អភិបាលខេត្តសៀមរាប សុំឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវទាំង៣៨ខ្សែ ដែលកំពុងស្ថាបនា សូមមានការយោគយល់ និងប្រុងប្រយ័ត្នខ្ពស់ ព្រោះមានរថយន្តច្រើន ចេញចូលដឹកជញ្ជូនដីសម្រាប់ធ្វើផ្លូវ

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ — ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងនៅក្នុងពិធីបើបវេសនកាល ឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យ១០មករាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះថា ក្រោយពិធីបើកការដ្ឋានស្ថាបនាផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០រួចមក ការ អនុវត្តគម្រោងផ្លូវ៣៨ខ្សែបានអនុវត្តន៍ព្រមៗគ្នាយ៉ាងមមាញឹក បូករួមទាំង គម្រោង អភិវឌ្ឍន៍ខេត្ត ដែលកត្តានេះនឹងធ្វើឱ្យមានការលំបាកក្នុងការធ្វើដំណើរ ដោយសារមានការ បិទផ្លូវដើម្បីឈូសឆាយ ជាមួយនឹងគ្រឿងចក្រ ឡានដឹកដី ដែលបង្កឱ្យមានការកកស្ទះ ឬក៏ដី ហុយ ក្នុងនោះក៏មានផ្លូវមួយចំនួនហើយបានបិទភ្លើងបំភ្លឺសាធារណៈ ដើម្បីពង្រីកផ្លូវឱ្យបាន ធំរួច ទើបរៀបចំប្រព័ន្ធភ្លើងបំភ្លឺផ្លូវឡើងវិញដែលជាហេតុធ្វើឱ្យពិបាកក្នុងការធ្វើដំណើរ។

ឯកឧត្តមបានសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានជាប់នឹងផ្លូវទាំង៣៨ខ្សែ និងអ្នកធ្វើដំណើរលើផ្លូវខាងលើទាំងអស់ សូមមេត្តាយោគយល់ និងចូលរួម គោរពច្បាប់ចរាចរណ៍ ប្រកបដោយការអធ្យាស្រ័យ និងស្តាប់តាមការណែនាំរបស់អជ្ញាធរខេត្ត ចៀសវៀងការធ្វើដំណើរតាមផ្លូវដែលកំពុងអនុវត្តគម្រោងក្នុងករណីមិនចាំបាច់។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បើតាមគម្រោងផ្លូវនេះនឹងធ្វើឱ្យរួចរាល់ រយៈពេល១៣ខែ ហើយពេលនោះមុខមាត់ខេត្តសៀមរាបនឹងល្អប្រសើរជាងមុន ជាពិសេស នៅពេលកូវីដ១៩ចប់ ភ្ញៀវទេសចរនឹងមកខេត្តយើងច្រើនវិញ ពេលនោះប្រជាពលរដ្ឋ យើងនឹងមានជីវភាពល្អឡើងវិញផងដែរ៕

ដោយ ឃុត សៅ

You do not have permission to write comment on this post.

Log in Register