អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ការធ្វេសប្រហែល និងមើលស្រាល របស់បុគ្គល ពាក់ព័ន្ធនឹងការចម្លងវីរុសកូវីដ-១៩ គឺជាហានិភ័យនៃសង្គមជាតិទាំងមូល

Please log in or register to like posts.
ព័ត៌មាន

ភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ –លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានរម្លឹកជាថ្មីថា ការធ្វេសប្រហែស ឬមើលស្រាល របស់បុគ្គលណាមួយ ពាក់ព័ន្ធនឹងការចម្លងជំងឺកូវីដ-១៩ គឺជាហានិភ័យ នៃសហគមន៍ និងសង្គមជាតិទាំងមូល។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ពាក់ព័ន្ធទៅនឹងការចាប់ផ្តើមធ្វេសប្រហែសសារជាថ្មី របស់ប្រជាពលរដ្ឋកម្ពុជាមួយចំនួន បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានធូរស្រាលនោះ លោកជំទាវវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ៖ “ខ្ញុំសុំជម្រាបជូនថា ការធ្វេសប្រហែសរបស់បុគ្គលនឹងអាចនាំមកនូវការចម្លងវីរុសកូវីដ-១៩ ទៅក្នុងគ្រួសារ និងក្នុងសហគមន៌ដោយមិនដឹងខ្លួន។ ដូច្នេះ ការខិតខំអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងចេះកែប្រែឥរិយាបទរបស់ខ្លួន សម្រាប់ការរស់នៅធម្មតាតាមបែបគន្លងថ្មី  ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាភារកិច្ចរបស់បុគ្គលម្នាក់ៗ ដែលត្រូវតែអនុវត្តជាចាំបាច់បំផុត”។

លោកជំទាវបានបន្ថែមថា យើងមិនត្រូវមើលស្រាលទៅលើលទ្ធភាពចម្លងដ៏រហ័ស នៃវីរុសកូវីដ-១៩ និងភាពធ្ងន់ធ្ងររបស់ជំងឺនេះឡើយ ដែលជំងឺនេះអាចកើតមានឡើងគ្រប់កាល:ទេស: គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ទៅបុគ្គលដែលមិនបានការពារខ្លួនត្រឹមត្រូវតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងរបស់ក្រសួងសុខាភិបាល ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវវេជ្ជបណ្ឌិត ក៏បានសំណូមពរ និងអំពាវនាវដ៏ទទូច សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការ “៣ការពារ”  ទី១ គឺពាក់ម៉ាស នៅពេលចេញក្រៅ ឬក្នុងករណីចាំបាច់ ទី២ គឺត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ ឬអាល់កុល ឬជែល ទី៣ គឺត្រូរក្សាគម្លាតសុវត្ថិភាពរវាងបុគ្គលទៅបុគ្គល ពីមួយម៉ែត្រកន្លះឡើង និងវិធានការ ៣កុំ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្លាប់បានអំពាវនាវរួចមកហើយ ទី១ កុំទៅកន្លែងមានមនុស្សច្រើន ទី២ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើន និងទី៣ កុំប៉ះពាល់គ្នា ដូចជាពេលជួបគ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកកគ្នា ជាដើម។

លោកជំទាវក៏បានជូនពរឆ្នាំថ្មី ឆ្នាំសាកល២០២១ ខាងមុខនេះ  សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងចៀសផុតពីការចម្លងវីរុសកូវីដ-១៩ គ្រប់ៗគ្នា។  សូមឱ្យការភ័យ មានតែមួយឆ្នាំ២០២០ និងមានជោគជ័យឈ្នះកូវីដ-១៩ នៅឆ្នាំ២០២១។

គួររម្លឹកផងដែរថា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីជូនដំណឹងមួយផងដែរ ដោយសង្កត់ធ្ងន់ថា បើទោះបីស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ស្ថិតនៅក្នុងការគ្រប់គ្រងបានល្អប្រសើរក៏ពិតមែននាពេលបច្ចុប្បន្ននេះ ដែលពាក់ព័ន្ឋនឹង “ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា” ដោយមានអ្នកជាសះស្បើយជាបន្តបន្ទាប់ និងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មិនមានរកឃើញអ្នកឆ្លងថ្មីបន្ថែមទៀតក៏ពិតមែន ក៏ប៉ុន្តែស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩នៅបណ្តាប្រទេសលើសកលលោក និងនៅក្នុងតំបន់គឺមិនទាន់មានការធូរស្បើយនៅឡើយទេ ព្រមទាំងបាន និងកំពុងមានការផ្ទុះឡើងវិញនៅបណ្តាប្រទេសជាច្រើន ដូចជាមានការផ្ទុះឡើងនូវការចម្លងវីរុសកូវីដ-១៩នៅក្នុងសហគមន៍ ក្នុងខេត្តសាមុតសាខន ប្រទេសថៃ នាពេលថ្មីៗនេះ ដែលចំនួនអ្នកឆ្លងគិតត្រឹមថ្ងៃនេះ មានប្រមាណជា ៧០០នាក់ហើយ ហើយជាក់ស្តែងយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ករណីជំងឺកូវីដ-១៩សរុបនៅលើសកលលោកមាន ៧២ ២៩៩ ០៤២ នាក់ ក្នុងនោះមានអ្នកស្លាប់សរុបមានប្រមាណ ១ ៦៦៩ ៩៨២ នាក់ គិតត្រឹមល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។

តាមរយៈសេចក្តីប្រកាសព័ត៌មាននោះ ក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ នៅក្នុងទ្រង់ទ្រាយតូចក្តី ឬ ធំក្តី ជាពិសេសនាអំឡុងពេលបុណ្យគ្រីសម៉ាស់ ពេលឆ្លងឆ្នាំសាកលថ្មី និងសម្រាប់ឆ្នាំ២០២១ ខាងមុខ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំក៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ដែលបានថ្លែងទៅកាន់ជនរួមជាតិ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ និងការណែនាំនានារបស់ក្រសួងសុខាភិបាល៕

ដោយ ផែន រតនៈ

You do not have permission to write comment on this post.

Log in Register