រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ នៅកម្ពុជា ក្នុងមួយឆ្នាំៗ ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មបានចំណាយ ប្រមាណជាង៥០០ លានដុល្លារ ដើម្បីផ្សព្វផ្សាយ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ –ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា នៅកម្ពុជា ក្នុងមួយឆ្នាំៗ ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បានចំណាយថវិកាប្រមាណជាង ៥០០ លានដុល្លារអាម៉េរិក ដើម្បីធ្វើការផ្សព្វផ្សាយ ហើយបើសិនជាបណ្តាប្រព័ន្ធផ្សព្វផ្សាយណាចេះបង្កើតកម្មវិធីដែលមានអ្នកគាំទ្រ និងទស្សនាច្រើន នឹងអាចទាក់ទាញក្រុមហ៊ុនផ្សាយពាណិជ្ជកម្មទាំងនោះ មកផ្សាយបាន ហើយទទួលបានចំណូលខ្ពស់ថែមទៀតផងដែរ។ ការលើកឡើងរបស់ ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសេវាព័ត៌មានអប្សរា  Apsara Media Services  (AMS) ជួបសម្ដែងការគួរសម និងធ្វើការជម្រាបជូនពីវឌ្ឍនភាពការងារ ក្នុងការកែទម្រង់ទៅលើស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ក៏ដូចជាការបង្កើតសេវាកម្មផ្សេងៗទៀត ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធប្រទេសកម្ពុជា ព្រមទាំងការផ្សាយនៅក្នុងប្រទេស និងបញ្ជូនទៅក្រៅប្រទេសថែមទៀត នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានសម្ដែងនូវការគាំទ្រចំពោះសកម្មភាពការងារផ្សព្វផ្សាយរបស់ក្រុមហ៊ុនសេវាព័ត៌មានអប្សរា  Apsara Media Services  ដែលទើបបង្កើតឡើង តែមានការផ្សព្វផ្សាយបានទូលំទូលាយ តាមប្រព័ន្ធផ្សព្វ ផ្សាយជាច្រើន ដើម្បីឱ្យសាធារណជនបានដឹង។ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ បុគ្គលិក សហការី ទាំងអស់នៃក្រុមហ៊ុនសេវាព័ត៌មានអប្សរា  Apsara Media Services  ធ្វើយ៉ាងណាពង្រឹងស្មារតី សាមគ្គីភាពគ្នាឱ្យបានល្អ ហើយខិតខំរកនូវអ្វីដែលថ្មី ប្លែក និងមានការចូលចិត្តស្តាប់ និងទស្សនាច្រើន ក្នុងពេលបច្ចុប្បន្ន ដើម្បីជាការទាក់ទាញអតិថិជនបានច្រើន គឺនឹងទទួលបានការគាំទ្រពីម្ចាស់ឧបត្តម្ភផ្សេងៗ ទើបអាចឱ្យក្រុមហ៊ុននេះទទួលបានជោគជ័យ និងដំណើរការទៅមុខបានរហូត។

លោកជំទាវ ឌិត នីតា បានគូសបញ្ជាក់ថា ជាទិសដៅរបស់ក្រុមហ៊ុនសេវាព័ត៌មានអប្សរា បានធ្វើការផ្សព្វផ្សាយអំពីបញ្ហាសេដ្ឋកិច្ច សង្គម វប្បធម៌ នយោបាយ ជាដើមទៅកាន់សាធារណជន និងប្រជាពលរដ្ឋនៅខាងក្រៅប្រទេស តាមរយៈមធ្យោបាយដែលខ្លួនមាន ដូចជា App ក្នុងនោះមានទាំងវិទ្យុ ទូរទស្សន៍ គេហទំព័រ និងមធ្យោបាយផ្សេងៗទៀត ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិតប្រាកដ សម្រាប់ជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយនូវរាល់សមិទ្ធផលការងារ ក៏ដូចជាកិច្ចការងារដែលរាជរដ្ឋាភិបាលសម្រេចបាន សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ លោកជំទាវបន្ដថា Apsara Media Services បានផ្តោតលើការផ្សព្វផ្សាយ ជាសំខាន់លើការអប់រំ ការងារសេដ្ឋកិច្ច បរិស្ថាន ផ្សេងៗ ក៏ដូចជាខ្លឹមសារសម្រាប់ឱ្យសាធារណជន និងប្រជាពលរដ្ឋបានទទួលទាំងអស់គ្នា។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនសេវាព័ត៌មានអប្សរា  Apsara Media Services  មានបុត្រសម្ព័ន្ធច្រើន ដូចជា វិទ្យុ និងទូរទស្សន៍អប្សរា អនឡាញ អប្សរាសង់ត្រាល់ ក៏ដូចជាផ្នែកផ្សព្វផ្សាយមួយចំនួនទៀត ដែលបានដើរតូនាទី ក្នុងការចូលរួមចំណែកក្នុងសកម្មភាពការងារផ្សព្វផ្សាយអំពីកម្មវិធីប្រវត្តិសាស្រ្ត វប្បធម៌ កម្មវិធីកីឡា កម្សាន្ត កម្មវិធីត្រាម៉ា សម្រាប់យុវជន បែបកំប្លែង សប្បាយ ជាពិសេសផ្សាយពីអ្វីដែលរាជរដ្ឋាភិបាល បានធ្វើនិងអនុវត្តន៍បានជាច្រើនលើគ្រប់ផ្នែកគ្រប់វិស័យ៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា

You do not have permission to write comment on this post.

Log in Register