ក្រសួងអប់រំបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ឧបករណ៍​បច្ចេក​វិទ្យាព័ត៌មាន​ជំនួយ​ដល់ការបង្រៀន និងរៀនតាមបែបឌីជីថលដល់មន្រ្ដីអប់រំ

Please log in or register to like posts.
ព័ត៌មាន

AKP ស្វាយរៀង ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ — នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះ​បណ្ដាលស្ដីពីការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មានជំនួយដល់ការបង្រៀន និងរៀន​បែប ឌីជីថល នៅការិយាល័យអង្គការឆាលហ្វាន់កម្ពុជា ប្រចាំខេត្តស្វាយរៀង ជូនដល់​សាលា​បឋមសិក្សាសាធារណៈចំនួន១៥គ្រឹះស្ថាន ដែលស្ថិតនៅក្នុងស្រុកស្វាយជ្រំ ខេត្ត​ស្វាយរៀង។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងក្រោមគម្រោងបំពាក់សម្ភារ ឌីជីថល​សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដែល​ឧបត្ថម្ភថវិកាដោយអង្គការឆាលហ្វាន់កម្ពុជា។

ថ្លែងក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាល លោក ប្រាស្សាន វើម៉ា នាយកប្រចាំប្រទេស អង្គការឆាលហ្វាន់កម្ពុជាបានលើកឡើងអំពីសារៈសំខាន់នៃបច្ចេកវិទ្យានៅក្នុងវិស័យអប់រំ និងសារៈសំខាន់របស់គ្រូបង្រៀនសម្រាប់ប្រទេសជាតិ ដោយលើកទឹកចិត្តឱ្យគ្រូ បង្រៀន​ទាំងអស់ខិតខំសិក្សា ដើម្បីអាចយកទៅប្រើប្រាស់បាននៅតាមសាលារៀនរៀងៗខ្លួន។ លោកក៏បានថ្លែងអំណរគុណដល់ក្រសួងអប់រំ និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ដែល​បានសហការក្នុងការនាំបច្ចេកវិទ្យាថ្មីៗមកក្នុងគម្រោងនេះ ជាពិសេសគ្រូឧទ្ទេសរបស់ នាយក​ដ្ឋាន ដែលបានមកបណ្ដុះបណ្ដាលលើការ ប្រើប្រាស់ដោយផ្ទាល់នៅការិយាល័យ​អង្គការ ប្រចាំខេត្តស្វាយរៀងនេះ។

សូមបញ្ជាក់ថា សិក្ខាកាមដែលជាគ្រូបង្គោល មកពីសាលាបឋមសិក្សាទាំង១៥ នៅ​ក្នុង​ស្រុក​ស្វាយជ្រំ ខេត្ដស្វាយរៀង ទទួលបានការបណ្ដុះបណ្ដាលជំនាញលើការប្រើ​ប្រាស់​កុំព្យូទ័របន្ទះ ទូរស័ព្ទឆ្លាតវៃ ទូរទស្សន៍ឆ្លាតវៃ ឧបករណ៍ផ្ទុកមាតិកាអប់រំចល័ត (RACHEL-Plus) និងកម្មវិធីផ្សេងៗលើកុំព្យូទ័រ កុំព្យូទ័របន្ទះ និងទូរស័ព្ទឆ្លាតវៃ ជំនួយដល់ការបង្រៀន និងរៀន។ ក្រោយបញ្ចប់ការបណ្ដុះបណ្ដាល សិក្ខាកាមមានសមត្ថភាពក្នុងការប្រើប្រាស់ RACHEL-Plus ដើម្បីទាញយកមាតិកាអប់រំផ្សេងៗមាននៅក្នុងឧបករណ៍សម្រាប់​បង្រៀន​សិស្ស អាចប្រើប្រាស់ទូរស័ព្ទ Android ទូរស័ព្ទ iPhone កុំព្យូទ័របន្ទះ និងកុំព្យូទ័រយួរដៃ ដើម្បីភ្ជាប់ទៅកាន់ទូរទស្សន៍ឆ្លាតវៃដោយមិនប្រើខ្សែ(Wireless)។ ជាមួយគ្នានេះ សិក្ខាកាម​អាចប្រើប្រាស់បច្ចេកទេសផ្សេងៗដូចជា ការប្រើប្រាស់ពហុអេក្រង់ ការប្រើប្រាស់កម្មវិធី​ពង្រីកអេក្រង់ សរសេរលើអេក្រង់និងគូសចំណាំផ្សេងៗលើអេក្រង់កុំព្យូទ័រដែល កំពុង​បង្រៀនជាដើម៕

ដោយ ឡុង ស៊ីវ៉ាន់ ប្រភព៖ ក្រសួងអប់រំ

You do not have permission to write comment on this post.

Log in Register