បើកវគ្គគ្រូបច្ចេកទេស និងចៅក្រម មុនពេលប្រកួតកីឡាកាយសម្ព័ន្ធ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ​ ថ្ងៃទី១៤​ ខែមករា ឆ្នាំ២០២១ — សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបើកវគ្គបំប៉នគ្រូបង្វឹក ចៅក្រមរបស់ខ្លួនរយៈពេល២ថ្ងៃគឺថ្ងៃទី១៤ និងទី១៥ ខែមករា មុនពេលការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកជាតិប្រចាំឆ្នាំ២០២០ និងប្រកួតដណ្ដើមពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៤ ដែលគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅសាលដំបូលទូក ពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានឱ្យដឹងថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន៣០រូប ដែលជាគ្រូបង្វឹកមកពីបណ្ដារាជធានី-ខេត្តចំនួន៤ ដែលបានចូលរួម។ រាជធានីខេត្តដែលបានចូលរួមមានក្រសួងមហាផ្ទៃ ខេត្តតាកែវ ខេត្តក្រចេះ និងខេត្តកំពង់ឆ្នាំង។ កីឡាករ កីឡាការិនីដែលចូលរួមប្រកួតមានចំនួន៦៤នាក់គឺដូចគ្នានឹងឆ្នាំកន្លងទៅដែរ។ អគ្គលេខាធិការរូបនេះបន្ថែមថា តាមពិតអ្វីៗទាំងគ្រូបង្វឹក ទាំងមន្ត្រីបច្ចេកទេសសុទ្ធតែចេះដឹងអស់ហើយតែវគ្គនេះគឺចង់ឱ្យពួកគាត់ដឹងពីការប្រែប្រួលថ្មីៗលើបទបញ្ជា និងបញ្ហាផ្សេងៗទៀតរបស់សហព័ន្ធអន្តរជាតិ។ វគ្គបំប៉នមុនការប្រកួតនេះមានបង្រៀនដោយគ្រូឧទ្ទេស លោកអគ្គលេខាធិការ ណយ ផាណា និង លោក សោ សុផេង។

នេះជាការប្រកួតជ្រើសរើសកីឡាករ កីឡាការិនីប្រចាំឆ្នាំ២០២០និងជ្រើសរើសកីឡាករកីឡាការិនីឆ្នើមសម្រាប់ការប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិឆ្នាំ២០២១ ដើម្បីត្រៀមលក្ខណៈចេញទៅហ្វឹកហាត់នៅប្រទេសចិន ក្នុងឆ្នាំ២០២១នេះ។ ការប្រកួតនេះគឺមិនមានការកម្រិតអាយុឡើយតែកីឡាករកីឡាការិនីត្រូវតែមកពីបណ្ដាក្លិបឬសមាគមដែលជាសមាជិករបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។

សូមបញ្ជាក់ថា កាយសម្ព័ន្ធចែកចេញជា២ប្រភេទ គឺកាយសម្ព័ន្ធអាអេរ៉ូប៊ិក(Aerobic)  និងកាយសម្ព័ន្ធអាកទីស្ទីក (Artistic)។ ចំពោះវិញ្ញាសាដែលដាក់ឱ្យប្រកួតនោះមាន៖សម្រាប់ប្រភេទកាយសម្ព័ន្ធអាកទីស្ទីក (Artistic) វិញ្ញាសាប្រកួតជាក្រុម៦នាក់បុរស ការប្រកួតសរុបឧបករណ៍ទាំង៦ (ឧបករណ៍កម្រាល សេះលោត សេះកង របាស្រប កង និង របាហ្នឹង)។ ឧបករណ៍ជំនាញបុរសសេះលោតជំនាញសេះកង ជំនាញកម្រាល ជំនាញកង ជំនាញរបាស្រប និង ជំនាញរបាហ្នឹង។  ចំពោះកាយសម្ព័ន្ធអាអេរ៉ូប៊ិក(Aerobic)  វិញមានវិញ្ញាសាឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី វិញ្ញាសាគូចម្រុះ (បុរស នារី) អាអេរ៉ូប៊ិកទ្រីយ៉ូ (TRIO) បុរស-នារី និងវិញ្ញាសាអាអេរ៉ូប៊ិកក្រុមចម្រុះ៥នាក់៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register