ប្រធានរដ្ឋសភាកម្ពុជា និងចិន គំាទ្រសមិទ្ធផលជាច្រើន កើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ –រដ្ឋសភាកម្ពុជា និងចិន បានគំាទ្រចំពោះសមិទ្ធផលជាច្រើនដែលកើតចេញពីទំនាក់ ទំនងដ៏ល្អរវាងប្រទេសទំាងពីរ ក្នុងរយៈពេល៦៣ឆ្នាំនៃចំណងការទូតនៃប្រទេសទំាងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តម លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទំាងប្រទេសចិន បានប្តេជ្ញារួមគ្នាគំាទ្រ និងថែរក្សាលើកកម្ពស់ ទំនាក់ទំនងជាប្រពៃណីប្រទេសទាំងពីរឱ្យបានរឹងមាំយូរអង្វែង ដើម្បីតម្កល់ផល ប្រយោជន៍ ដល់ប្រទេស និងប្រជាជនទំាងសងខាង។        ការបេ្តជ្ញាចិត្តរបស់ថ្នាក់ដឹកនាំសភា ប្រទេស ទំាងពីរ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។

នៅក្នុងកិច្ចប្រជុំនោះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ៦៣ឆ្នាំ នៃទំនាក់ទំនង ការទូតប្រទេសទំាងពីរ បានចាក់ឬសយ៉ាងរឹងមាំ និងក្លាយជាកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ផ្តល់ផលប្រយោជន៍សន្ធឹកសន្ធាប់សម្រាប់ប្រជាជនទំាងសងខាង និងបានចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។

សម្តេចប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាអាទិ៍មាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា -ចិន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅផ្សេងៗទៀតជាច្រើន។

ឯកឧត្តម លី ចាន់ស៊ូ  បានកត់សម្គាល់ថា ឆ្នាំ២០២០ ដែលពិភពលោកជួបការ លំបាក ដោយសារជំងឺកូវីដ១៩ កម្ពុជា និងចិន បានពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរកាន់តែរឹងមាំឡើង តាមរយៈសកម្មភាពជួយគ្នា ទៅវិញទៅមក នៅក្នុងនោះមានដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន មកកាន់ប្រទេសចិន។ បន្ទាប់មកប្រទេសចិនបានបញ្ជូនជំនួយជាសម្ភារវិជ្ជសាស្រ្ត និងក្រុមគ្រូពេទ្យទៅ កាន់ប្រទេសកម្ពុជា ចូលរួមប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩។ ថ្មីៗនេះសាធារណរដ្ឋប្រជាមានិតចិន ដោយមានឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី បានថ្វាយសម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ នូវគ្រឿងឥស្ស រិយយសដ៏ខ្ពង់ខ្ពស់ “មិត្តភាពនៃ សាធារណរដ្ឋប្រជាមានិតចិន” និងបានផ្តល់វ៉ាក់សំាងការពារកូវីដ១៩ ដល់ ប្រទេសកម្ពុជា ទៀតផង។ ឯកឧត្តម លី ចាន់ស៊ូ បានលើកឡើងថា វ៉ាក់សំាងការពារ ជំងឺកូវីដ១៩ ប្រទេសចិន មានតម្រូវការច្រើនក្នុងការ ចាក់ជូនពលរដ្ឋខ្លួន ប៉ុន្តែផ្អែកលើចំណង មិត្តភាពរវាងប្រទេស និងប្រជាជន នៃប្រទេសទំាងពីរ ប្រទេសចិនមិនភ្លេចមិត្តកម្ពុជានោះឡើយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអរគុណដល់ប្រទេសចិន ដែលជានិច្ច កាលគាំទ្រដល់បុព្វហេតុដ៏ត្រឹមត្រូវ របស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសនៅក្នុងពេលថ្មីៗនេះ មិត្តចិនបានសម្រេចឧបត្ថម្ភវ៉ាក់សំាងចំនួន ១លានដុស ដល់កម្ពុជា។ វ៉ាក់សំាង ដែលរកឃើញ ដោយប្រទេសចិននោះ  នឹងចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជា ក៏ដូចជា នៅលើពិភពលោកទាំងមូល។ សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ក្នុងគ្រាដ៏លំ បាកនេះ ដូចជាពេលផ្ទុះឡើងនូវជំងឺកូវីដ១៩នេះ ទំនាក់ទំនងទ្វេភាគីប្រទេសទំាងពីរកាន់តែមាន ភាពស៊ីជម្រៅ។ ពិតណាស់ដូចសុភាសិតខ្មែរពោលថា មិត្តពិតប្រាកដ ជាមិត្តដែល ជួយគ្នាក្នុងគ្រាក្រ។ សម្តេចអគ្គមហាពញាចក្រី មានប្រសាសន៍ថា កម្ពុជាតែងតែប្រកាន់ ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ “គោលនយោ បាយចិនតែមួយ” និងគាំទ្រចំពោះកិច្ចប្រឹងប្រែង របស់រដ្ឋាភិបាលចិន ក្នុងកិច្ចការពារអធិបតេយ្យជាតិ និងបូរណ ភាពដែនដី។

ប្រធានស្ថាប័នសភាប្រទេសកម្ពុជា និងចិន បានប្រកាសពីការត្រៀមជាស្រេច ក្នុងការពង្រឹងកិច្ចសហការឱ្យជិតស្និទ្ធថែមទៀត រវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ ដើម្បីបន្តថែរក្សា និងជំរុញមិត្តភាពជាប្រពៃណី ដែលត្រូវបានកសាងយ៉ាងរឹងមាំ ដោយថ្នាក់ ដឹកនាំជំនាន់មុនៗឱ្យកាន់តែស្អិតរមួត និងស្ថិតស្ថេរយូរអង្វែង និងបន្តគាំទ្រគ្នាទៅវិញ ទៅមករវាងស្ថាប័ន សភាទាំងពីរនៅលើបញ្ហាតំបន់ និងអន្តរជាតិ។

ឯកឧត្តម លី ចាន់ស៊ូ បានគូស បញ្ជាក់ថា កិច្ចសហប្រតិបត្តិការសភា ប្រទេសទំាងពីរមានសារៈសំខាន់ នៅក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។ សភាប្រជាជនចិនបានភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយព្រឹទ្ធសភានិងរដ្ឋសភាកម្ពុជា។

ឯកឧត្តមបានស្នើឱ្យស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ រក្សាទំនាក់ទំនង ជាមួយគ្នាតាមប្រព័ន្ធវីដេអូនៅគ្រាដែលជំងឺកូវីដ១៩មិនទាន់ធូរស្រាល នៅពេលជំងឺនេះ បានធូរស្រាល សភាប្រទេសទំាងពីរគួរបង្កើតការផ្លាស់ប្តូរដំណើរទស្សនកិច្ច នូវគ្រប់កម្រិត រវាងគ្នាទៅវិញទៅមកឡើងវិញ។ ឯកឧត្តមបានប្រកាសជាថ្មីថា ចិនបានត្រៀមជួយកម្ពុជានៅ គ្រប់កាលៈទេសៈ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋកម្ពុជា៕

ដោយ ប៉ាល់សុង

You do not have permission to write comment on this post.

Log in Register