សម្ដេចតេជោ ហ៊ុន សែន ថ្លែងអះអាងថា នឹងចាក់ម្ជុលទីមួយ ដបដូសទីមួយ នៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ដើម្បីជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ –ក្នុងខណៈដែលជំនួយជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម របស់សា​ធារ​ណរ​ដ្ឋ​ប្រជាមានិតចិន នឹងមកដល់កម្ពុជាលើកដំបូងក្នុងខែកុម្ភៈខាងមុខនោះ ប្រមុខរាជរដ្ឋាភិ​បា​ល​​កម្ពុជា ស​​ម្ដេ​ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា សម្ដេចនឹង ចាក់ម្ជុលទីមួយ ដប​ដូស​ទីមួយ នៃ​វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីជំនឿទុកចិត្តរបស់ប្រជា​ជន​កម្ពុជា។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​អាគារទីស្ដីការក្រសួង​សា​ធា​​​​រ​ណការ​ និងដឹក​ជញ្ជូន និងវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ដែលមាន​ទី​តាំងស្ថិតនៅតាម​បណ្តោ​យវិថី៥៩៨ ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ ​រាជ​ធា​នី​ភ្នំ​ពេ​ញ នាព្រឹកថ្ងៃទី ២​២ ខែមករា ឆ្នាំ​​២០២១ សម្ដេចតេជោថ្លែងថា «វ៉ាក់សាំងមកដល់ ខ្ញុំនឹងទៅទទួលនៅ​ឯ​ព្រ​លា​ន​​យន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់មក ម្ជុលទីមួយ ដបដូសវ៉ាក់សាំងទីមួយ គឺចាក់លើខ្លួន​ខ្ញុំ​តែ​ម្ដង តម្លៃខ្លួនខ្ញុំ គឺខ្ញុំត្រូវតែធ្វើដើម្បីឱ្យប្រជាជនកម្ពុជាច្បា​ស់» ហើយស​ង្ឃឹមថា ឯកឧត្ដម​ឧ​ប​​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនានា នឹងចាក់ជាមួយ​ខ្ញុំ​នៅ​មន្ទី​រ​ពេ​ទ្យកាល់ម៉ែត»។ សម្ដេចតេ​ជោ​បន្ត​​ថា ពេ​លចាក់រួចហើយនឹងធ្វើសន្និសីទកាសែតនៅទីនោះតែម្ដង ដើម្បីបញ្ជូនសារចេញថា ​កម្ពុ​ជា​បានចាប់ផ្ដើមចាក់វ៉ាក់សាំង។

សម្ដេចតេជោនាយករដ្ឋ មន្ត្រីលើកឡើងថា ពិតមែន​ហើយ មាន​ការធ្វើសម្ភាសន៍ ខ្ញុំក៏បានស្ដាប់ឮអ្នកដែលចង់ទទួលវ៉ាក់សាំង ហើយក៏អរគុណអ្នកដែលមិន​ច​ង់​ទទួល ព្រោះខ្ញុំបានប្រើភាសាហើយថា ចាក់មិនគិតថ្លៃ ហើយចាក់ដោយស្ម័គ្រចិត្ត។ ដូច្នេះ​អ្នក​ដែលចង់ចាក់ក៏ចាក់ទៅ អ្នកដែលមិនចង់ចាក់ក៏ហីទៅ។ សម្ដេចតេជោក៏សង្ឃឹមថា រដ្ឋម​ន្ត្រី​​ក្រសួងសុខាភិបាលនឹងធ្វើជំរឿនពីឥឡូវ អ្នកណាត្រូវការចាក់ អ្នកណាមិនត្រូវការចាក់ ដែ​ល​យើ​ងអាចដឹងចំនួនបាន ក្នុងចំណោមប្រជាពលរដ្ឋរបស់យើង ថាតើយើងត្រូវការវ៉ាក់សាំង​ពិត​ប្រាក​ដប៉ុន្មាន។ សម្ដេចតេជោក៏បានបង្ហាញនូវចំណុចមួយដែលវានឹងដើរដល់នៅ​ត្រង់ថា បទពិសោធន៍នៅអាហ្វ្រិកកាលពីពេលមុននោះ មុនធ្វើដំណើរទៅអាហ្វ្រិក បើអ្នកឯងមិនបាន​ចាក់​​ថ្នាំការពារជំងឺគ្រុនចាញ់លឿងទេ អ្នកឯងមិនអាចចូលទៅអាហ្វ្រិកបានទេ។ សម្ដេចតេជោ​ថ្លែ​ងថា ខ្លួនខ្ញុំ​ផ្ទា​ល់​ហើយ ដែលត្រូវចាក់វ៉ាក់សាំងការពារគ្រុនចាញ់លឿង មុនពេល​ចូលទៅ​ក្នុ​ង​ប្រទេសអាហ្វ្រិក។

