បទវិចារណកថា៖ ៧ មករា ១៩៧៩៖ សច្ចភាពនៃប្រវត្តិសាស្រ្តដែលមិនអាចបំភ្លេច បំភ្លៃ និងបំផ្លាញបាន

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ –ថ្ងៃនេះ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ជាថ្ងៃក្រហមនៅលើប្រតិទិនប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា ប៉ុន្តែវាមិនមែនជាថ្ងៃក្រហមធម្មតានោះទេ តែជាថ្ងៃក្រហមដែលរម្លឹកប្រាប់ប្រជាពលរដ្ឋកម្ពុជាថា គឺជាថ្ងៃសច្ចភាពនៃប្រវិត្តសាស្រ្ត និងថ្ងៃដែលត្រូវតែចងចាំ ដោយសារតែថ្ងៃនេះ គឺជាថ្ងៃដែលសង្គមកម្ពុជាប្រែក្លាយពីសង្គមមួយ ដែលមានតែមួយពណ៌គឺខ្មៅ មកជាសង្គមមួយដែលមានចម្រុះពណ៌ ប្រកបដោយការអភិវឌ្ឍគ្រប់បែបយ៉ាង ទាំងជីវភាព ប្រាក់ចំណូល ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ពាណិជ្ជកម្ម … ។

រៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃនេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ និងកងកម្លាំងប្រដាប់អាវុធ សូម្បីតែព្រះសង្ឃ តែងតែជួបជុំគ្នានៅទីកន្លែងសាធារណ:នានាក្នុងទូទាំងប្រទេស ដើម្បីរម្លឹកខួបនៃថ្ងៃជ័យជំនៈលើរបបប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ។ ជាអកុសល ដោយសារតែការរីករាលដាលនៃមេរោគកូវីដ១៩ ថ្ងៃនេះ ប្រជាពលរដ្ឋមិនមានឱកាសជួបជុំគ្នាប្រារព្ធថ្ងៃខួបអនុស្សាវរីយ៍លើកទី៤២ឆ្នាំ នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហមនេះបានដូចបណ្តាឆ្នាំមុនៗនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វានៅតែជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងសច្ចភាពនៃការចងចាំនៅក្នុងក្រអៅដួងចិត្តពលរដ្ឋខ្មែរគ្រប់រូបដដែល។

ទោះបីមិនមានពិធី ទោះបីជាមិនមានការជួបជុំ ជាទ្រង់ទ្រាយធំ និងផ្លូវការដូចរាល់ឆ្នាំក៏ពិតមែន ប៉ុន្តែចាប់តាំងពីរសៀលថ្ងៃទី០៦ ខែមករា មកដល់ពេលនេះ ការជជែកគ្នា ការចែករំលែកអំពីការចងចាំរបស់ប្រជាពលរដ្ឋដែលធ្លាប់ហែលឆ្លងនូវការលំបាកនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ និងការរម្លឹកដកស្រង់ពីកម្រងប្រវត្តិសាស្រ្តដោយអ្នកជំនាន់ក្រោយ ត្រូវបានចែកចាយតាមបណ្តាញសង្គម តាមតុកាហ្វេ និងតាមទីកន្លែងនានា ព្រោងព្រាត ។ រីឯសារព័ត៌មាន ទូរទស្សន៍ វិទ្យុ វិញក៏បានផ្សព្វផ្សាយនូវអត្ថបទវិភាគ សាវតានៃព្រឹត្តិការណ៍ ទស្សនៈ ស្មេរ និងរឿងរ៉ាវផ្សេងៗដែលពាក់ព័ន្ធនឹងថ្ងៃប្រវត្តិសាស្រ្តនេះជាច្រើន ដើម្បីចែករំលែកនូវអត្ថន័យពិតប្រាកដ នៃថ្ងៃនេះ ។

ទន្ទឹមនឹងនេះ ទោះបីជាយល់ និងដឹងថា ថ្ងៃនេះគឺជាថ្ងៃអ្វីពិតប្រាកដ ប៉ុន្តែក្រុមអគតិមួយចំនួន នៅតែព្យាយាម បំភ្លៃ និងបំភ័ន្តការពិតតាមគ្រប់វិធី ដោយអះអាងទៅតាមអត្ថន័យដែលពួកគេចង់បាន ដើម្បីបម្រើឆន្ទៈ និងវត្ថុបំណង ព្រមទាំងនយោបាយរបស់ពួកគេ រហូតដល់ព្យាយាមកែបំភ័ន្តអត្ថន័យនៃថ្ងៃ៧ មករា ដោយផ្អែកលើទស្សនៈ និងគោលជំហរនយោបាយរបស់ពួកគេ ជាជាងតម្លៃនៃសច្ចភាពប្រវត្តិសាស្ត្រ។

ក្នុងបរិបទដែលកម្ពុជាកំពុងធ្វើដំណើរលើគន្លងវិថីប្រជាធិបតេយ្យ សេរីពហុបក្ស ពហុមតិ ដែលតែងតែលើកស្ទួយ និងពូនជ្រុំសេរីភាពនៃការបញ្ចេញមតិ នរណាក៏អាចនិយាយបាន ប៉ុន្តែសូមក្រឡេកមើលទិដ្ឋភាព និងសច្ចភាពពិតប្រាកដដែលសង្គមកម្ពុជាបានហែលឆ្លងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងការបន្តរស់រានមានជីវិតនៅលើវិថីថ្មី សង្គមថ្មី នៅក្នុងរយៈពេល ៤២ឆ្នាំកន្លងមកនេះ ។

