ក្រុមការងារនៃ អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការដកហូតដើមឈើទាលងាប់មួយដើម ក្នុងបរិវេណប្រាសាទបន្ទាយប្រី ដើម្បីគ្រប់គ្រងហានិភ័យដល់ប្រាសាទ និងភ្ញៀវទេសចរ

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ –ក្រុមអង្កេតហានិភ័យដើមឈើ នៃអាជ្ញាធរជាតិអប្សរា បានធ្វើការកាប់ហូតដើមឈើទាលងាប់មួយដើម បន្ទាប់ពីបានពិនិត្យឃើញថា ដើមឈើទាលនេះ ដែលដុះឈរត្រង់កណ្តាលតួប្រាសាទបន្ទាយប្រី មានជំងឺដំបៅនៅគល់ និងមានហានិភ័យខ្ពស់ ដែលកាលពីឆ្នាំមុន ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានព្យាបាលផ្នែកដែលមានជំងឺ និងកាត់ផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងឱ្យលូតលាស់មែកថ្មី ប៉ុន្តែដើមឈើនេះហាក់ដូចជាពុំបានប្រសើរឡើងនោះទេ។

បើតាម លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងបន្ថែមថា ៖ “ក្រុមការងារតែងតែចុះពិនិត្យពាក់ព័ន្ធនឹងហានិភ័យនៃដើមឈើគ្រប់ប្រភេទ នៅរមណីយដ្ឋានអង្គរ ដោយឡែកដើមឈើទាលមួយដើមនេះ វាមានអាយុកាលយូរណាស់មកហើយ រួមជាមួយជំងឺផង ហើយដែលមិនអាចសង្គ្រោះតទៅទៀតបាន និងដើម្បីធានាសុវត្ថិភាព កុំឱ្យមានគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ដែលតែងតែមកទស្សនាប្រាសាទនេះ ជាពិសេសកុំឱ្យមានការខូចខាតដល់រចនាសម័្ពន្ធប្រាសាទផងនោះ កាលពីពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានកាត់ដកហូតដើមឈើទាលងាប់មួយដើមនេះចេញពីក្នុងបរិវេណប្រាសាទបន្ទាយប្រី និងបញ្ចប់ការងាររួចរាល់ជាស្ថាពរ។ ខ្ញុំសូមជម្រាបជូនថា ការសម្រេចកាប់ហូតដើមឈើមួយដើមៗ គឺជាជម្រើសចុងក្រោយបំផុត”។

ក្នុងនោះផងដែរ លោក ឡុង កុសល ក៏បានបញ្ជាក់បន្ថែមអំពីសមិទ្ធផលមួយចំនួនទៀត ដែលអាជ្ញាធរជាតិអប្សរា សម្រេចបានក្នុងឆ្នាំ២០២០ មានដូចជា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានបណ្តុះកូនឈើចម្រុះនៅស្ថានីយទាំង០៤បានចំនួន ១៦៦ ៨៨៨ដើម ដាំកូនឈើចម្រុះក្នុង់ឧទ្យានអង្គរបានចំនួន ១៤ ៧៧៨ដើម ព្រមទាំងបានចែកចាយកូនឈើជូនស្ថាប័នរដ្ឋ អង្គការ វត្តអារាម សាលារៀន វិស័យឯកជន សាធារណជនទូទៅ។ល។ យកទៅដាំដុះនៅទីតាំងនានា បានចំនួន ១០៤ ៦២៨ដើម។

ពាក់ព័ន្ធនឹងការងារគ្រប់គ្រងហានិភ័យដើមឈើវិញ ក្រុមការងារបានកាត់ និងដកហូតដើមឈើមានហានិភ័យខ្ពស់ក្នុងតំបន់សៀមរាបអង្គរបានចំនួន ៨៥៤ដើម។ កាត់សម្អាតដើមឈើដែលដួលរលំដោយសារភ្លៀង និងខ្យល់ក្នុងឧទ្យានអង្គរបានចំនួន ២១៨ដើម ចុះអង្កេតដើមឈើមានហានិភ័យនៅក្នុងឧទ្យានអង្គរបានចំនួន ២ ៧៩៧ដើម និងចុះព្យាបាលជំងឺដើមឈើក្នុងឧទ្យានអង្គរ ចំនួន៦ប្រាសាទ មានដើមឈើចំនួន ២០៤ដើម។

ក្រុមការងារក៏ចុះសិក្សាទីតាំងដាំស្មៅ និងដើមឈើធំៗ ដើម្បីកែលំអសោភ័ណភាព និងបរិស្ថានបានចំនួន១៤ទីតាំង ដូចជាខាងជើង និងខាងលិចសួនក្រវ៉ាន់ (មុខប្រាសាទអង្គរវត្ត) បរិវេណជុំវិញត្រពាំងសេស បរិវេណស្នងការនគរបាល ការពារបេតិកភ័ណ្ឌ ខាងលិចកសិណប្រាសាទអង្គរវត្ត ខាងត្បូងប្រាសាទអង្គរវត្ត បរិវេណប្រាសាទព្រហ្មកិល ជុំវិញអាងស្ទាក់ខ្សាច់ (ច្រកសំពៅលូន) បរិវេណមុខព្រះលានជល់ដំរី និងមុខប្រាសាទព្រះពិធូរ ខាងលិចប្រាសាទព្រះខ័ន ខាងកើតប្រាសាទបន្ទាយក្តី ខាងជើងស្រះស្រង់ បរិវេណប្រាសាទលលៃ បរិវេណប្រាសាទព្រះគោ និង បរិវេណប្រាសាទបាគង។

ជាមួយគ្នានោះ ក៏បានដំណើរការរៀបចំសួនរុក្ខជាតិអង្គរ (អតីតសួនគ្រឿងទេស) ក្នុងនោះមានដូចជា សួនផ្កាស្មៅសួនរុក្ខជាតិ អំបូរត្នោត សួនរុក្ខជាតិក្នុងភូមិខ្មែរ សួនរុក្ខជាតិព្រៃ សួនផ្កាចម្រុះ និងសួនគ្រឿងទេស-ឱសថ ។ល។ សម្រាប់បម្រើឱ្យការទស្សនារបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ មកតំបន់អង្គរកាន់តែសម្បូរបែបថែមទៀត។

ក្នុងនោះគម្រោងនៃការដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ដែលជាកិច្ចសហការរវាង អាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើ និងអង្គការ Wildlife Alliance បានដោះលែងសត្វព្រៃមួយចំនួនចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ ដើម្បីឱ្យសត្វទាំងនោះរស់តាមបែបធម្មជាតិរបស់សត្វផងដែរ។

ដោយ ផែន រតនៈ
រូបថត៖ ANA

You do not have permission to write comment on this post.

Log in Register