បទវិចារណកថា៖ កម្ពុជា និងជម្រើសនៃវ៉ាក់សាំងប្រឆាំងកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ — វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩​​ នៅពេលបច្ចុប្បន្ននេះមានច្រើន ដែលត្រូវបានប្រទេសមួយចំនួនទទួលស្គាល់ ហើយចាក់ជូនប្រជាពលរដ្ឋរបស់ពួកគេ ដោយវាក់សាំងទាំងនោះ មានវ៉ាក់សាំង រុស្ស៊ី ចិន អាមេរិក អឺរ៉ុប ហើយថ្មីៗនេះគឺឥណ្ឌា។ វ៉ាក់សាំងទាំងនោះត្រូវបានទទួលស្គាល់ និងទទួលយកចាក់ជូនប្រជាពលរដ្ឋតាមឥទ្ធិពលនយោបាយ និងតាមធនធាន ព្រមទាំងតាមភូមិសាស្រ្ត ប៉ុន្តែសម្រាប់កម្ពុជា ជំហរដែលប្រមុខរាជរដ្ឋាភិបាលបានប្រកាសគឺ កម្ពុជាទទួលស្វាគមន៍គ្រប់វ៉ាក់សាំងទាំងអស់ ឱ្យតែវ៉ាក់សាំងនោះមានសុវត្ថិភាពពិតប្រាកដ ហើយដាច់ខាតមិនយកប្រជាពលរដ្ឋកម្ពុជាសម្រាប់ពិសោធន៍ឡើយ។

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្រេចចិត្តផ្នែកនយោបាយមួយ កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដោយយល់ព្រមទទួលយកវ៉ាក់សាំងពីប្រទេសចិន ប៉ុន្តែនោះមិនមែនមានន័យថា កម្ពុជាមិនទទួលស្គាល់វ៉ាក់សាំងជាងប្រទេសដទៃទៀតឡើយ ។​

ដើម្បីជួយស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋកម្ពុជា ពីការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ខណៈដែលកម្ពុជាកំពុងតែប្រឈមនឹងការកើនឡើងនៃករណីវិជ្ជមាន ពីមួយថ្ងៃទៅមួយថ្ងៃ សម្តេចតេជោ បានសម្រេចទទួលយកវ៉ាក់សាំង Sinovac & Sinopharm ដែលផលិតឡើងដោយប្រទេសចិន ចំនួន ១លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ចំនួន ៥០ម៉ឺននាក់ ប៉ុន្តែកម្ពុជានៅតែបន្តរក្សាគោលជំហរ និងស្វាគមន៍គ្រប់វ៉ាក់សាំងដែលមានប្រសិទ្ធភាព មានផលប៉ះពាល់នៃកាកសំណល់វេជ្ជសាស្រ្តទាប ហើយជាពិសេសគឺបន្តគោលជំហរដាច់ខាត តាមយន្តការ COVAX របស់អង្គការសុខភាពពិភពលោក ។ នារយៈពេលកន្លងមក សម្តេចតេជោ តែងតែបានថ្លែងការអបអរសាទរគ្រប់វ៉ាក់សាំង ដែលបានស្រាវជ្រាវឃើញ ដោយរួមទាំងវ៉ាក់សាំងរបស់រុស្ស៊ី ហើយថ្មីៗនេះ សម្តេចក៏ស្វាគមន៍ឥណ្ឌា ដែលបានរកឃើញ និងដាក់ឱ្យប្រើប្រាស់នូវវ៉ាក់សាំងរបស់ខ្លួន ព្រមទាំងស្នើសុំលោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីជួយសម្របសម្រួលផ្តល់នូវផ្តល់វ៉ាក់សាំងនោះមកកម្ពុជាផងដែរ​។