ចាប់តំាងពីសង្គមកម្ពុជាបោះជំហានចេញពីរបបស្បៃអន្ធកាល មេដឹកនាំជំនាន់ក្រោយបានដឹកនាំនាវាកម្ពុជានៅក្រោមរបត់ និងបរិបទនយោបាយដែលមានការបត់បែនដ៏រស់រវើក និងប៉ិនប្រសព្វ រហូតដល់អាចសម្រេចបាននូវគ្រឹះនៃការអភិវឌ្ឍ និងគ្រឹះនៃការកសាងជាតិដែលពិបាករកបំផុតនោះគឺសន្តិភាព នៅចុងឆ្នាំ១៩៩៨ ក្រោយពេលដែលសង្រ្គាមស៊ីវិលបានឆាបឆេះឡើងតាំងពីដើមទសវត្សរ៍ ឆ្នាំ១៩៧០ ពោលគឺក្រោយរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ដោយប្រែក្លាយកម្ពុជាពីរបបរាជានិយម ទៅជារបបសាធារណរដ្ឋ ។

តើយើងអាចបដិសេធសច្ចភាពប្រវិត្តិសាស្រ្តនេះបានដែរឬទេ? ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ កម្ពុជាបានបន្តបោះជំហានតាមទស្សនវិស័យ និងគោលនយោបាយ ព្រមទាំងកំណែទម្រង់មួយច្បាស់លាស់ ហើយបានប្រែក្លាយប្រទេសដែលឯកោបំផុត ទៅជាប្រទេសមួយដែលរស់នៅក្នុងបរិបទ នៃពិភពលោក ស្មើមុខស្មើមាត់ជាមួយនឹងប្រទេសដទៃទៀត ហើយដែលមានខ្សែបន្ទាត់នយោបាយមួយច្បាស់លាស់ជាជំហានៗ មិនលោតផ្លោះតាមខ្សែញាក់ក្រោមឥទ្ធិពលរបស់បរទេសណាមួយ រហូតដល់កម្ពុជាទទួលបានសមិទ្ធិផលទាំងផ្នែកសេដ្ឋកិច្ច ការទូត ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការនានា ។

ជាការពិត នៅក្នុងនាមជាប្រជាជាតិមួយដែលតូច មានប្រជាជនតិច ហើយមានប្រវត្តិសាស្រ្តដ៏សោកសង្រេង ថ្វីត្បិតតែសង្គម និងសេដ្ឋកិច្ចរីកចម្រើនជាលំដាប់ក៏ពិតមែន ប៉ុន្តែមានចំណុចខ្លះក៏យើងនៅមិនទាន់អាចប្រៀបធៀបនឹងគេ ជាពិសេសគឺប្រទេសនៅក្នុងតំបន់បានទេ ប៉ុន្តែនៅក្រោមមូលដ្ឋានគ្រឹះនៃសន្តិភាពដែលកម្ពុជារកបានដោយខ្លួនឯងជាង២០ឆ្នាំមកនេះ យើងពិតជាសង្ឃឹមថា ការអភិវឌ្ឍនៅក្នុងប្រទេសយើងនឹងបន្តកើនឡើង ហើយអាចនឹងដណ្តើមបានជោគជ័យតាមដែលយើងគ្រោងទុក ។

សមិទ្ធិផលក្រោយថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលយើងរកបាន គឺ សន្តិភាពពេញលេញបរិបូរណ៍ ជាប្រទេសមួយមានទឹកដីតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ ច្បាប់សម្រាប់អនុវត្តតែមួយ ហើយក្រោយពីទទួលបានសន្តិភាពពេញលេញជាង ២០ឆ្នាំមកនេះ យើងទាំងអស់គ្នាពិតជាឃើញសមិទ្ធិផលនេះដោយខ្លួនយើងផ្ទាល់នឹងភ្នែកស្រាប់ ហើយនៅពេលដែលពិភពលោកកំពុងតែលំបាកដោយសារតែមេរោគកូវីដ១៩ នាពេលបច្ចុប្បន្ន កម្ពុជានៅតែមានលទ្ធភាពអាចទ្រទ្រង់បាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបន្តនិរន្តរភាពនៃជីវិតសង្គមមួយជាប្រក្រតីតាមគន្លងថ្មីដែលជាទស្សនវិស័យដែលយើងបានរៀបចំ និងដើរដោយខ្លួនយើង គ្មាននរណាមកដឹកដៃនោះទេ ។

សរុបមកវិញ ថ្ងៃ៧ មករា ១៩៧៩ ជាថ្ងៃរស់រានមានជីវិតជាថ្មី ថ្ងៃកំណើតនៃការអភិវឌ្ឍ ជាប្រភពកំណើតនៃសន្តិភាពនៅកម្ពុជា និងជាថ្ងៃដែលយើងទទួលបានមកវិញនូវសិទ្ធិរស់រានមានជីវិត ដែលជាមូលដ្ឋានគ្រឹះសំខាន់បំផុត ។ សក្ខីភាពទាំងនេះ ល្មមនឹងអាចបញ្ជាក់ថា ៧ មករា ១៩៧៩ គឺជាសច្ចភាពនៃប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលយើងមិនអាចបំភ្លេច បំភ្លៃ និងបំផ្លាញបានឡើយ៕

ដោយ​ ហេង បញ្

You do not have permission to write comment on this post.

Log in Register