ទោះបី ការផលិតអំបិលតាមសហគមន៍នីមួយៗធ្វើមិនបានគ្រប់ផ្ទៃដីនៃផែនការ ប៉ុន្តែទិន្នផលដែលទទួលបានប្រចាំឆ្នាំមិនបានថយចុះនោះទេ

Please log in or register to like posts.
ព័ត៌មាន

AKP កំពត ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ — ថ្វីត្បិតការផលិតអំបិលតាមសហគមន៍នីមួយៗ ធ្វើមិនបានគ្រប់ផ្ទៃដីនៃផែនការ ប៉ុន្តែទិន្នផលដែលទទួលបានប្រចាំឆ្នាំមិនបានថយចុះនោះទេ ហើយអំបិលដែលផលិតបាន ក៏អាចផ្គត់ផ្គង់ដល់ពលរដ្ឋនៅទូទាំងប្រទេសបានគ្រប់គ្រាន់ផងដែរ។ នេះជាការលើកឡើង របស់ លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពត នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។

លោកបានបញ្ជាក់ថា ផ្ទៃដីសម្រាប់ផលិតអំបិលមានសរុប ៣,៧២១.០២ហិកតា មានក្រុមផលិត១៧៩ក្រុម ប៉ុន្តែក្នុងឆ្នាំ២០២០ យើងផលិតបានត្រឹម ២,៨៥៧.២៣ ហិកតា និងមានក្រុមផលិតតែ១៣៩ក្រុម ដោយទទួលបានទិន្នផលសរុប ៨៣,៩៦៩.០៦៣ តោន ដោយយើងបានលក់ចែកចាយជាបន្តបន្ទាប់ ហើយក៏បានស្តុកទុកអំបិលនៅក្នុងឃ្លាំងចំនួន ១២,៦០១.៥៧៣ តោនផងដែរ។

លោក សុខ គឹមជឿន បានឱ្យដឹងទៀតថា ក្នុងចំណោមផ្ទៃដីផលិតអំបិលសរុបខាងលើ យើងបានបែងចែកជា ៦មណ្ឌល រួមមាន៖ ទី១-មណ្ឌលបឹងរូង១ ,ទី២-មណ្ឌលបឹងរូង២ ,ទី៣-មណ្ឌលសេះស, ទី៤-មណ្ឌលបឹងទូក, ទី៥-មណ្ឌលត្រើយកោះ និង ទី៦-មណ្ឌលកំពង់ត្រាច។

 

លោកបានបន្ថែមថា ក្នុងឆ្នាំ២០២០ បើទោះជាការផលិតអំបិលមិនបានគ្រប់ទំហំ ផ្ទៃដីសរុបក៏ពិតមែន តែទិន្នផលអំបិលមានការកើនឡើងលើសពីឆ្នាំ២០១៩ ហើយការ ផលិតអំបិលនេះគឺសម្រាប់យកទៅផ្គត់ផ្គង់ទីផ្សារទូទាំងប្រទេស ដោយពុំមានការខ្វះខាត ថែមទាំងបានស្តុកទុកក្នុងឃ្លាំងដើម្បីត្រៀមបង្ការផ្គត់ផ្គង់បន្ត ដោយមិនបានទិញពីប្រទេស ជិតខាងមកស្តុកទុកនោះឡើយ៕

ដោយ ប្រាក់ លាង

You do not have permission to write comment on this post.

Log in Register