គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបសម្រេចបានចំនួន៣៥ភាគរយ ហើយ

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ — ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីបានចាប់ផ្តើមចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មកម្លេះ ដែលមានរយៈពេល ៣៦ ខែ ហើយបើគិតមកដល់ពេល​នេះ​គម្រោងសាងសង់នេះគឺសម្រេចបានចំនួន៣៥ភាគរយហើយ ដែលនឹងគ្រោងបញ្ចប់​នៅថ្ងៃ​ទី១៤ ខែមីនា ឆ្នាំ២០២៣ ខាងមុខ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ក្នុងឱកាសឯកឧត្តម នាយ​ឧត្តម​សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍​ស៊ីវិល បានដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យការសាងសង់អាកាស​យាន​ដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នាព្រឹកថ្ងៃ ពុធ ៩ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ នៅខេត្ដសៀមរាប។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានធ្វើការកោតសរសើរដល់ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលបានធ្វើការសាងសង់ អាកាស​យានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី តាមផែនការដែលបានគ្រោងទុក។ ឯកឧត្តមបណ្ឌិត​រដ្ឋមន្ត្រីបានលើកឡើងថា ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប នឹងទទួលបាននូវ​អា​កាស​យានអន្តរជាតិថ្មីមួយនាឆ្នាំ២០២៣ ឆាប់ៗខាងមុខ ដែលនឹងចូលរួមចំណែកក្នុង​​ការ​​​​ ទាក់​ទាញភ្ញៀវទេសចរមកទស្សនាក្នុងខេត្តសៀមរាប សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ការ​បង្កើនការងារ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋ និងរួមចំណែកការអភិវឌ្ឍសង្គម​ប្រកបដោយចីរភាព។

សូមបញ្ជាក់ផងដែរថា ក្នុងបេសកកម្មការងាររបស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ដើម្បីចុះត្រួតពិនិត្យមើលការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ ផងដែរ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. បានធ្វើបទបង្ហាញ ទាក់ទងនឹងផែនការសាងសង់អាកាសយានដ្ឋានទាំងមូល រាយការណ៍អំពីវឌ្ឍនភាព គម្រោងសាងសង់អាកាសយានដ្ឋានឆ្នាំ២០២០ ផែនការសាងសង់អាកាសយានដ្ឋាន ឆ្នាំ ២០២១ និងវិធានការត្រួតពិនិត្យ និងការបង្ការជំងឺឆ្លងកូវីដ១៩ ចំពោះបុគ្គលិក និងកម្មករ​ដែលធ្វើការក្នុងគម្រោងសាងសង់អាកាសយានដ្ឋានទាំងមូល៕

 

ដោយ ឡុង ស៊ីវ៉ាន់ ប្រភព៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍​ស៊ីវិល

You do not have permission to write comment on this post.

Log in Register