រេចចិត្តបោះទុនមកធ្វើការវិនិយោគរកស៊ី និងសាងសង់អគារ សំណង់ខ្ពស់ៗនៅកម្ពុជា ដោយសារពិនិត្យឃើញថា កម្ពុជាមានសុខសន្តិភាព សេដ្ឋកិច្ច​ដំណើរការទៅល្អ ជីវភាពប្រជាជនកាន់តែធូរធារ មានសមត្ថភាព ក្នុងការទិញអគារ ប្រណិតៗ ស្នាក់នៅ ពិសេសសម្រាប់អគារខុនដូខ្ពស់ៗ ទំនើប ស្អាតៗ ដែលកំពុងរីកដុះ ដាលយ៉ាងច្រើនកន្លែង។

លោក ប៉ែន ធារីទ្ធ បានជម្រាបជូនថា គម្រោងសាងសង់ខុនដូប្រណិតនេះ គឺធ្វើ​ឡើងដោយមានកិច្ចសហការជាមួយក្រុមហ៊ុនចិន ក្នុងការកសាងអគារខ្ពស់ៗចំនួន ៨ ដែល​មានទីតាំង តាមបណ្តោយផ្លូវ ៦០ ម៉ែត្រ ក្នុងរាជធានីភ្នំពេញ។ លោកបន្ដថា សម្រាប់​គម្រោងនៃ​ជំហានដំបូងក្នុងការសាងសង់មានរយៈពេល ២ ឆ្នាំ ដោយបើកការដ្ឋានសាង​សង់នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ សម្រាប់ខុនដូ មានកម្ពស់ ៣៣ ជាន់ មានលក្ខណៈ ទំនើប ទាន់សម័យ ហើយតម្លៃលក់ ចាប់ពី ៨ម៉ឺនដុល្លារអាម៉េរិក ឡើងទៅ។ ដូច្នេះ​ចាប់ពីពេលនេះទៅ ក្រុមហ៊ុនគម្រោងអចលទ្រព្យសំណង់ Condo LINGNAN GARDEN បានធ្វើកិច្ចសហការជាមួយ ទូរទស្សន៏ TNM អនឡាញ និងបណ្តាសារ ព័ត៌មានដ៏ទៃទៀត ក្នុងការផ្សព្វផ្សាយ ពីដំណើរការបើកលក់ បន្ទប់អគារ ខុនដូ ជំហានដំបូង ហើយមានការ​បញ្ចុះតំលៃថែមទៀតផងដែរ។ លោកក៏បានគោរពអញ្ជើញ ឯកឧត្តម ខៀវ កាញារីទ្ធ និង គណៈ​ប្រតិភូក្រសួងព័ត៌មានអញ្ជើញទៅទស្សនាផ្ទាល់ដល់ទីតាំងគ្រោង នៃការសាងសង់​អគារខុនដូ ដើម្បីឱ្យបានដឹងច្បាស់នៃវិសាលភាព និងប្រណិតភាព នៃខុនដូ ដែលបំពាក់​នូវគ្រឿងបច្ចេកវិទ្យាវ័យឆ្លាត៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា

You do not have permission to write comment on this post.

Log in Register