ម្រេចកំពត ទទួលបានការចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិនៅបណ្តាប្រទេសចំនួន៣២

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ — ម្រេចកំពតទទួលបានការចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិនៅបណ្តាប្រទេសចំនួន៣២ ក្រោមច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោន អំពីឈ្មោះប្រភពដើម ទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។

កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ “ម្រេចកំពត” ទទួលបានការចុះបញ្ជីការពារ ជាលក្ខណៈអន្តរជាតិនៅបណ្តាប្រទេសចំនួន៣២ ក្រោមច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រម ព្រៀងទីក្រុងលីស្បោនអំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដែលបានដឹក នាំក្រសួងពាណិជ្ជកម្មដាក់ពាក្យស្នើសុំចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ម្រេច កំពត” ជាលក្ខណៈអន្តរជាតិតាំងពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ មកម៉្លេះ ហើយចាប់ពីពេលនេះ តទៅ “ម្រេចកំពត” នឹងទទួលបានកិច្ចការពារស្របច្បាប់ មិនឱ្យភាគីទីបីប្រើប្រាស់ ដោយគ្មានការអនុញ្ញាត និងរំលោភបំពាននានា ចំពោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញក្នុង បណ្តាប្រទេសជាភាគីហត្ថលេខី។

មុននឹងឈានដល់ការចុះបញ្ជីនេះកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្រ្តីបានដឹកនាំគណៈប្រតិភូកម្ពុជាទៅកាន់ទីក្រុងហ្សឺណែវប្រទេសស្វីស ដើម្បី តម្កល់លិខិតុបករណ៍នៃការចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀង ទីក្រុងលីស្បោនអំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅ អង្គការកម្ម សិទ្ធិបញ្ញាពិភពលោក(WIPO) ដោយច្បាប់នេះបានចូលជាធរមាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ហើយការចូលជាសមាជិករបស់ប្រទេសកម្ពុជា នេះគឺជាការវិវឌ្ឍមួយក្នុងការធ្វើ សមាហរណកម្មកម្ពុជាបន្ថែមទៀតចូលទៅកាន់ប្រព័ន្ធអន្តរជាតិ ដែលអនុញ្ញាត ឱ្យកម្ពុជា ធ្វើការចុះបញ្ជីការពារឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្រ្ត ទំនិញរបស់ខ្លួនជា លក្ខណៈអន្តរជាតិ តាមរយៈពាក្យស្នើសុំតែមួយនៅ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក  ហើយទទួលបាននូវកិច្ចការពារជាលក្ខណៈអន្តរជាតិ នៅបណ្តាប្រទេសចំនួន៣២ ដែលជាភាគីហត្ថលេខី។

សូមបញ្ជាក់ផងដែរថា ក្នុងចំណោមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដទៃទៀត ក្រសួងពាណិជ្ជកម្មបានជ្រើសរើសយក “ម្រេចកំពត” ជាម៉ាកសម្គាល់ ភូមិសាស្រ្តទំនិញទី១ យកមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១០ ក្នុងគោលបំណងកសាងកេរ្តិ៍ឈ្មោះការធ្វើពិពិធកម្មទីផ្សារ និងទប់ស្កាត់ការក្លែងបន្លំ ទំនិញសម្គាល់ភូមិសាស្រ្ត“ម្រេចកំពត” នៅក្នុងតំបន់និងអន្តរជាតិហើយក្រសួងពាណិជ្ជកម្ម ក៏បានធ្វើការចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ“ម្រេចកំពត” នៅប្រទេសថៃ វៀតណាម និងនៅសហភាពអឺរ៉ុបផងដែរ៕

ដោយ ម៉ៅ ចរិយា

You do not have permission to write comment on this post.

Log in Register