រដ្ឋមន្រ្ដីក្រសួងព័ត៌មានចាត់ទុកការសរសេរ ចង​ក្រងឯកសារជាសៀវភៅស្ដីពី Hun Sen-War & Peace in Cambodia and Southeast Asia គឺជាផ្នែកមួយយ៉ាងធំនិងជាស្នាដៃនិពន្ធរបស់ខ្មែរ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានចាត់ទុកការសរសេរ ចង​ក្រង ឯកសារជាសៀវភៅស្ដីពី “Hun Sen – War & Peace in Cambodia and Southeast Asia” របស់​ឯកឧត្តម ឆាយ សុផល គឺជាផ្នែកមួយយ៉ាងធំល្អប្រសើរ ដែលនេះគឺជាស្នាដៃនិពន្ធ​របស់ ខ្មែរ បានសរសេរពីប្រវត្តិសាស្រ្តរបស់ខ្មែរ និងប្រវត្តិរបស់សម្តេចតេជោ ហ៊ុន សែន ខណៈ​មាន បរទេសក៏បានសរសេរប្រវត្តិ និងសៀវភៅខ្លះៗដែរ តែមិនទាន់ចេញនៅឡើយ។ ចំពោះសៀវ ភៅស្តីពីជីវប្រវត្តិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរា​ជាណាចក្រកម្ពុជា ជាភាសាអង់គ្លេសដែលមានចំណងជើងថា “Hun Sen – War & Peace in Cambodia and Southeast Asia” ដែលមានន័យជាភាសាខ្មែរថា “ហ៊ុន សែន-សង្គ្រាម និង​សន្តិភាព នៅកម្ពុជា និងអាស៊ីអាគ្នេយ៍” ជាស្នាដៃនិពន្ធដោយ ឯកឧត្តម ឆាយ សុផល ជា​សាស្រ្ដាចារ្យផ្នែកសារព័ត៌មាន និងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវបាន​ធ្វើពិធីប្រគល់ និងទទួលសៀវភៅ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ជូនដល់ក្រសួង​ព័ត៌មាន ដោយមាន​ការអញ្ជើញចូលរួមពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ការសរសេរ និងចងក្រងសៀវភៅនេះ ពិត​ជា​មានសារៈសំខាន់ដែលមានខ្មែរជាអ្នកសរសេរ មិនមែនបរទេស ហើយថ្ងៃក្រោយ​បរទេស​ចង់​​សរសេរ​ពីខ្មែរ ពួកគេនឹងយកឯកសារពីខ្មែរ មិនមែនគេសរសេរប្រវត្តិសាស្រ្តរបស់ខ្មែរ ទៅ​សួរបរ​ទេស​នោះ​ទេ។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកពីប្រវត្តិតស៊ូ ការខិតខំ​ប្រឹងប្រែងរបស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងនាមជាអ្នកដឹកនាំប្រទេស តាំងពីនៅគ្រាលំបាក ខ្វះខាតគ្រប់បែបយ៉ាង និងប្រទេសជាតិកំពុងស្ថិតក្នុងសង្គ្រាម រវាងខ្មែរនិងខ្មែរគ្នាឯង។ ទន្ទឹមនេះ ក្នុងកាលៈទេសៈ​នោះ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានធ្វើការពិចារណាគ្រប់បែបយ៉ាងដោយមិនចង់​បញ្ចប់​សង្គ្រាម ដោយសង្រ្គាមនោះទេ  ដោយបានដាក់ចេញនូវផែនការចរចាជាមួយពួកខ្មែរក្រហម ទោះបីមានការជំទាស់ពី ក្នុងជួររដ្ឋាភិបាលខ្លះៗក្តី។ ប៉ុន្តែសម្តេចតេជោបានដាក់ចេញ​ជា​នយោ​បាយ ឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជា រហូតទទួលបានជោគជ័យ មកដល់ពេល​បច្ចុប្បន្ននេះ ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងនូវមតិមួយចំនួនដែលថា សម្តេចតេជោ ហ៊ុន សែន មិនបានរៀនសូត្រជ្រៅជ្រះ រហូតដល់មហាវិទ្យាល័យអ្វីនោះទេ ប៉ុន្តែនេះ ជាការគិតខុស ទាំងស្រុង អ្វីដែលសំខាន់សម្តេចតេជោមានបទពិសោធន៍ និងការគិតពិចារណាបានល្អ វែង​ឆ្ងាយទៅមុខ ហើយទទួលលទ្ធផលជោគជ័យ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា ប្រទេស​កម្ពុជា​​ពិតជាមានសំណាង ដែលមានសម្តេចតេជោ ហ៊ុន សែន បើសិនជាគ្មានមនុស្ស​ម្នាក់​នេះទេ មិន​​ដឹងប្រទេសកម្ពុជា រហូតមកដល់ពេលនេះ ទៅជាយ៉ាងណានោះទេ។

