ឯកឧត្តម វ៉ាត់ ចំរើន៖ អូឡាំពិកអន្តរជាតិប្រកាសថា អត្តពលិកចូលប្រកួត អូឡំាពិកហ្គេមនៅជប៉ុន ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ — ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានលើក ឡើងនៅដើមសប្តាហ៍នេះថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានប្រកាសថាកីឡាករ កីឡាការិនីនៃបណ្តាប្រទេសនានា ដែលចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួតលំដាប់ ពិភពលោក អូឡាំពិកហ្គេម នៅទីក្រុងតូត្យូ ប្រទេសជប៉ុន នាខែកក្កដា ឆ្នាំ២០២១នឹង ទទួលបាន ការចាក់វ៉ាក់សាំងការពារពីជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ។

អគ្គលេខាធិការរូបនេះអះអាងថា «សម្រាប់កម្ពុជាក៏នឹងបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួនចូលរួមប្រកួតអូឡាំពិកហ្គេមនេះដែរ ប៉ុន្តែមានចំនួនតិច តួចទេ ប្រមាណ១០នាក់ប៉ុណ្ណោះ ដែលទទួលបាននូវសិទ្ធិអនុគ្រោះ។ ការប្រកួតអូឡាំពិកហ្គេម នៅទីក្រុងតូក្យូលើកនេះ ខុសពីការប្រកួតមុនៗ ដោយត្រូវប្រកួតជម្រុះ ហើយលើកនេះដោយ សារវិបត្តិជំងឺកូវីដ-១៩ ទើបមិនអាចរៀបចំការប្រកួតជម្រុះបាន ដោយអូឡាំពិកអន្តរជាតិ កំណត់យកចំណាត់ថ្នាក់បច្ចេកទេសខ្ពស់ៗកម្រិតពិភពលោក (World Ranking) រីឯកីឡាករ កីឡាការិនីកម្ពុជាមិនទាន់ចូលដល់ចំណាត់ថ្នាក់ពិភពលោកបែបនេះទេ ដោយគ្រាន់តែទទួល បានត្រឹមសិទ្ធិអនុគ្រោះពីអូឡាំពិកអន្តរជាតិតែប៉ុណ្ណោះ»។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ជូនបន្ថែមថា បច្ចុប្បន្ន កម្ពុជាទទួលបាន សិទ្ធិអនុគ្រោះចំនួនពីរប្រភេទកីឡា ដែលចាំបាច់ជាគោលការណ៍ប៉ុណ្ណោះ គឺកីឡាអត្តពលកម្ម និងហែលទឹក ហើយយើងកំពុងស្នើសុំសិទ្ធិអនុគ្រោះបន្ថែមលើ ប្រភេទកីឡាចំបាប់ តេក្វាន់ដូWT ទូកក្តោង គុនដាវជាដើម។

ទាក់ទងទៅនឹងការទទួលចាក់វ៉ាក់សាំងកូវីដ-១៩នេះ ក្នុងនាមគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន ក៏បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ការចាក់វ៉ាក់សំាងកូវីដ-១៩ជូនដល់កីឡាករ កីឡាការិនីកម្ពុជា នៅក្នុងចំណោមមនុស្ស សំខាន់ៗជាអាទិភាព ដែលប្រឈមនឹងហានិភ័យខ្ពស់នឹងជំងឺផ្លូវដង្ហើមនេះ។ ការទទួលបាននូវ វ៉ាក់សាំងនេះនឹងជួយធ្វើឱ្យកីឡាករ កីឡាការិនីកម្ពុជាប្រមូលអារម្មណ៍តែទៅលើការហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតអន្តរជាតិ នៅក្នុងឆ្នាំ២០២១ខាងមុខ ដូចជាអូឡាំពិកហ្គេម នាខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងតូក្យូ ឆ្នាំ២០២១ និងស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាមជាដើម៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register