សម្ដេចតេជោថ្លែងបន្ថែមថា បន្តិចទៀតអាចនឹងប្រទេស​ដទៃដាក់​ល​ក្ខ​ខណ្ឌ​ថា បើអ្នកឯងមិនទាន់មានវិញ្ញាបនបត្របញ្ជាក់អំពីការចាក់វ៉ាក់សាំងទេ អ្នកឯងមិនអាចចូ​ល​​ប្រទេសរបស់ខ្ញុំបានទេ។ នោះមិនមែនយើងជាអ្នកបង្ខំទេ ប៉ុន្តែប្រទេសនានាជាអ្នកបង្ខំ ហើ​យ​អាចថ្ងៃក្រោយបើយើងចាក់វ៉ាក់សាំងការពារបានច្រើន យើងក៏អាចតម្រូវឱ្យអ្នកចូលមក​ក្នុង​ប្រ​​ទេសរបស់យើង ត្រូវមានការចាក់វ៉ាក់សាំង ទើបអនុញ្ញាតឱ្យចូល។

សម្ដេចតេជោគូសបញ្ជា​ក់​​បន្តថា នេះជាគោលការណ៍ស្ម័គ្រចិត្តមែន ប៉ុន្តែប្រទេស នីមួយៗអាចមានតម្រូវការ ហើយបើ​សិន​​ជាយើងចាក់វ៉ាក់សាំងបានច្រើន លំហូរនៃការទាក់ទាញវិនិយោគទុនមកកាន់ប្រទេស​រប​ស់​យើងកាន់តែប្រសើរ។ ផ្ទុយទៅវិញ បើយើងមិនបានចាក់វ៉ាក់សាំងការ​ពារប្រជាពលរដ្ឋរបស់​យើ​ង​ទេ គេមើលឃើញថាកម្ពុជា ជាតំបន់ដែលមានហានិភ័យ ដែលគេមិនមកវិនិយោគទេ។ ដូច្នេះ វ៉ាក់សាំង មិនត្រឹមតែ ការពារប្រជាពលរដ្ឋពីរោគរាតត្បាតនោះទេ ប៉ុន្តែវ៉ាក់សាំងក៏ជាផ្នែក​មួ​យ នៃការទាក់ទាញ វិនិយោគពីបរទេសចូលមកកាន់កម្ពុជា ដោយគេចាត់ទុកកម្ពុជា​មិនមែន​ជា​ទី​កន្លែងសម្រាប់ការឆ្លងកូវីដ១៩នោះទេ។ ហេតុនេះហើយ បានជាខ្ញុំត្រូវស្រវាស្រទេញ ហើយ​គ្រប់​គ្រងបញ្ហានេះ ជាមួយនិងគណៈកម្មាការវ៉ាក់សាំង មិនមែនខ្ញុំអត្ថនោម័តធ្វើដោយខ្លួន​ឯង​ទេ​។ ដូច្នេះសូមយល់ដឹងអំពីបញ្ហានេះ។

សម្ដេចតេជោ ថ្លែងទៀតថា ទៅខាងមុខនេះ បើ​យោង​ទៅ​លើអ្វី ដែលកម្ពុជាបាន ធ្វើជាមួយមជ្ឈមណ្ឌលកូវ៉ាក់ គឺកូវ៉ាក់នឹងផ្ដល់ឱ្យយើងនូវ៉ាក់សាំង​ចំនួន​៣​​លាន២សែនដូស ស្មើនឹង ២០ភាគរយនៃចំនួនប្រជាជន។ យើងបានបញ្ជាទិញតាមរយៈ​កូវ៉ាក់​ចំ​នួន​១លាដូ​ស ហើ​យ​​ក្នុង១លានដូសនេះ​ អាចមានវ៉ាក់សាំងរបស់អាម៉េរិកខ្លះ អាចមាន​របស់​អង់​​​គ្លេស កូរ៉េខាងត្បូង និងចិនផងដែរ។ ព្រោះនេះជាអំណោយ ដែលមុននេះគេឱ្យ​យើង​ចេញ​ថវិកា​បដិភាគ៥% ប៉ុ​ន្តែឥឡូវពុំអត់មានថវិកាបដិភាគនោះទៀតទេ។ ដូច្នេះកម្ពុជានឹងទទួល​បា​ន​​៣លាន២សែនដូស។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បាបង្ហាញនូវការរំពឹងទុកថា ប្រជាពល​រដ្ឋ​កម្ពុជាប្រមាណ ៥០ម៉ឺននាក់ នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មុនពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register