លោក Nick Marx នៃអង្គការ Wildlife Alliance និយាយអំពីវិធីសាស្រ្ដ នៃការថែរក្សាអភិរក្សសត្វព្រៃតាមលក្ខណៈបែបធម្មជាតិ

Please log in or register to like posts.
ព័ត៌មាន

សៀមរាប ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ —

អាជ្ញាធរជាតិអប្សរា រួមសហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានសហការយ៉ាងជិតស្និតក្នុងការព្រលែងសត្វព្រៃជាច្រើនប្រភេទឱ្យរស់នៅក្នុងព្រៃនៃឧទ្យានអង្គរ ដើម្បីលើកកម្ពស់ជីវចម្រុះ និងទាក់ទាញភ្ញៀវទេសចរ។ សូមរម្លឹកថា សត្វព្រៃដែលបានព្រលែងកន្លងមករួមមាន ទោចម្កុដ ភេខ្លួនរលោង កេងកងតូច ស្វាព្រាម ឈ្លូស សំពោច និងឆ្មាដាវ ជាដើម។

លោក Nick Marx ដែលបម្រើការងារនៅក្នុងអង្គការ Wildlife Alliance បានមានប្រសាសន៍ជាភាសាខ្មែរថា៖ “ខ្ញុំសូមជម្រាបជូនអំពីកម្មវិធីយើង ដែលជាកម្មវិធីដោះលែងសត្វព្រៃឱ្យមករស់នៅក្នុងព្រៃឧទ្យានអង្គរម្តងទៀត។ យើងសហការជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយយើងដើរជាមួយគ្នាដើម្បីដោះលែងសត្វខ្លះ នៅក្នុងព្រៃនៃឧទ្យានអង្គរ។ ឥឡូវនេះយើងបានដោះលែងសត្វទោច ០៣គូ នៅក្នុងព្រៃអង្គរ ហើយទោចទាំងនេះ បានកើតកូនចំនួន ០៦ក្បាលហើយ ដោយពេលនេះយើងមានកូន ០៦ សរុបទាំងមេទាំងកូន គឺ១២ក្បាល។ យើងក៏បានដោះលែងសត្វស្វាព្រាម ស្វាខ្មៅ សំពោច ឈ្លូស ឆ្មាដាវ ជាដើម។ ពួកគេរស់ដដែល យើងចូលមើលដដែល ប៉ុន្តែគេរស់របៀបជាសត្វព្រៃ។ ក្នុងនោះសត្វភេ ក៏ត្រូវបានដោះលែងផងដែរ ដោយមានគ្រួសារភេមួយ បានកើតកូនចំនួន ០២ នៅក្នុងព្រៃ ហើយពេលនេះកំពុងរស់នៅយ៉ាងសុខសាន្តនៅក្នុងព្រៃនៃឧទ្យានអង្គរ”។

លោក Nick Marx បានបន្ថែមថា ពេលខ្លះអ្នកទេសចរបានឃើញសត្វទាំងនេះ ហើយមានអារម្មណ៍សប្បាយរីករាយ ជាមួយយើង រួមទាំងអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ។ ដោយឡែកនៅពេលថ្មីៗ មានការដោះលែងសត្វកេងកងតូច នៅក្នុងព្រៃអង្គរ។ លោកបានរម្លឹកថា កាលពី៣ខែមុន ក្រុមការងារបាននាំយកកេងកងតូច ចំនួន ០២ក្បាល ពីភ្នំតាម៉ៅ ដើម្បីយកមកដាក់ទីនេះ ដោយពីដំបូងក្រុមការងារបានដាក់សត្វកេងកងតូចទាំងពីរនេះ នៅក្នុងទ្រុងជាបណ្តោះអាសន្នសិន ដើម្បីឱ្យពួកវាស្គាល់កន្លែង និងស៊ាំនៅទីនេះសិន ហើយនៅថ្ងៃនេះក្រុមការងារបានបើកទ្វារទ្រុង ដើម្បីឱ្យកេងកងតូចទាំងពីរក្បាលនោះចេញទៅខាងក្រៅ និងស្គាល់ព្រៃខាងក្រៅ។

លោក Nick Marx បានបញ្ជាក់ថា ៖ “យើងមិនបោះបង់ចោល យើងនៅទីនេះរហូត ដើម្បីការពារ និងអភិរក្ស ហើយយើងនឹងដាក់ចំណីឱ្យពួកគេចេះស៊ី មុនពេលដែលពួកគេចេះស៊ីចំណីធម្មជាតិ នៅក្នុងព្រៃ”។

ជាចុងបញ្ចប់ លោក Nick Marx បានស្នើឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមជាមួយអង្គការ Wildlife Alliance អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ ក្នុងការងារអភិរក្សសត្វព្រៃ ដូចគ្នានឹងអភិរក្សបេតិកភណ្ឌធម្មជាតិ និងបេតិកភណ្ឌវប្បធម៌។

គួរបញ្ជាក់ថា ដើម្បីធានាបាននូវស្ថានភាពនៃការរស់នៅបែបធម្មជាតិរបស់សត្វព្រៃទាំងនោះ អ្នកជំនាញបានបង្រៀនឱ្យសត្វព្រៃទាំងនោះអាចរកចំណីបានដោយខ្លួនឯងក្នុងគោលបំណងឱ្យសត្វព្រៃទាំងនោះរស់នៅជៀសឆ្ងាយពីការទំនាក់ទំនងជាមួយមនុស្ស។ ដោយឡែក នៅពេលដំបូង ដើម្បីធានាការរស់រានមានជីវិតរបស់សត្វព្រៃទាំងនោះ អ្នកជំនាញបានរៀបចំជាទីកន្លែងជាក់លាក់សម្រាប់ផ្តល់ចំណីឱ្យពួកគេតាមទីតាំងពួកគេតែមួយកន្លែងប៉ុណ្ណោះ។ បន្ទាប់ពីសត្វព្រៃទាំងនោះអាចរស់នៅបានដោយខ្លួនឯងស្របតាមលក្ខណៈបែបធម្មជាតិហើយនោះ អ្នកជំនាញក៏នឹងបញ្ឈប់ផ្តល់ចំណីឱ្យសត្វព្រៃទាំងនោះទៀតដែរ។

សូមចូលរួមថែរក្សា អភិរក្សសត្វព្រៃ ដោយទម្លាប់ឱ្យសត្វទាំងនោះ រស់នៅតាមលក្ខណៈរបស់ពួកគេ៕

ដោយ ផែន រតនៈ

You do not have permission to write comment on this post.

Log in Register