ក្រុមជម្រើសជាតិទ្រីយ៉ាត្លុងបន្តការហ្វឹកហាត់ ប៉ុន្តែសិទ្ធផលធ្លាក់ចុះខ្លាំង

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ — អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោក ងិន សុខបញ្ញា បញ្ជាក់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ថា នៅក្នុងស្ថាន ភាពកូវីដ-១៩ នេះ ក្រុមជម្រើសជាតិទ្រីយ៉ាត្លុងនៅតែបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ប៉ុន្តែសិទ្ធផលរបស់ពួកគាត់បានធ្លាក់ចុះយ៉ាងខ្លាំង មិនដូចការហ្វឹកហាត់លក្ខណៈ ប្រមូលផ្តុំជា មួយគ្រូបង្វឹកដោយផ្ទាល់នោះទេ។

លោកអគ្គលេខាធិការបន្ថែមថា បច្ចុប្បន្ន ក្រុមជម្រើសជាតិទ្រីយ៉ាត្លុ ងមានកីឡាករឈុតធំ៨នាក់ និងក្រុមឈុត ថ្នាល៨នាក់ និងគ្រូបង្វឹក គ្រូជំនួយ៤នាក់ ដែលកីឡាករ កីឡាការិនីទាំងអស់ហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួនលើផ្នែកកម្លាំងកាយ ហើយក្រៅពីនេះមានកម្មវិធីហ្វឹកហាត់បំបែកជាក្រុមតូចៗ ដោយហាត់ហែលទឹកនៅ ពហុកីឡដ្ឋានជាតិមរតតេជោ ហាត់ជិះកង់នៅតាមផ្លូវជាតិលេខ៦។ ការរៀបចំ កម្មវិធីហ្វឹកហាត់ជាក្រុមតូចនេះ គឺអាស្រ័យដោយអនុវត្តតាម ការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ក្នុងពេលដែលសកម្មភាពកីឡា មិនទាន់ត្រូវបានអនុញ្ញាតឱ្យមានការប្រមូលផ្តុំឡើងវិញ។

សម្រាប់ក្រុមជម្រើសជាតិមិនអាចសម្រាកអសកម្មនោះទេ គឺត្រូវតែបន្តការហ្វឹក ហាត់ជាប់ជាប្រចាំ ទោះបីជាហ្វឹកហាត់ដោយខ្លួនឯងនៅតាមផ្ទះក្តី ក៏ត្រូវតែអនុវត្តដែរ ដើម្បីថែរក្សាគុណផលកម្លាំងកាយ និងគុណភាពកុំឱ្យធ្លាក់ចុះខ្លាំងពេក។

លោក ងិន សុខបញ្ញា អះអាងថា នៅឆ្នាំ២០២១ខាងមុខ ពេលប្រមូលផ្តុំកីឡាករ កីឡាការិនីជម្រើសជាតិថ្មី កីឡារខ្លះត្រូវប្តូរចេញ ឬកាត់ចោល ដោយអាស្រ័យទៅលើ ការពិនិត្យលើវិន័យហ្វឹកហាត់ និងបច្ចេកទេស ក្នុងគោលបំណងពង្រឹងគុណភាព ឱ្យកាន់តែប្រសើរ ដើម្បីត្រៀមចូលរួមប្រកួតអន្តរជាតិ ជាពិសេសគឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាខែវិច្ឆកា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ខណៈការប្រកួតកីឡាទ្រីយ៉ាត្លុងអន្តរជាតិ នានាត្រូវបានលុបចោល ក្នុងឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ទ្រីយ៉ាត្លុងគឺជាប្រភេទកីឡាអូឡាំពិក ដែលមានវិញ្ញាសាចំនួន៣បូក បញ្ចូលគ្នា គឺរត់ ជិះកង់ និងហែលទឹក។ ប្រភេទកីឡាទ្រីយ៉ាត្លុង (Triathlon) មាន៣វិញ្ញាសាធំៗ ១-ទ្រីយ៉ាត្លុង មានហែលទឹក ១៥០០ម៉ែត្រ បូកជិះកង់ ៤០គីឡូម៉ែត្រ និងបន្តរត់១០គីឡូម៉ែត្រ។ ២-ឌូយ៉ាត្លុង (Duathlon) រត់១០គីឡូម៉ែត្រ បូកជិះកង់៤០គីឡូម៉ែត្រ និងបន្តរត់៥គីឡូម៉ែត្រ។ ទី៣-វិញ្ញាសាអាគ័រត្លុង (Aquathlon) រត់២,៥គីឡូម៉ែត្រ បូកហែលទឹក១០០០ម៉ែត្រ និងបន្តរត់ ២,៥គីឡូម៉ែត្រ ដែលទាំងអស់នេះគឺជាកំណត់ចម្ងាយនៃការប្រកួតស្តង់ដារអន្តរជាតិ៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register