មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ក្រុមមេធាវី​ក្រសួងព័ត៌​មាន នឹងរៀបចំជាផែនការ សម្រាប់ បណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន មន្ត្រីតាមមន្ទីរព័ត៌មានរាជធានី ខេត្ដ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ –ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការនីតិកម្ម នៃក្រសួង​ព័ត៌មានបានគូសបញ្ជាក់ថា សម្រាប់ការងារបន្ទាប់ទៅមុខទៀតនេះ ក្រុមមេធាវី​ក្រសួងព័ត៌​មាន នឹងរៀបចំជាផែនការយុទ្ធសាស្ត្រក្នុងការបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន មន្ត្រីមន្ទីរព័ត៌មាន តាមបណ្តាខេត្ត រាជធានី ដើម្បីឱ្យមានការយល់ដឹងអំពីបញ្ហាច្បាប់​នៃ​របបសារព័ត៌មាន ឱ្យបានកាន់តែស៊ីជម្រៅ យល់ដឹងពីច្បាប់ស្តីពីសិទ្ធិបុគ្គល ច្បាប់នៃការ​ផ្សព្វ​ផ្សាយ កិច្ចសហប្រតិបត្តិការ ច្បាប់ព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ជាដើម។ ការគូស​បញ្ជាក់​នេះក្នុងពិធីបើកកិច្ចប្រជុំស្តីពីការប្រកាសសមាសភាព ប្រធាន អនុប្រធាន សមាជិក សមាជិកា និងតួនាទីភារកិច្ចមេធាវីប្រចាំក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្តម សុខ ប្រសិទ្ធិ បានសម្ដែងនូវការគាំទ្រចំពោះមតិប្តេជ្ញាចិត្តរបស់​មេធាវី​ទាំង​អស់ប្រចាំក្រសួងព័ត៌មាន ដែលបានបញ្ជាក់ពីជំហរក្នុងការបន្តកិច្ចការងារផ្លូវច្បាប់ ការពារ ប្រយោជន៍ក្រសួងព័ត៌មាន កិច្ចការតាមបណ្តាខេត្ត រាជធានី ក្នុងការជួយសម្របសម្រួល ពាក់ព័ន្ធទៅនឹងមន្រ្តីក្រោមឱវាទក្រសួងព័ត៌មាន ឬប្រជាជនដែលងាយរងគ្រោះដោយ អំពើ​អយុត្តិធម៌ណាមួយ ។ ឯកឧត្ដមបានលើកឡើងថា អ្នកសារព័ត៌មានគឺជាកញ្ចក់ឆ្លុះបញ្ចាំងពី​សង្គមក៏មែនពិត ប៉ុន្តែនៅពេលបំពេញការងារដែលមិនស្របនឹងច្បាប់ ក៏ដូចជាទិដ្ឋភាព​សង្គម គឺបានបង្កជាបញ្ហាកើតឡើង។ ឯកឧត្ដមរដ្ឋលេខាធិការបានចាត់ទុកថា ប្រការនេះ​គឺទាមទារឱ្យមានការបណ្តុះបណ្តាល លើ​ផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន បានយល់ដឹង​ច្បាស់​លាស់ ដើម្បីចៀសវាងបណ្តឹង​កើត​មាន​ឡើង សម្រាប់អ្នកសារព័ត៌មាន ដែលបាន​បំពេញតូនាទីប្រកបដោយ វិជ្ជាជីវៈត្រឹមត្រូវពិតប្រាកដ ហើយនឹងត្រូវទទួលបានការការពារ​ពីមេធាវីស្របតាមផ្លូវ ច្បាប់ថែមទៀតផងដែរ។

បើតាមឯកឧត្តម ជា កែវចិន្តា ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងព័ត៌មាន បានអាននូវសេចក្តីសម្រេចស្តីពីការបែងចែកភារកិច្ច ជូនមេធាវី ក្រសួង ព័ត៌មានត្រូវ ដែលមាន លោកស្រី មេធាវី ផាន់ សម្ពស្ស ជាប្រធាន និងមាន អនុប្រធាន ១ រូប សមាជិក ៧ រូប។ មេធាវីក្រសួង ព័ត៌មាន បង្កើតឡើងដើម្បីជាជំនួយការ ក្នុងកិច្ចការងារ ច្បាប់ សម្របសម្រួល បណ្តឹងពាក់ព័ន្ធ ផលប្រយោជន៍ នានាស្ថិតក្រោមក្រសួងព័ត៌មាន។ មេធាវី ស្ម័គ្រចិត្ត ក្រសួងព័ត៌មានទំាង ៩ រូប ដែលត្រូវធ្វើការបែងចែក ភារកិច្ចទទួលបន្ទុក កិច្ចការងារប្រចាំខេត្ត រាជធានី ក្នុងនោះរួមមាន មេធាវី ហាវ ស៊ីណាត មេធាវី តាន់ សុភា ទទួលបន្ទុកខេត្ត ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ។ មេធាវី ផាន់ សម្ពស្ស មេធាវី សែង សុភិន ទទួលបន្ទុក ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ និង​ខេត្ដព្រះវិហារ។ មេធាវី ហាវ ស៊ីណាត មេធាវី ឈួន យូផា ទទួលបន្ទុក ខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងខេត្ដត្បូងឃ្មុំ។ មេធាវី ផាន់ សម្ពស្ស មេធាវី ហេង ច័ន្ទសុត្រា ទទួលបន្ទុកខេត្ត ព្រះស៊ីហនុ និងកោះកុង។  ជាមួយគ្នានេះដែរ ក្រុមមេធាវីប្រចាំក្រសួង​ព័ត៌​មាន​ទាំងនេះ គឺបាន​បង្កើតឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្របតាមអនុសាសន៍ របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

លោកស្រី ផាន់ សម្ពស្ស ក្នុងនាមមេធាវីប្រចាំក្រសួងព័ត៌មានបាន​ធ្វើការប្តេជ្ញា​ចិត្ត​ដើម្បីរួមគ្នាបំពេញកិច្ចការងារឱ្យបានល្អ ធ្វើយ៉ាងណារួមសហការគ្នាជាមួយថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មានលើការអនុវត្តន៍​ច្បាប់ ការជួយគ្នាទៅវិញទៅមក តាមផ្លូវច្បាប់ ខណៈពេល​មន្ត្រីក្រសួងព័ត៌មាន មានបញ្ហាអ្វី​កើតមានឡើង៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា

You do not have permission to write comment on this post.

Log in Register