រាជរដ្ឋាភិបាលបង្កើតគណៈកម្មការ និង អនុគណៈកម្មការ សម្រាប់ផលិតភាព​យន្ត​ ភា​គ​រឿ​ង​ កូ​ន​ប្រុ​ស​ក្រោ​​មពន្លឺព្រះចន្ទពេញបូណ៌មី

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ –រាជរដ្ឋាភិបាលកម្ពុជា​បា​នចេ​ញ​សេ​ច​ក្តី​ស​ម្រេ​ច​​ស្តីពី​កា​រ​ប​ង្កើ​តគណៈកម្មការ និងអនុគណៈ​កម្មការផលិតភាព​យន្ត​ភា​គ​រឿ​ង​«​កូ​ន​ប្រុ​ស​ក្រោ​​​​មព​ន្លឺ​​ព្រះ​​ច​ន្ទ​ពេ​ញ​បូណ៌មី» ដែលមានថ្នាក់​ដឹកនាំតាមក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការទទួលខុសត្រូវ និងមានភារកិច្ចផលិតភាព​យន្ដ​នេះ​ប្រកបដោយប្រសិទ្ធភាព។

ក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយ សម្តេចអគ្គម​ហាសេ​នា​ប​តី​តេជោ ហ៊ុន សែន កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ បានសម្រេចបង្កើតគណៈកម្មការផលិតភាព​យន្ត​ភា​គ​រឿ​ង​«​កូ​ន​ប្រុ​ស​ក្រោ​​មព​ន្លឺ​​ព្រះ​​ច​ន្ទ​ពេ​ញ​បូណ៌មី» ដែលមានសមាសភាព ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេ​ខា​ធិ​កា​រ​ក្រ​សួ​ង​ព័ត៌​មា​ន​ជា​ប្រ​ធា​ន លោក ហ៊ុយ វាសនា អ្នកនិពន្ធ និងដឹកនាំ​រឿង ជា​អនុប្រធាន ឯកឧត្តម នាយឧ​ត្ត​ម​សេ​នី​យ៍​ ណឹម សុវត្ថិ ទីប្រឹក្សារាជរដ្ឋាភិបាលជា​ទីប្រឹក្សា ឯកឧត្តម នាយឧត្តម សៅ សុខា អ​គ្គ​មេ​ប​ញ្ជា​ការរងនៃកងយោធពលខេមរភូមិន្ទ និង ជា​មេបញ្ជាការកងរាជអាវុធហ​ត្ថលើ​ផ្ទៃ​​​ប្រ​ទេ​ស​ជា​ទី​​ប្រឹ​​​ក្សា ឯកឧត្តម នាយឧត្តម​សេនីយ៍ ហ៊ីង ប៊ុនហៀង នាយរង​ខុទ្ទ​កាល័​យស​ម្តេច​តេ​ជោ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ជាទី​ប្រឹ​ក្សា ​និងមាន​សមាស​ភាព​មន្ត្រីម​កពីក្រ​សួង ​ស្ថា​ប័​ន​ ពា​ក់​ព័​ន្ធ​មួ​យ​ចំ​នួ​ន​ទៀ​ត​។​

ក្នុងសេចក្ដីសម្រេចបង្កើតគណៈកម្មការខាងលើនេះ ក៏មានភារកិច្ច ផលិតភាពយន្ត​ភាគ​​រឿង«​កូ​ន​ប្រុ​ស​ក្រោ​​មព​ន្លឺ​​ព្រះ​​ច​ន្ទ​ពេ​ញ​បូណ៌មី»ឱ្យបានល្អត្រឹមត្រូវតាមសាច់រឿងជាក់​ស្តែង​ស្របតាមកាលៈទេសៈ និងដំណាក់កាលនីមួយៗប្រកបដោយគុណភាព។ ទន្ទឹមនេះ ត្រូវទំនាក់​ទំនង និងសហការជាមួយអាជ្ញា​ធ​រ​ពា​ក់​ព័​ន្ធ និង ជំនាញទាំងអស់ដើម្បីផលិតភាព​យន្តភាគនេះ​ឱ្យមានភាពល្អ​ប្រសើ​រ​ប្រ​ក​ប​ដោយ​គុ​ណ​តម្លៃ។

