សម្ដេចតេជោនាយករដ្ឋមន្ត្រី ចេញបទបញ្ជា ជាថ្មីម្តងទៀតដល់អាជ្ញាធរមូលដ្ឋាន និងអ្នក ពាក់ព័ន្ធទាំងអស់ អនុវត្តការងារកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ជុំទី៤ ឱ្យបានត្រឹមត្រូវ

Please log in or register to like posts.
ព័ត៌មាន

 AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញបទបញ្ជាជាថ្មីម្តងទៀត ដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំបំពេញការងារនេះឱ្យបានត្រឹមត្រូវ ច្បាស់លាស់ មានតម្លាភាព គណនេយ្យភាព និង ប្រកាន់ខ្ជាប់នូវយុត្តិធម៌បំផុត។
  នៅលើផេកផ្លូវការរបស់សម្ដេចតេជោនា ថ្ងៃទី ២៣ ខែធ្នូឆ្នាំ២០២០ បានសរសេរថា កាលពីថ្ងៃអង្គារ៍ ទី១៥ ខែធ្នូ កន្លងទៅថ្មីៗនេះ ក្នុងអំឡុងពេលថ្លែងសារពិសេសទាក់ទិននឹងបញ្ហាជំងឺកូវីដ-១៩ និងវាក់សាំងការពារកូវីដ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាបាល បានសម្រេចឱ្យបន្តការអនុវត្ត “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ជុំទី៤ ចំនួន ៣ខែ បន្ថែមទៀត គឺសម្រាប់ ខែមករា ខែកុម្ភៈ និង ខែមីនា ឆ្នាំ២០២១។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចបន្តផ្តល់ការឧបត្ថម្ភ ពីព្រោះដោយមើលឃើញថា កម្មវិធីនេះពិតជាកំពុងបានចូលរួមចំណែកក្នុងលើកស្ទួយ និងរក្សាលំនឹងជីវភាពរបស់បងប្អូនប្អូនប្រជាពលរដ្ឋ និងកូនក្មួយនៅក្នុងអំឡុងពេលដ៏លំបាកនេះ ហើយក៏ដោយសារតែជំងឺកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយ។ សម្តេចតេជោបន្តថា ចាប់តាំងពីការចាប់ផ្តើមបើកប្រាក់ឧបត្ថម្ភលើកដំបូងមក ការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះសម្តេចតេជោចង់ផ្តល់សាច់ប្រាក់នេះឱ្យដល់ដៃគ្រួសារក្រីក្រ និងមានការលំបាកពិតប្រាកដ។ ទន្ទឹមនេះ ការងារបច្ចុប្បន្នភាពគ្រួសារក្រីក្រនេះ ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន ជាពិសេសមេភូមិ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដូច្នេះហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបទបញ្ជាជាថ្មីម្តងទៀតដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំបំពេញការងារនេះឱ្យបានត្រឹមត្រូវ ច្បាស់លាស់ មានតម្លាភាព គណនេយ្យភាព និង ប្រកាន់ខ្ជាប់នូវយុត្តិធម៌បំផុត ហើយត្រូវចៀសវាងឱ្យខានតែបាននូវការយោគយល់ និងឃុបឃិតគ្នា ដើម្បីដាក់បញ្ចូលក្រុមគ្រួសារ សាច់ញាតិ មិត្តភ័ក្ត ឬ អ្នកស្គាល់គ្នា ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ ផ្ទុយពីនីតិវិធីនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ។ ដើម្បីឱ្យការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រនេះ កាន់តែធានាបាននូវប្រសិទ្ធភាពខ្ពស់បន្ថែមទៀតនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួងមហាផ្ទៃ ត្រូវសហការជាមួយក្រសួងផែនការ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការពិនិត្យតាមដានការអនុវត្តការងារនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវរាយការណ៍មកកាន់ សម្តេចតេជោនាយករដ្ឋមន្រ្តី ជាបន្ទាន់ ប្រសិនបើរកឃើញថាមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។ សម្តេចតេជោ ហ៊ុន សែន នឹងចាត់វិធានការណ៍ក្តៅ និងមិនលើកលែងជាដាច់ខាតចំពោះអ្នកពាក់ព័ន្ធទាំងអស់ ប្រសិនបើរកឃើញថា មានបញ្ហាមិនប្រក្រតីកើតមានឡើងនៅក្នុងភូមិ ឬ ឃុំ-សង្កាត់ ណាមួយ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបានចៀសផុតពីជំងឺឆ្លងកូវីដ១៩គ្រប់ៗគ្នា។

បើតាមយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា បើគិតចាប់ពីការដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងខែមិថុនាមកទល់នឹងដំណាច់ខែវិច្ឆិកា (ខែទី៦) ឆ្នាំ២០២០ មានគ្រួសារសរុបចំនួន ៧០៤ ១៣៥ នៅទូទាំងប្រទេស បានទទួលការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល ដែលមានថវិកាសរុបចំនួន ៧១២ ១២៩ ០៥៣ ២០០រៀល ស្មើនឹងប្រមាណ១៧៥លានដុល្លារអាម៉េរិក៕

ដោយជឹម ណារី

You do not have permission to write comment on this post.

Log in Register