ព្រឹត្តិការណ៍កីឡា នឹងអាចដំណើរការឡើងវិញចាប់ពីដើមឆ្នាំ២០២១

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ — បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ដោយជោគជ័យ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ការប្រកួតកីឡានានា នឹងអាចចាប់ផ្តើមដំណើរការឡើងវិញបាននៅដើមឆ្នាំ២០២១តទៅ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថ្លែងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ថា ការរៀបចំការប្រកួតកីឡាមួយចំនួននឹងអាចត្រូវបានរៀបចំឡើងវិញ នាពេលខាងមុខ ឆាប់ៗនេះ ប៉ុន្តែយើងត្រូវគោរពតាមវិធានការសុខាភិបាលដដែល។ នៅក្នុងនោះការប្រកួតជើង ឯកថ្នាក់ជាតិនីមួយៗ អាចរៀបចំការប្រកួតបាន ប៉ុន្តែយើងត្រូវធ្វើការជាមួយក្រសួងសុខាភិបាលថាតើ យើងអាចគ្រប់គ្រងក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បានឬអត់។

ក្រោយពីស្ថានភាពនេះធូរស្រាលឡើងវិញនេះ យើងនឹងធ្វើកិច្ចការងារនេះឱ្យបានហ្មត់ចត់ ដើម្បីត្រៀមរៀបចំឡើងវិញនូវព្រឹត្តិការណ៍ កីឡាពាក់កណ្តាលម៉ារ៉ាតុងអង្គរ នៅខេត្តសៀមរាប លើកទី២៥ឆ្នាំ និងការប្រកួតប្រណាំងកង់ នៅខេត្តសៀមរាប ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ទេសចរក្នុងស្រុកតាមគោលដៅទេសចរណ៍ នៅតាមបណ្តាខេត្តនានា តាមការចង្អុលបង្ហាញរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ហើយឯកឧត្តម វ៉ាត់ ចំរើន ជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ទទួលបន្ទុកព្រឹត្តិការណ៍កីឡាទេសចរណ៍។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុងអង្គរ ខួបលើកទី២៥ឆ្នាំ ដែលឆ្នាំ២០១៩ បានទាក់ទាញអ្នករត់ ប្រណាំងជាតិ និងអន្តរជាតិច្រើនជាង១ម៉ឺននាក់ បានពន្យាពេលការរៀបចំ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ហើយនៅអំឡុងពាក់កណ្តាលខែមករា ឆ្នាំ២០២១ គណៈកម្មការរៀបចំ ព្រឹត្តិការណ៍ម៉ារ៉ាតុងនឹងប្រកាសជម្រាបជូនពត៌មានជាថ្មី ថាកំណត់យកថ្ងៃណាមួយ សម្រាប់ការរត់ប្រណាំង អន្តរជាតិដ៏ទាក់ទាញបំផុតរបស់កម្ពុជាមួយនេះ៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register