ជាការពិត រហូតមកទល់ថ្ងៃនេះ មិនទាន់មានវ៉ាក់សាំងណាមួយត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនៅឡើយទេ​ ដោយឡែកពាក់ព័ន្ធនឹងប្រសិទ្ធភាព និងគុណភាព របស់វ៉ាក់សាំងក៏ពុំទាន់មានវ៉ាក់សាំងរបស់ប្រទេសណាមួយមានប្រសិទ្ធភាព១០០%ដែរ ប៉ុន្តែមានវ៉ាក់សាំងជាច្រើនប្រភេទ ត្រូវបានផលិតរួចមកហើយដោយប្រទេសធំៗមួយចំនួននៅក្នុងពិភពលោក មានដូចជា Oxford Uni-Astra Zeneca របស់ប្រទេសអង់គ្លេស Moderna របស់សហរដ្ឋអាមេរិក BioNTech Pfizer របស់អាល្លឺម៉ង់-អាមេរិក Sputnik V របស់ប្រទេសរុស្ស៊ី និង Sinovac-Sinopharm របស់ប្រទេសចិនជាដើម។ ដោយសភាពនៃការឆ្លង និងការវិវត្តទៅមុខនៃមេរោគមានសភាពស្រួចស្រាល ដែលគិតមកដល់ត្រឹមម៉ោង ០០:៤៤ ព្រឹក ម៉ោងសាកល GMT+7 ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោកបានប្រកាសថា មានអ្នកឆ្លងចំនួន ​៩៤ ១២៤ ៦១២ នាក់ និង ស្លាប់ចំនួន ២ ០៣៤ ៥២៧ នាក់​។ ប្រទេសនានាដែលមានក្រុមហ៊ុន និងអ្នកវិទ្យាសាស្រ្តពួកគេរកឃើញវ៉ាក់សាំង គឺបានសម្រេចចិត្តប្រកាសប្រើប្រាស់នូវវ៉់ាក់សាំងដែលបានរកឃើញ ដោយប្រញាប់ប្រញ៉ាល់បំផុត ដោយមិនអនុលោមតាមស្តង់ដារវ៉ាក់សាំងដែលកំណត់ដោយអង្គការសុខភាពពិភពលោក ។

ដោយឡែកមកដល់ពេលនេះ កម្ពុជាមិនដែលបង្ហាញជំហរណាមួយប្រឆាំងនឹងវ៉ាក់សាំងណាមួយទេ ហើយការប្រកាសជំហរទទួលវ៉ាក់សាំងដែលប្រកាសផ្តល់ដោយប្រទេសចិន ក៏កម្ពុជាមិនបានបង្ហាញនូវចំណុចណាមួយថា កម្ពុជាមិនទទួលស្គាល់វ៉ាក់សាំងផ្សេងទៀតដែរ ។​ សម្តេចតេជោ បានប្រកាស និងពន្យល់អំពីគោលនយោបាយវ៉ាក់សាំងប្រឆាំងមេរោគកូវីដ​-១៩នេះ ជាច្រើនលើកច្រើនសារ រួចមកហើយ។​​