ជាមួយគ្នានេះ ក្នុងសេចក្ដីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យ​អនុប្រធាន ទីប្រឹក្សា និងសមាជិកគណៈកម្មការត្រូវចូលរួ​ម​ប្រ​ជុំ​តា​ម​កា​រ​កោះ​អ​ញ្ជើញរបស់​ប្រធានគណៈកម្មការ។ អនុប្រធាន និងសមាជិកគណៈកម្មការត្រូវ  ជួ​យ​ប​ង្ក​លក្ខណៈ​ងាយ​ស្រួលគ្រប់បែបយ៉ាងជូនដល់ប្រធានគណៈកម្មការ លើការផលិត ភាពយន្ត​ភា​គ​នេះ​។ ក្នុង​ករណីចាំបាច់ ទីប្រឹក្សាមានសិទ្ធិក្នុងការប្រឹក្សាយោបល់ជូន​ដល់​គណៈកម្មការ ដើម្បីពិនិត្យ​និងសម្រេចរាល់កិច្ចការដែលពាក់ព័ន្ធនឹងការផលិតភាពយន្តភាគនេះ។

ក្នុងសេចក្ដីសម្រេចប្រមុខរាជរដ្ឋាភិបាលក៏បានណែនាំឱ្យអនុគណៈកម្មការចាត់ការទូទៅមាន​ភារកិច្ច​ចាត់ចែង និងសម្របសម្រួលរា​ល់​ត​​ម្រូវ​កា​រ​ក្នុ​ង​ការផលិតភាពយន្ត​ភាគ​នេះ​ឱ្យមានប្រសិទ្ធ​ភាពខ្ពស់។ អនុគណៈកម្មការនិពន្ធ ដឹ​ក​នាំ​​រឿង និងគ្រប់គ្រងតួសម្តែង មាន​ភារកិច្ច​ស្រាវ​ជ្រាវរៀបចំនិពន្ធ ដឹកនាំការសម្តែងនិងគ្រប់​​គ្រ​​ង​តួ​ស​ម្តែ​ងស្របតាម​គោល​ ការណ៍​បច្ចេក​ទេស។ ចំពោះអនុគណៈកម្មការគ្រប់គ្រងសម្ភារផលិតរឿង មានភារកិច្ចផ្គត់ ផ្គង់ គ្រប់គ្រង និងថែ​រ​ក្សា​រា​ល់​សម្ភារបច្ចេកទេសទាំងអស់ដែល​បម្រើឱ្យការផលិតភាព​យន្ត​ភាគនេះ។ អនុ​គណៈកម្ម​កា​រ​ប​ច្ចេ​កទេសថត កាត់តដំឡើងរូបភាព និងសំឡេង មាន​ភារកិច្ច​រៀបចំការ​ថត កាត់ត ដំឡើង​​រូ​ប​ភា​ព និងសំឡេង ហើយចងក្រងឱ្យទៅជាភាព​យន្ត​សម្រេច។

ដោយឡែកអនុគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ មានភារកិច្ចរៀបចំចាត់ចែង និង ផ្គត់ផ្គង់រាល់​កា​រចំណាយទាំងអស់ក្នុងការផលិតភាពយន្តភាគនេះ ចាប់ពីពេលរៀបចំ​ផលិតរហូតត្រូវបា​ន​ប​ញ្ចប់ជាស្ថាពរ។ រាលការចំណាយទាំងអស់ ត្រូវមានការឯកភាពពី​ប្រធានគណៈកម្មការ។

យោងតាមសេចក្តីសម្រេចក្នុងប្រការ៣ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និ​ង វិចិ​ត្រ​សិ​ល្បៈ​ និង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និង សាមីខ្លួន ដូចមានចែង​ក្នុងប្រការ១ និងប្រការ២ ត្រូវទទួលបន្ទុកអនុវត្តន៍សេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗ​ខ្លួន​ឱ្យមានប្រសិទ្ធភា​ពខ្ព​ស់​​​ចា​ប់​ពី​​​ថ្ងៃចុះ​ហត្ថ​លេខាតទៅ៕

ដោយ៖ គង់ សិរីរ័ត្ន

You do not have permission to write comment on this post.

Log in Register