អាជ្ញាធរជាតិអប្សរាព្រលែងសត្វឆ្មារដាវ១គូ និងសត្វកេងកងតូច១គូ ចូលក្នុងព្រៃធម្មជាតិ នៃតំបន់អង្គរ ហើយគ្រោងលែងសត្វទោចមកុដ១គូ ចុងក្រោយនាពេលឆាប់ៗនេះទៀត

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ — លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋាន គ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បន្ទាប់ពីគម្រោងដោះលែងសត្វព្រៃ ក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិ អប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ទទួលបានជោគជ័យជាបន្តបន្ទាប់រួចមក កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ គម្រោងនេះបានដឹកជញ្ជូនសត្វទោចមកុដ១គូទៀត ដែលជាគូចុងក្រោយ ពីមជ្ឈមណ្ឌលថែទាំ និងសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ មកផ្សាំក្នុងទ្រុងនៅជិតបឹងដូនមាក្បែរ ខ្លោងទ្វារដីឆ្នាំងខាងជើងក្រុងអង្គរធំ។ សត្វទោចមកុដគូចុងក្រោយនេះ  គ្រោងនឹងធ្វើការដោះលែងពីទ្រុងចូលទៅក្នុងព្រៃធម្មជាតិនៅឆាប់ៗខាងមុខ។

សត្វទោចមកុដជាសត្វរស់នៅជាគ្រួសារ មិនចូលជាមួយហ្វូងដទៃទេ ហើយ គ្រួសារនីមួយៗមានដែនត្រាច់ចររៀងៗខ្លួនពី៥ទៅ១០ហិកតា និងមិនត្រួតដែន ព្រៃគ្នាទេ។ ការកំណត់ទីតាំងក្រុមសត្វទោចមកុដទាំង៣គូកន្លងមក គឺមានគម្លាតពីគ្នា ២០០០ម៉ែត្រ ឯចំណុះព្រៃនៅក្នុងឧទ្យានអង្គរ អាចសម្រាប់តែ៤គ្រួសារប៉ុណ្ណោះ ចំពោះលំហព្រៃនៅ សេសសល់ គឺបម្រុងសម្រាប់កូនៗបែកពីមេ-បា។

កន្លងមកគម្រោងនេះបានដោះលែងរួចមកហើយនូវសត្វទោចមកុដចំនួន៣គូមានចំនួន១២ក្បាល (កើតកូនបានចំនួន៦ក្បាល) ដែលមានទីតាំងស្ថិតនៅក្បែរខ្លោងទ្វារតាកាវ ខ្លោងទ្វារខ្មោច ក្បែរប្រាសាទតានៃ និងមួយគូចុងក្រោយនេះក្បែរខ្លោងទ្វារដីឆ្នាំង។ នៅពេលជាមួយគ្នានោះ គម្រោងក៏បានដោះលែងសត្វឆ្មារដាវ (Leopard Cat) ចំនួន១គូ និងសត្វកេងកងតូច (Oriental Pied Hornbill) ចំនួន១គូដែរ ចូលក្នុងព្រៃធម្មជាតិ ក្រោយពីគម្រោងបានផ្សាំក្នុងទ្រុងអស់រយៈពេលជិត៣ខែមក។ ក្រៅពីនោះ កន្លងមកក៏មាន ការដោះលែងសត្វឈ្លូស៤ក្បាល សត្វស្វាព្រាម១២ក្បាល សត្វសំពោចក្រអូប៥ក្បាល និងសត្វភេខ្លួនរលោង៥ក្បាល ចូលក្នុងព្រៃអភិរក្សក្នុងរមណីយដ្ឋានអង្គរ។

ដើម្បីឱ្យសត្វព្រៃទាំងអស់នោះបន្តវត្តមាននៅក្នុងព្រៃធម្មជាតិ នៃរមណីយដ្ឋានអង្គរ យើងនឹងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វ ព្រៃក្នុងឧទ្យានអង្គរ សូមអំពាវនាវហើយអំពាវនាវទៀតជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងសូមកុំផ្តល់ចំណីឱ្យសត្វទាំងនោះ៕

ដោយ ឃុត សៅ

You do not have permission to write comment on this post.

Log in Register