​ក្រសួង​អប់រំ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាបង្ហាញលទ្ធផលនៃកិច្ចសហការគ្នាលើ​ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​លើ​ទូរសព្ទ Android និង iOS

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ — ក្រសួង​អប់រំ យុវជន និងកីឡា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាបានសហការគ្នាដោយ​បង្ហាញនូវលទ្ធផល​នៃ​ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​លើ​ទូរសព្ទ Android និង iOS ដើម្បីផ្ដល់​​ជូនតាមមុខវិជ្ជា និងមេរៀនដល់​គ្រូ​បង្រៀន និង​សិស្សានុសិស្ស។ កិច្ចប្រជុំ និងការបង្ហាញលទ្ធផលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​គណៈ​កម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា នៅទីស្ដីការក្រសួងអប់រំ។ នេះបើយោងតាមក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​តាម​ទូរសព្ទ​នេះ ផ្ដល់​​ដល់​គ្រូ​បង្រៀន និង​សិស្សានុសិស្ស​នូវ វីដេអូសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ សៀវភៅសិក្សាអេឡិចត្រូនិកដូចជា សៀវភៅសិក្សា​គោល ចំណេះដឹងទូទៅ រឿងនិទាន និងសៀវភៅភាសាបវរទេសជាដើម កម្មវិធីតេស្ត​សមត្ថភាពសិស្ស (Quiz) និងទំព័រព័ត៌មានអប់រំ។ ដោយឡែកមុខងារផ្សេងៗរបស់​កម្មវិធី​មានរាល់វីដេអូសិក្សា និងសៀវភៅ អាចទាញយក (Download) ទុកក្នុងទូរសព្ទ​សម្រាប់​ប្រើប្រាស់ពេលទូរស័ព្ទមិនភ្ជាប់អ៊ីនធឺណិត (Offline) ឯកសារមេរៀននៅភ្ជាប់ជាមួយ វីដេអូ​នីមួយៗ សម្រាប់ជាជំនួយដល់សិស្ស និងអាចទាញយកមកប្រើប្រាស់បាន វេទិកាសំណួរ ចម្លើយនៅក្រោមវីដេអូសិក្សានីមួយៗ អាចប្រើប្រាស់បាន០៥គណនីលើទូរស័ព្ទតែមួយ តារាងកាលវិភាគសិក្សាផ្ទាល់ខ្លួន និងរម្លឹកពេលដល់ម៉ោងសិក្សា ក្រាបតាមដានចំនួនដង​នៃ​ការប្រើប្រាស់កម្មវិធី ភាគរយសិក្សាតាមមុខវិជ្ជា និងតាមមេរៀន និងតាមលទ្ធផលតេស្ត។

ជាមួយគ្នានេះ ក្នុងកិច្ច​ប្រជុំ​ក៏មាន​ការ​ធ្វើ​បទបង្ហាញ​អំពី​កម្មវិធី​ដោយ​ក្រុម​ការងារ​អភិវឌ្ឍន៍​កម្មវិធីជូនថ្នាក់ដឹកនាំ និងបាន​បើកការពិភាក្សាលើដំណើរការបញ្ចូល​មាតិកាអប់រំ​នានារបស់ក្រសួងទៅក្នុងកម្មវិធី កំណត់ឈ្មោះផ្លូវការរបស់កម្មវិធី ការរក្សាទុកទិន្នន័យ​របស់​កម្មវិធី ការចុះឈ្មោះកម្មវិធីទៅក្នុងប្រព័ន្ធប្រតិបត្តិការ Android និង iOS ដើម្បីដាក់​ឱ្យប្រើប្រាស់ និងត្រួតពិនិត្យលើលក្ខន្តិកៈនៃការប្រើប្រាស់កម្មវិធី។ ទន្ទឹមនេះ កិច្ចប្រជុំ​ក៏មាន​ការម​សម្របសម្រួលដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងប្រមូលធាតុចូល​ពីនាយកដ្ឋានជំនាញមានដូចជា នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ កិច្ចការប្រឡង បឋមសិក្សា អប់រំកុមារតូច អប់រំក្រៅប្រព័ន្ធ អប់រំពិសេស ប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ អភិវឌ្ឍកម្មវិធីសិក្សា និងគ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ។

ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះឯកឧត្ដម ហ៊ុន ម៉ានី និងក្រុមការងារអភិវឌ្ឍន៍កម្មវិធីទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការបង្កើតកម្មវិធីនេះឡើងស្របពេលដែលវិស័យអប់រំកំពុងមានតម្រូវការខ្លាំងលើការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដោយសាររងផលប៉ះពាល់ដោយសារវិបត្តិកូវីត-១៩ និងស្របតាមចក្ខុវិស័យ​របស់​ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថល៕

ដោយ រិទ្ធី

You do not have permission to write comment on this post.

Log in Register