ការប្រកួតជើងឯកថ្នាក់ជាតិនានាក្នុងខែធ្នូ ប្រកាសពន្យារពេលសាជាថ្មី

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០–បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលប្រកាសពីការទប់ស្កាត់ការឆ្លងកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកដំបូងនៅកម្ពុជា «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា »ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាសហព័ន្ធកីឡាជាតិនានា ដែលគ្រោងរៀបចំការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិ ពីថ្ងៃទី០១ខែធ្នូ ដល់អំឡុងពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពន្យារពេលការប្រកួតជាបន្តបន្ទាប់សាជាថ្មីម្តងទៀត។

រដ្ឋមន្ត្រីក្រសួងអប់រំបានប្រកាសពន្យារពេលការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ នៅភ្នំពេញ ពីថ្ងៃទី០៧ដល់ថ្ងៃទី១៦ ខែធ្នូ លើកទៅពីថ្ងៃទី១៥ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វិញ។ ក្រសួងអប់រំក៏ប្រកាសផ្អាកសកម្មភាពជួបជុំរយៈពេល១៥ថ្ងៃនៅភ្នំពេញ និងនៅខេត្តសៀមរាប ក្នុងនោះផ្អាករាល់ការហាត់ប្រាណ ការលេងកីឡា ដែលមានលក្ខណៈប្រមូលផ្តុំ ។

ជាមួយគ្នានោះ សហព័ន្ធកីឡាជាតិនានាបានប្រកាសពន្យារពេលការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួន ក្នុងខែធ្នូនេះជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ដូចជាជើងឯកកីឡាទោចក្រយាន និងទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ នៅខេត្តសៀមរាប, ការប្រកួតហែលទឹក នៅកំពង់ចាម, ទ្រីយ៉ាត្លុង នៅខេត្តកែប ខណៈការពន្យារពេលប្រកួតជើងឯកថ្នាក់ជាតិនៅភ្នំពេញ ដូចជាប្រកួតបាញ់កាំភ្លើង, កីឡារាំ, វាយសី, ប្រដាល់គុនខ្មែរ, ប្រដាល់សកល, ការប្រកួតបាល់ទាត់ជម្រើសលីគទី២, បាល់ទាត់ស្ត្រី, បាល់ទាត់ក្នុងសាល, U18 និងU15។ ក្រៅពីនេះក៏ការប្រជុំប្រចាំសប្តាហ៍ និងគម្រោងធ្វើសិក្ខាសាលាថ្នាក់ជាតិស្តីពីយុទ្ធនាការអប់រំសង្គម ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ របស់គណៈកម្មាធិការជាតិ CAMSOC ក៏ត្រូវបានពន្យារពេលដូចគ្នាផងដែរ៕

ដោយហេង ណាលីន

You do not have permission to write comment on this post.

Log in Register