ក្រសួងអប់រំ៖ ជ័យលាភី៣ប្រភេទកីឡា ទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាល​កម្ពុជា​សរុបចំនួន ១ ៤៣១ លានរៀល

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ — ក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ចំនួន ១ ៤៣១ លានរៀលប្រគល់ជូនដល់គ្រូបង្វឹកកីឡាករ-កីឡាការិនី ចំនួន៣ប្រភេទកីឡា ដែលដណ្ដើម បានមេដាយក្នុងព្រឹត្តិការណ៍អន្ដរជាតិ កាលពីឆ្នាំ២០១៩ ដូចជាកីឡាតុងហ្គីលម៉ូតូ កីឡា វ៉ូវីណាម និងកីឡាប៉េតង់។

ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ដែលបានធ្វើឡើងនៅ​មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ដោយមានការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ប៊ូ ជុំសេរី និង​ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួង​អប់រំ យុវជន និងកីឡា រួមទាំងមន្ដ្រី​ក្រោមឱវាទ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី​ជ័យ​លាភី​ផងដែរ ។

សម្រាប់ជ័យលាភីប្រភេទកីឡាតុងហ្គីលម៉ូដូបានចូលរួមប្រកួតជ្រើសរើសជើងឯកពិភពលោក នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០១៩ ដែលមាន២១ប្រទេសចូលរួម។ ជាលទ្ធផល កម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធិ ៣​គ្រឿង ស្មើនឹងជ័យលាភី ៣នាក់ ទទួលបានប្រាក់រង្វាន់សរុប ៥២លានរៀល។ កីឡាវ៉ូ​វី ណាម បានចូលរួមជើងឯកពិភពលោក លើកទី៦ នៅកម្ពុជា ពីថ្ងៃទី១៦-២២ ខែធ្នូ ឆ្នាំ២០១៩ មាន ២៤ប្រទេសចូលរួម។ ជាលទ្ធផលកម្ពុជាទទួលបានមេដាយមាស ៩គ្រឿង ស្មើនឹងជ័យ​លាភី ២៥នាក់ មេដាយប្រាក់ ១០គ្រឿង ស្នើនឹងជ័យលាភី ១៥នាក់ និង​មេដាយសំរឹទ្ធិ ៩គ្រឿង ស្នើជ័យលាភី ២៣នាក់ទទួលបានប្រាក់រង្វាន់សរុប ១ ១២១ លាន​រៀល។ ចំពោះ​កីឡាប៉េតង់ បានចូលរួមប្រកួតជើងឯកអាស៊ី លើកទី៣ នៅវៀតណាម ចាប់​ពីថ្ងៃទី១៨-២២ ខែធ្នូ ឆ្នាំ២០១៩ មាន ១១ប្រទេសចូលរួម ។ ជាលទ្ធផលកម្ពុជា​ដណ្ដើម​បាន​មេដាយមាស ៤គ្រឿង ស្នើនឹងជ័យលាភី១០នាក់ មេដាយប្រាក់ ១គ្រឿង ស្មើនឹងជ័យ​លាភី ៣នាក់  និងមេដាយសំរឹទ្ធិ ១គ្រឿង ស្នើនឹងជ័យលាភី ១នាក់ ដែលទទួលបានប្រាក់​រង្វាន់​សរុប ២៥៨​លានរៀល ៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register