ពាក់ព័ន្ធនឹងវ៉ាក់សាំងទីមួយដែលសម្តេចតេជោ លោកបានប្រកាសទទួលយក ទីភ្នាក់ងារសារព័ត៌មានកម្ពុជា សូមណែនាំមិត្តអ្នកអានជ្រាបថា វ៉ាក់សាំងការពារវីរុសកូវីដ-១៩នេះ គឺមួយផលិតដោយក្រុមហ៊ុនឯកជនមួយ ឈ្មោះថា Sinovac Biotech Ltd. ដែលកាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០២០កន្លងទៅ ប្រទេសចិនបានអនុញ្ញាតឱ្យក្រុមហ៊ុននេះ ធ្វើការសាកល្បងផលិតវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដែលមានឈ្មោះថា CoronaVac ហើយនៅពាក់កណ្តាលឆ្នាំ២០២០ CoronaVac បានអភិវឌ្ឍមកដល់ដំណាក់កាលទី៣ និងត្រូវបានប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ ក្នុងប្រទេសជាច្រើន ដូចជា ប្រេស៊ីល ឈីលី ឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រទេសតួកគី ជាដើម។ ដោយឡែកនៅក្នុងប្រទេសចិនឯណោះវិញ វាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដូចគ្នា ក្រោមលក្ខខណ្ឌនៃតម្រូវការបន្ទាន់ផងដែរ ហើយប្រសិទ្ធភាពវានៅតំបន់ខ្លះ មានពី៥០% ទៅ ៩០% ហើយនៅតំបន់ខ្លះទៀតមានប្រសិទ្ធភាព រហូតដល់៩១%។ រីឯ Sinopharm ជាឈ្មោះក្រុមហ៊ុនសម្ព័ន្ធសាជីវកម្មវេជ្ជឱសថជាតិចិន (China National Pharmaceutical Group Corp.) ដែលជាសហគ្រាសគ្រប់គ្រងដោយរដ្ឋាភិបាលចិន។ Sinopharm កំពុងអភិវឌ្ឍវ៉ាក់សាំង ចំនួន០២ ដែលមួយផលិតដោយ វិទ្យាស្ថានផលិតផលជីវសាស្ត្រ នៃទីក្រុងវូហាន និងមួយទៀតផលិតដោយ វិទ្យាស្ថានផលិតផលជីវសាស្ត្រ នៃទីក្រុងប៉េកាំង។ និយាយជារួមគឺស្ថាប័នទាំងពីរនេះ កំពុងតែផលិតវ៉ាក់សាំងការពារវីរុសកូវីដ-១៩ តាមបែបដូចគ្នា ហើយបើនិយាយពីប្រសិទ្ធភាព Sinopharm មានត្រឹមតែ ៧៩%ប៉ុណ្ណោះ ប៉ុន្តែប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលបានប្រកាសទទួលស្គាល់វ៉ាក់សាំងនេះ កាលពីពេលថ្មីៗ បានអះអាងថាវាប្រសិទ្ធភាពរហូតដល់ ៨៦%។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា សូមអនុញ្ញាតចែករំលែកថា Sinovac និង Sinopharm គឺជាវ៉ាក់សាំង ផ្តល់ជូនដោយប្រទេសចិន ហើយកម្ពុជាទទួលយក ដោយឈរលើមូលហេតុមួយចំនួនដូចជា ការរក្សាទុកវ៉ាក់សាំងទាំងនេះមានសភាពងាយស្រួល ខណៈដែលសីតុណ្ហភាពត្រូវរក្សាទុកសមស្របជាមួយនឹងអាកាសធាតុរបស់កម្ពុជា នោះគឺស្ថិតនៅក្នុងសីតុណ្ហភាព ២ ដល់ ៨អង្សារ លើសូន្យ ប្រៀបធៀបទៅនឹងវ៉ាក់សាំងនៃប្រទេសមួយចំនួន គឺសិ្ថតនៅក្នុងសីតុណ្ហភាព ៧០អង្សាក្រោមសូន្យ ដែលហួសពីសមត្ថភាពនៃការគ្រប់គ្រងរបស់កម្ពុជា ប៉ុន្តែយោងតាមប្រសាសន៍សម្តេចតេជោ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជាក៏បាន និងកំពុងសាងសង់ឃ្លាំងសម្រាប់ស្តុកវ៉ាក់សាំងផងដែរ ដែលអាចរក្សាទុករហូតដល់ ៨០អង្សារក្រោមសូន្យ។ ក្រៅពីនេះ ការដឹកជញ្ជូន ក៏នឹងងាយស្រួលជាង ពីប្រទេសចិន មកកាន់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

ដោយឈរលើគោលការណ៍សុវត្ថិភាព និងជំរុញខឿនការពារជាតិ ជាពិសេសគឺបង្ហាញពីការទទួលខុសត្រូវ​នៅក្នុងនាមជាមេដឹកនាំ ដែលសម្រេចចិត្តទទួលយកនូវវ៉ាក់សាំងដំបូងពីប្រទេសចិន សម្តេចតេជោ ហ៊ុន សែន​ បានប្រកាសកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ថា “ដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់​សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ-១៩ ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសថាវ៉ាក់សាំងដែលនឹងចាក់លើកទីមួយ និងមុនគេ គឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែម្តង”។

សរុបមក ការរៀបចំគោលនយោបាយ និងការអនុវត្តកម្មវិធីវ៉ាក់សាំង ក៏ដូចជាយុទ្ធសាស្រ្តប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា គឺមិនមែនថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាធ្វើ និងអនុវត្តដោយគ្មានគោលនយោបាយណាមួយច្បាស់លាស់ ឬយកអាយុជីវិតពលរដ្ឋមកសាកល្បងនោះឡើយ ។ គ្រប់សកម្មភាព គ្រប់កម្មវិធី គ្រប់ការអនុវត្ត គឺសុទ្ធតែដើរតាមជំហាន និងគោលនយោបាយមួយដែលមានការសិក្សា ការវិភាគ និងការស្ទាប់ស្ទង់យ៉ាងល្អិតល្អន់ ក្នុងគោលបំណងតែមួយ គឺការពារសន្តិសុខ ការពារសុវត្ថិភាព ​និងផ្តល់សុភមង្គល និងការអភិវឌ្ឍ ប្រកបដោយសន្តិភាព និងសុខដុមនីយកម្មរបស់ជាតិទាំងមូល៕

ដោយ ផែន រតនៈ

You do not have permission to write comment on this post.

Log in Register