សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលត្រៀមទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដំណាក់កាល​ដំបូង​ចំនួន១លានដូស ដើម្បីចាក់ជូនប្រជាជនដោយឥតគិតថ្លៃ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០​ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋា​ភិ​បាល​បានត្រៀមទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដំណាក់កាលដំបូង ចំនួន១លានដូស ដើម្បី​ចាក់​​ជូនប្រជាជន​ដោយឥតគិតថ្លៃ នៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមាន​ហានិភ័យ។

 នៅលើផេកផ្លូវការ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានសរសេរ​ថា “បងប្អូន​ជនរួមជាតិជាទីគោរពស្រឡាញ់ កន្លងមក ជាមួយនឹងការតាមដាននូវដំណើរ​ការ​ផលិតវ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ របស់ប្រទេសនានា ខ្ញុំ​បាន​​​ណែ​នាំ​រដ្ឋ​មន្ត្រីក្រសួងសុខាភិបាល​និងរដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ឱ្យ​ត្រៀមបំរុង​ថវិកា​ស​ម្រាប់​ទិញវ៉ាក់សាំងនេះ យកមក​ចាក់​ជូនប្រជាជនយើងដោយឥតគិត​ថ្លៃជាជំហាន​ដំបូង​ផងដែរ”។ សម្ដេចតេជោនាយករដ្ឋមន្ត្រី​បន្តថា ពេលនេះប្រទេសមួយចំនួនផលិតបាន​និងដាក់ឱ្យប្រើ​ប្រាស់​ហើយ នឹងកំពុងបញ្ចេញ​លក់ឱ្យប្រទេសនានាផងដែរ។ ល្ងាចនេះ សម្ដេច​បានណែនាំឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល​ពិភាក្សា​ជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខ​ភាពពិភពលោក ដើម្បីកំណត់ថាតើយើងគួរ​ទិញវ៉ាក់សាំងពីប្រទេសណា។

សម្ដេចតេជោបាន​គូសបញ្ជាក់ថា “ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រី​ក្រសួង​​សេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀម​ថវិកាសម្រាប់​ការ​ទិញ​១លានដូស (មួយលានដូស) ក្នុង​ដំណាក់​កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នក​ដែលធ្វើការ​នៅ​កន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ”។ សម្ដេចតេជោបានលើក​ឡើង​ថា  មួយលានដូសចាក់បាន​ត្រឹម​តែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុង​ពេល​យើង​មានប្រជាជន១៦​លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្ស​ប្រមាណ១០លាន​នាក់ត្រូវ​ការ​ចាក់វ៉ាក់សាំង។ សម្ដេចតេជោបានថ្លែងបន្ថែមថា ក្នុងស្ថានភាព​ដែលប្រទេសយើងនៅក្រ ខ្វះ​ថវិកាសម្រាប់ទិញបន្ថែម សម្ដេចក៏បានណែនាំរដ្ឋមន្ត្រីទាំង២រូប ឱ្យពិភាក្សាជាមួយដៃគូ​អភិវឌ្ឍន៍​ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយ​ដល់​ប្រជាជនយើង។

សម្ដេចតេជោក៏បានថ្លែងបញ្ជាក់ផងដែរថា យើងសង្ឃឹមថាដៃគូ​អភិវឌ្ឍន៍​របស់យើងនឹងផ្តល់​ជំនួយដល់​ប្រជាជនយើង ឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យឱ្យ​យើង។

សម្ដេចតេជោ​ក៏បាន​ណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកា សម្រាប់ទិញ​២ទៅ៣លាន​ដូស​ថែមទៀតផងដែរសម្រាប់ដំណាក់កាលបន្ទាប់៕

ដោយ៖ ជឹម ណារី

You do not have permission to write comment on this post.

Log in Register