សត្វចាបព្រៃវែង ឬចាបទ្រូងលឿង បង្ហាញវត្តមានជាថ្មី បន្ទាប់ពីពុំដែលប្រទះឃើញអស់រយៈពេល ០៣ឆ្នាំមកហើយ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ — សត្វចាបព្រៃវែង ឬចាបទ្រូងលឿង (Yellow Breasted Bunting) ដែលជាបក្សីជិតផុតពូជបំផុត នៅលើពិភពលោក និងនៅកម្ពុជា បានបង្ហាញខ្លួនជាថ្មីម្តងទៀតនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់អង្គការជីវិតសត្វស្លាបអន្តរជាតិ ប្រចាំកម្ពុជា (Birdlife International Cambodia Program) កាលពីដើមខែមករា ថ្មីៗនេះ។ 

ក្រុមការងារប្រចាំតំបន់ដឹកនាំដោយលោក លី សម្ភស៍ ជាមន្រ្តីសម្របសម្រួលអង្គការ BirdLife និង លោកឈឿន សុជាតិ ប្រធានក្រុមឧទ្យានុរក្ស បានកត់ត្រាវត្តមានសត្វចាបព្រៃប្រមាណជា ២០ក្បាល នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្រោយពីបាត់ដំណឹងអស់រយៈពេលបីឆ្នាំមកហើយ ក្នុងពេលដែលក្រុមការងារចុះទៅកត់ត្រាសត្វក្រៀល កាលពីពេលថ្មីៗនេះ។

ការបង្ហាញខ្លួនរបស់ចាបព្រៃវែងនេះ បញ្ចាក់ឱ្យឃើញថា ទីជម្រកដែលមាននៅតំបន់ដីសើមនេះបានដើរតួយ៉ាងសំខាន់ក្នុងការរស់នៅ និងពងកូនរបស់សត្វស្លាបទឹកជាច្រើនប្រភេទ ដូចជា ក្រៀល ចង្កៀលខ្យង រនាលពណ៌ ត្រដក់ ។ល។ និងសត្វស្លាបទេសន្តរប្រវេសន៍ ដូចជាសត្វចាបព្រៃវែងនេះជាដើម។ ដោយឡែកការទន្រ្ទានដី កង្វះទឹកនារដូវប្រាំង និងការបំពុលបណ្តាលមកពីការប្រើប្រាស់ថ្នាំ និងជីកសិកម្មហួសកម្រិត គឺជាកត្តាគំរាមកំហែងដែលកំពុងកើតមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ។

សូមជំរាបជូនថា សត្វចាបព្រៃវែង គឺជាប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ជិតផុតពូជបំផុតដែលកំណត់ក្នុងបញ្ជីក្រហម IUCN អាស្រ័យដោយចំនួនរបស់វានៅលើពិភពលោកបានថយចុះជាង ៨០% នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ បក្សីប្រភេទនេះបង្កកំណើតនៅអឺរ៉ុប និងអាស៊ីខាងជើង បន្ទាប់មកបំលាស់ទីមកកាន់តំបន់អាស៊ី ដូចជាឥណ្ឌា ចិនភាគខាងត្បូង កម្ពុជា វៀតណាម ឡាវ ថៃ ភូមា រហូតដល់រដូវត្រជាក់ ពួកវាត្រទ្បប់ទៅប៉ែកអឺរ៉ុបវិញ។ កាលមុនឆ្នាំ២០០០ នៅកម្ពុជាគេឃើញវត្តមានពួកវាជាហ្វូងធំរហូតដល់ជាង ១ ០០០ក្បាល ប៉ុន្តែនាពេលបច្ចុប្បន្ន វត្តមានរបស់វាមានជាក្រុមតូចពេលខ្លះមានតែ ២ក្បាលក៏មាន។

គួរបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏ធំមួយដែលស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គក្រោម និងត្រូវបានកំណត់ជាតំបន់ការពារទេសភាពបឹងព្រែកល្ពៅ តាមរយៈអនុក្រឹត្យលេខ៩០អនក្រ.បក ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។

សូមចូលរួមការពារតំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺចូលរួមការពារសត្វស្លាបជិតផុតពូជ៕ 

ដោយ ផែន រតនៈ
រូបថត៖ អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា

You do not have permission to write comment on this post.

Log in Register