បើតាមការបញ្ជាក់របស់ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជា​អ្នកសរសេរសៀវភៅស្ដីពី “Hun Sen – War & Peace in Cambodia and Southeast Asia” បានគូសបញ្ជាក់ថា សៀវភៅនេះបានបង្ហាញពីព្រឹត្តិការណ៍នៅកម្ពុជា ចាប់តាំងពី​ឆ្នាំ១៩៧០ មក រហូតដល់ឆ្នាំ២០២០ ដែលប្រទេសកម្ពុជាឆ្លងកាត់គ្រប់រសជាតិ ពិសេសខណៈ​ពេលដែល​មហាអំណាចបស្ចិមប្រទេស និងអាស៊ី កំពុងប្រកួតប្រជែងគ្នា ទាំងសព្វាវុធ បច្ចេក​វិទ្យា សេដ្ឋកិច្ច ពាណិជ្ជកម្ម មនោគមន៍វិទ្យា និងភូមិសាស្ត្រនយោបាយ។  ឯកឧត្ដមបានបន្ដថា ជាការពិត​ណាស់ ប្រជាជនកម្ពុជា រួមទាំងបរទេសផងបានស្គាល់ សម្តេចតេជោ ហ៊ុន សែន ជានរណា ប៉ុន្តែពួកគាត់ទំនងជាមិនបានដឹងពីបញ្ហាប្រទាក់ក្រឡាគ្នាជាច្រើនដែលប្រទេស កម្ពុជាបានឆ្លង​​​កាត់កលយុគ្គ បង្ហូរឈាមកាប់សម្លាប់គ្នាក្នុងភ្លើងសង្គ្រាម រួមទាំងប្រល័យ​ពូជ​សាសន៍ឯង រហូត​​ដល់ប្រទេសមានសន្តិភាព រហូតមកដល់ពេលនេះ។ ឯកឧត្តមបានបន្ថែមថា បើទោះ​ជាសៀវភៅនេះបានលើកយកសម្តេចតេជោ ហ៊ុន សែន ជាតួអង្គ ដែលក្នុងសៀវភៅ​បាន​​រៀប​​រាប់ពីព្រឹត្តិការណ៍នយោបាយយោធា និងសង្គម​ផ្ទៃ​ក្នុង​ប្រទេសកម្ពុជា រួមនឹងកិច្ចការ​បរទេស​ដែលពាក់ព័ន្ធនឹងកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ បើគិតមកដល់ពេលនេះ ឯកឧត្តម ឆាយ សុផល បានសរសេរសៀវភៅជាង ១០ក្បាលហើយ ដោយរួមមានទាំងភាសាខ្មែរ ភាសា​អង់​គ្លេស និងភាសាចិន។

សូមបញ្ជាក់ផងដែរថា សៀវភៅ “Hun Sen – War & Peace in Cambodia and Southeast Asia” បានបោះពុម្ពចំនួនមួយម៉ឺនច្បាប់ ដែលចំណាយថវិកាជាង៧ ម៉ឺនដុល្លារ​អាម៉េរិក និងមានដាក់លក់នៅតាមបណ្ណាគារធំៗ ក្នុងរាជធានីភ្នំពេញ ពិសេសនៅអាកាស​យាន​ដ្ឋានអន្តរជាតិ និងចែកជូនមន្ត្រីការទូតខ្មែរ និងបរទេសផងដែរ។ សៀវភៅនេះ ក៏បាន​ប្រគល់ជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានចំនួន ១០០ ច្បាប់ ដោយក្នុងនោះ ឯកឧត្តម​រដ្ឋមន្រ្តីក៏បានផ្តល់ជូនទៅគ្រប់អគ្គនាយកដ្ឋានទាំង៥ ដោយក្នុង១អគ្គនាយកដ្ឋាន​ទទួលបាន​សៀវភៅ ៣ ច្បាប់ ជូនដល់បណ្តាមន្ទីរព័ត៌មាន ២៥ ខេត្ត ក្រុង ក្នុង ១ ខេត្ត ក្រុង ទទួលបាន២ ច្បាប់ ហើយនៅសល់ដាក់ក្នុងបណ្ណាល័យក្រសួងព័ត៌មាន៕

ដោយ៖ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា

You do not have permission to write comment on this post.

Log in Register