CAMSOC ប្រកាសថា ចាប់ពីឆ្នាំ២០២១តទៅ នឹងចាប់ផ្តើមធ្វើការសម្រុកឆ្ពោះទៅស៊ីហ្គេម ២០២៣

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ –ចាប់ពីឆ្នាំ២០២១តទៅ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី​៣២ ឆ្នាំ២០២៣ (CAMSOC) ដែលមានគណៈកម្មការជំនាញចំនួន១៤​ក្រោមឱវាទរបស់ខ្លួន នឹងត្រូវចាប់ផ្តើមធ្វើសកម្មភាពការងារសម្រុកយ៉ាងសកម្ម ដើម្បីសម្រួចគោលដៅឱ្យ​បានរួច​រាល់ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និង​អាស៊ានប៉ារ៉ាហ្កេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣។ នេះជាការលើកឡើង របស់​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំ ក្រោមការដឹកនាំ​អង្គ​ប្រជុំ ប្រចាំសប្តាហ៍ពីឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC នាព្រឹក​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយពី​សម្រាកមួយរយៈដោយសារវិបត្តិជំងឺកូវីដ-១៩។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា ឆ្នាំ២០២១ គឺជា​ឆ្នាំចាប់ផ្តើមឆ្ពោះទៅទទួលរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលយើងមានផែនការច្បាស់លាស់ក្នុងការរៀបចំ ការហ្វឹកហាត់​ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ឱ្យទទួលបានជោគជ័យ។ ឯកឧត្ដមបញ្ជាក់ថា គណៈកម្មការជំនាញ​ទាំង១៤នៃCAMSOCនឹងចាប់ផ្តើមធ្វើការងារ ចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តាមផែន​ការរបស់ខ្លួន ដើម្បីឱ្យទាន់ពេលវេលា។ ជាមួយគ្នានេះ ចាប់ពីពេលនេះតទៅ គ្រប់គណៈ​កម្មការ​​ជំនាញទាំងអស់ត្រូវធ្វើការយ៉ាងសកម្ម ដើម្បីឱ្យប្រាកដប្រជាថា ដល់ឆ្នាំស៊ីហ្គេម ២០២៣ អ្វីៗទាំងអស់ត្រូវរួចរាល់គ្រប់ជ្រុងជ្រោយទាំងអស់ ដូចជាកម្មវិធីរត់ភ្លើងគុបនៅ​កម្ពុជា និងនៅបណ្តាប្រទេសអាស៊ាន, ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ, ការប្រកួតមុន​ស៊ីហ្គេមជាដើម ដោយឆ្នាំ២០២១ និងឆ្នាំ២០២២ គឺជាឆ្នាំពិសេសក្នុងការត្រៀមខ្លួនឱ្យ​បាន​រួចរាល់។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា នៅក្នុងកិច្ចប្រជុំថ្ងៃនេះក៏ទទួលបានលទ្ធផលល្អ​ប្រសើរ ដោយគណៈកម្មការជំនាញទាំងអស់បានយល់ច្បាស់ពីផែនការយុទ្ធសាស្ត្រ​រៀងៗ​ខ្លួន ដើម្បីសម្រុកធ្វើសកម្មភាពការងារទៅតាមដំណាក់កាលនីមួយៗប្រកបដោយភាព​ច្បាស់​លាស់ ការទទួលខុសត្រូវខ្ពស់ ស្របតាមការការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ហើយយើងនឹងធ្វើរបាយការណ៍ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។ ក្រោយបញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំក្នុងគណៈកម្មការជំនាញទាំងអស់ បានដើរពិនិត្យការិយាល័យនានា ក៏ដូចជា​បានទៅមើលការិយាល័យទូរទស្សន៍ឯកទេសកីឡា CSTV ដែលជាទូរទស្សន៍ជំនាញ ក្នុង​ការ​ផ្សព្វ​ផ្សាយរួមដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជា​ណាចក្រកម្ពុជាយើងផងដែរ។

“អ្វីដែលសំខាន់នៅពេលនេះ គឺយើងមិនដើរថយក្រោយទេ ពោលគឺយើងត្រូវតែដើរ​ឆ្ពោះ​ទៅមុខយ៉ាងសកម្ម ប្រកបដោយភាពជឿជាក់ ដោយពីឆ្នាំ២០២១រហូតដល់ឆ្នាំស៊ីហ្គេម ២០២៣ គឺរួចហើយជាស្រេច ក្នុងពេលដែលហ្គេម បានចាប់ផ្តើម។ ឥឡូវនេះគឺយើង​បាន​ធ្វើការតាមប្រក្រតីទិនការងារ ស្របទៅតាមបរិបទថ្មី នៃស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ដោយ​តាម​អនុសាសន៍ឯកឧត្តមបណ្ឌិត ថោង ខុន បានណែនាំឱ្យធ្វើអនាម័យជាប់ជាប្រចាំ នៅ​តាម​ការិយាល័យធ្វើការ ឯកសារនានា និងការងារមួយចំនួនអាចធ្វើការតាមប្រព័ន្ធ​តេឡេ ក្រាមក្នុងក្រុមជាដើម ដែលបរិបទថ្មីនៃការងារ នេះអាចជួយជំរុញឱ្យកិច្ចការនានាដំណើរ ការបានដោយរលូន។​” នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន៕

ឯកឧត្ដម វ៉ាត់ ចំរើន បានឱ្យដឹងទៀតថា នៅក្នុងទម្រង់បែបបទការងារថ្មីនេះ យើង​អនុញ្ញាតឱ្យអ្នកប្រចាំការផ្នែករដ្ឋបាលត្រឹមតែ០៣នាក់ទេ នៅក្នុងគណៈកម្មការ​ជំនាញ​នីមួយៗ ខណៈសមាជិកថ្នាក់ដឹកនាំ មន្ត្រីស្ម័គ្រចិត្តនៅក្នុងក្រុមនីមួយមាន១០នាក់ ២០នាក់ និងរហូតដល់ជាង៣០នាក់ក៏មាន ដែលនេះគឺជាវិធានការចូលរួម ទប់ស្តាត់ការរីករាល​ដាល​ជំងឺកូវីដ-១៩ផងដែរ៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register