កម្ពុជា និងចិន ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសោតទស្សន៍

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ –ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសោតទស្សន៍ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ។

  ភាគីទាំងពីរលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ តាមប្រព័ន្ធវីដេអូ ស្តីពី « កិច្ចសហប្រតិបត្តិការលើវិស័យសោតទស្សន៍ » រវាងក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំឡើងដោយក្រសួងព័ត៌មានកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

ភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ខណៈដែលភាគីចិន ដឹកនាំដោយ លោកជំទាវ Meng Dong អនុរដ្ឋមន្រ្តីរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងឆ្នាំ២០២០ និងពិភាក្សាអំពីផែនការសម្រាប់អនុវត្តនៅឆ្នាំ២០២១ មានដូចជា កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍ កិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរទៅវិញទៅមករបស់ប្រព័ន្ធផ្សព្វផ្សាយ ការបណ្តុះបណ្តាលដល់មន្ត្រីជំនាញ និងដំណើរទស្សនកិច្ចផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ និងការចែករំលែកបទពិសោធន៍អំពីសកម្មភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។

នៅក្នុងសេចក្តីថ្លែងចំណាប់អារម្មណ៍ ឯកឧត្តម កឹម គុណវឌ្ឍន៍ និង លោកជំទាវ Meng Dong បានលើកឡើងអំពីការអភិវឌ្ឍនៃវិស័យព័ត៌មាន និងសោតទស្សន៍ នៅក្នុងប្រទេសខ្លួន និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល ដែលទទួលបានពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសទាំងពីរ ដែលកិច្ចសហប្រត្តិបត្តិការនេះកាន់តែមានភាពជិតស្និទ្ធ ទោះបីក្នុងកាលៈទេសៈនៃការរីករាលដាល នៃជំងឺកូវីដ១៩ ក៏ដោយ។

ភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងជំរុញប្រព័ន្ធផ្សព្វផ្សាយឯកជន ឱ្យចូលរួមអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍ ឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

យោងតាមប្រសាសន៍ឯកឧត្តម កឹម គុណវឌ្ឍន៍ ប្រព័ន្ធផ្សព្វផ្សាយចិនដែលបានចុះបញ្ជិកានៅក្រសួងព័ត៌មានកម្ពុជា មានគេហទំព័រចំនួន ០៩ អង្គភាពទស្សនាវដ្តីចំនួន ០៣ កាសែត ០៦ អង្គភាព ព្រឹត្តិប័ត្រព័ត៌មាន ០១ អង្គភាព ទីភ្នាក់ងារសារព័ត៌មានចិន ០៦ អង្គភាព និងសមាគម ០១ អង្គភាព ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍ និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន បានប្រគល់ឧបករណ៍ Videotape Reader and Conversion for Digital Storage ចំនួន ០១ឈុត និងឯកសារស្តីពី Amphitrite and Silk Road Folk Craft ចំនួន 0២ ច្បាប់ ដល់ក្រសួងព័ត៌មានកម្ពុជា ដែលតំណាងដោយលោក លឹម សុភា លេខាធិការទី២ អមស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសចិន។

សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ ស្តីពី « កិច្ចសហប្រតិបត្តិការលើវិស័យសោតទស្សន៍ » រវាងក្រសួងព័ត៌មានកម្ពុជា និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន ចិន នឹងប្រព្រឹត្តិទៅនៅប្រទេសចិន នាឆ្នាំក្រោយ៕

ដោយ នីកា    រូបថត៖ ខឹម សុវណ្ណារ៉ា

You do not have permission to write comment on this post.

Log in Register