ព្រះករុណាព្រះមហាក្សត្រ៖ ការទទួលបានតំណក់ប្រេងលើកដំបូងនេះ ជាការចាប់ផ្តើមបើកទំព័រ​​ ប្រវត្តិសាស្ត្រថ្មី សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យឧស្សាហកម្មប្រេងកាត

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០–ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គបានចាត់ទុកថា ការទទួលបានតំណក់ប្រេងលើក ដំបូងនេះ ជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍ លើវិស័យឧស្សាហកម្មប្រេងកាត ដែលជាសក្តានុពលមួយ នាំឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែ រីកចម្រើន និងជឿនលឿនជាបន្តទៀត។ នេះបើយោតាមព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រ ចុះថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២០ ផ្ញើជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

ក្នុងព្រះរាជសារព្រះអង្គបានមានព្រះរាជបន្ទូលថា«ខ្ញុំមានសេចក្ដីសោមនស្សរីករាយ សូមចូលរួម អបអរសាទរសមិទ្ធផលបើកទំព័រប្រវត្តិសាស្ត្រថ្មី ដែលព្រះរាជាណាចក្រកម្ពុជា ទទួលបានតំណក់ ប្រេងលើកដំបូង ស្របពេលថ្ងៃខួបអនុស្សាវរីយ៍លើកទី២២ នៃការអនុវត្តដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសន្តិភាព ពេញបរិបូរណ៍ និងឯកភាពជាតិដ៏ពេញ លេញ»។ ព្រះអង្គបានកោតសរសើរដ៏កក់ក្តៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិ ប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជា អគ្គមគ្គុទេសក៏ដ៏ឆ្នើម ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មាន សុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើគ្រប់វិស័យ។ ដោយឡែកក្នុង សារលខិតថ្លែងអំណរព្រះរាជគុណ ចុះថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២០ របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ទូលថ្វាយព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងអំណរព្រះរាជគុណប្រកបដោយ បីតិសោមនស្សរីករាយ ជាអនេកប្បការ ថ្វាយព្រះករុណាថ្លៃវិសេស ដែលព្រះអង្គទ្រង់ស្ដេច សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវការកោតសរសើរ និងប្រទានព្រះពរលើកទឹកចិត្តដល់ ទូលព្រះបង្គំជាខ្ញុំ នាឱកាសរម្លឹកខួបអនុស្សាវរីយ៍លើកទី ២២ នៃការអនុវត្តដោយជោគជ័យ នយោបាយឈ្នះ ឈ្នះ គាប់ជួននឹងការបើកទំព័រប្រវត្តិសាស្ត្រថ្មីដែលព្រះរាជាណាចក្រកម្ពុជាទទួល បានតំណក់ប្រេងលើកដំបូង។

សម្ដេចតេជោបន្តថា ស្ថិតក្នុងវរោកាសប្រកបដោយមោទនភាពជាតិ ដ៏ខ្ពង់ខ្ពស់ជាអតិបរមានេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសារជាថ្មីដើម្បីបញ្ជាក់នូវ សក្ខីកម្មជាវិជ្ជមានពាក់ព័ន្ធ​នឹងមហាជោគជ័យជាប្រវត្តិសាស្ត្រធំធេងជាច្រើនឥតគណនា ដោយ ព្រះតេជានុភាព ពិសេសចាប់​តាំងពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ស្ដេចឡើងគ្រងព្រះបរម សិរីរាជសម្បត្តិជាអង្គ​ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្មីៗនេះទៀត ជោគលាភប្រត្យក្ស បំផុតនោះ គឺការ​ទទួល​បានដំណក់ប្រេងលើកដំបូង ជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រថ្មី ក្នុងការអភិវឌ្ឍលើវិស័យ​ឧស្សាហកម្មប្រេងកាតដែលជាសក្តានុពលសេដ្ឋកិច្ច នៃព្រះរាជាណាចក្រ កម្ពុជាកាន់តែរីក​ចម្រើន​និងជឿនលឿនជាបន្តបន្ទាប់ទៀត។ ជាថ្មីម្តងទៀត ទូលព្រះបង្គំជាខ្ញុំនិង ភរិយា សូមលំឱនកាយ​ក្រាបថ្វាយព្រះសព្ទសាធុការពរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ទ្រង់ស្ដេច​ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបី ឃ្លៀងឃ្លាតឡើយ។ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈ ទ្រង់ស្ដេចប្រោស ព្រះរាជមេត្តាទទួល​នូវអភិវន្ទនកិច្ច និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ បំផុតអំពីទូលព្រះបង្គំជាខ្ញុំ៕

ដោយ៖ ជឹម ណារី

You do not have permission to write comment on this post.

Log in Register