សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន៖ រណសិរ្ស ២ធ្នូ បានជួយស្ដារ កសាង និងអភិវឌ្ឍន៍ កម្ពុជាឱ្យមានការ​កែប្រែ​មុខមាត់ថ្មី ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០–សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា រណសិរ្ស ២ធ្នូ មិន​ត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ឱ្យចាកផុតពីមហន្ដរាយ នៃរបបអាវ​ខ្មៅប៉ុណ្ណោះទេ ប៉ុន្ដែបានជួយស្ដារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជាមានការ​កែប្រែ​មុខ​មាត់ថ្មីជាបន្ដបន្ទាប់ រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍ ដូចសព្វ​ថ្ងៃនេះ។ នេះបើយោងតាមផេកផ្លូវការរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងថា ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ជាខួប​លើកទី៤២ ទិវាកំណើត “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” មានឈ្មោះ​ដើមថា “រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា” ដែលបានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។សម្ដេច​ប្រធានបានរម្លឹកថា រណសិរ្ស២ធ្នូ ជាកម្លំាងមហាជន អ្នកស្នេហាជាតិ គ្រប់និន្នាការ​នយោ​បាយ ដឹកនាំបង្កើតដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហា​ធម្មពោធិ​សាល ជា ស៊ីមសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិ​ជាច្រើនទៀត ក្នុងការរំដោះប្រទេសជាតិចេញពីរបបប៉ុលពតប្រល័យពូជសាសន៍ នៅថ្ងៃទី​០៧ ខែមករា ឆ្នាំ១៩៧៩ ។

សម្ដេចពញាចក្រីបានអះអាងថា “មាន២ធ្នូ ឆ្នាំ១៩៧៨ ទើបមានថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ហើយមាន៧ ខែមករា ឆ្នាំ១៩៧៩ ទើបមាន ថ្ងៃនេះ។ ទំរាំមានថ្ងៃនេះ យើងបាន ធ្វើដំណើរដ៏វែងឆ្ងាយ ឆ្លងកាត់ការលំបាក ឧបសគ្គរាប់ម៉ឺនជំពូក”។ សម្ដេចប្រធានក៏បាន​លើក​​​ឡើង​ផងដែរ​ថា ឥស្សរជន អតីតយុទ្ធ​ជនអ្នកស្នេហាជាតិយើងរាប់មិនអស់ បាន​ពលីកម្ម​អាយុជីវិត បូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិ ដោយមិន​ខ្លាចនឿយហត់ និង​ស្តាយស្រណោះអាយុជីវិតនោះឡើយ។


សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា​យើង​ទាំងអស់គ្នារួមគ្នាការពារ ថែរក្សាសន្តិភាព ដែលយើងទទួលបានដោយលំបាកនេះ ឱ្យបានគង់វង្ស យូររអង្វែង តរៀងទៅ ដើម្បីប្រទេសជាតិយើងទទួល​បានការអភិវឌ្ឍ​បន្ត​បន្ទាប់ ឈានទៅរកភាពរុងរឿងដូចអារ្យប្រទេស ក្នុងពេលខាងមុខនេះ៕

ដោយ រិទ្

You do not have permission to write comment on this post.

Log in Register