អត្ថបទកែតម្រូវ! ​​​​​​​សិង្ហបុរី ប្រកាសរួមវិភាគទានចំនួន ៥លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំងការពារវីរុសកូវីដ-១៩ និងបែងចែកទៅប្រទេសចំនួន ៩២ ក្នុងនោះមានប្រទេសមួយចំនួននៅអាស៊ាន

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០–ប្រទេសសិង្ហបុរី ដែលជាប្រទេសអភិវឌ្ឍន៍មួយនៅតំបន់អាស៊ាន បានសម្រេចចូលរួមវិភាគទានថវិកាចំនួន ៥លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំងការពារវីរុសកូវីដ-១៩ និងបែងចែកទៅប្រទេសចំនួន ៩២ ក្នុងនោះក៏មានប្រទេសនៅតំបន់អាស៊ានមួយចំនួនផងដែរ។  នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមមួយ រវាងក្រសួងសុខាភិបាល និងក្រសួងការបរទេស នៃប្រទេសសិង្ហបុរី។

សេចក្តីប្រកាសព័ត៌មានជាភាសាអង់គ្លេសដែលចេញផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់បន្ថែមថា៖ «ដើម្បីជាផ្នែកមួយ នៃការគាំទ្ររបស់យើង នៅលើគោលការណ៍វ៉ាក់សាំងពហុភាគីនិយម និងការទទួលបាន ព្រមទាំងការបែងចែកវ៉ាក់សាំងនេះដោយស្មើភាព ប្រទេសសិង្ហបុរី នឹងរួមចំណែកវិភាគទានចំនួន ៥លានដុល្លារអាមេរិក ទៅក្នុងយន្តការទទួលបានមុន នៃកម្មវិធីទទួលបានវ៉ាក់សាំងសាកល (COVAX) ដែលនឹងជួយដល់ប្រទេសចំនួន ៩២ ដែលមានចំណូលទាប និងចំណូលមធ្យមកម្រិតទាប រួមទាំងប្រទេសមួយចំនួននៅតំបន់អាស៊ាន ឱ្យទទួលបាននូវវ៉ាក់សាំងតាមរយៈយន្តការ COVAX នេះ» ។

ដោយឡែក លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ធ្លាប់បានបញ្ជាក់រួចហើយថា ខណៈប្រទេសកម្ពុជាគឺជាប្រទេសសមាជិកសម្ព័ន្ធភាពអន្តរជាតិចាក់ថ្នាំបង្ការ (GAVI) ក្រសួងសុខាភិបាល បាននិងកំពុងធ្វើការយ៉ាងជិតស្និទជាមួយអង្គការសុខភាពពិភពលោក ក៏ដូចជាប្រទេសនានាដទៃទៀត ក្នុងការគិតគូរស្នើសុំឱ្យមានការផ្តល់វ៉ាក់សាំងប្រកបដោយសមភាពមកកម្ពុជាផងដែរ ដែលហៅថា non-binding expression of interest for Covid-19 vaccine to Covax facility of GAVI រួចហើយ។

គួររម្លឹកផងដែរថា បើទោះជាមានប្រទេស និងក្រុមហ៊ុនមួយចំនួន បានសម្រេចផលិត និងធ្វើតេស្តដោយជោគជ័យ នូវវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក៏ដោយ ក៏រហូតមកទល់ពេលនេះ អង្គការសុខភាពពិភពលោក ពុំទាន់ទទួលស្គាល់ជាផ្លូវការនូវវ៉ាក់សាំងណាមួយនូវឡើយទេ៕

ដោយ ផែន រតនៈ

You do not have permission to write comment on this post.

Log in Register