កម្មវិធីមហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា​លើក​ទី​១៦ លើកយកប្រធានបទ វិទ្យាសាស្ត្រ​បរិស្ថាន សម្រាប់ពិភាក្សា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០២១ — មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី១៦ បានបើកកម្មវិធីពិភាក្សា ក្រោម​ប្រធានបទ “វិទ្យាសាស្ត្រ​បរិស្ថាន” ដោយឆ្នាំ​នេះ​ជា​លើក​ទី​១ហើយ​ដែល​កម្មវិធី​បាន​ប្រព្រឹត្ត​ទៅ​តាមប្រព័ន្ធអនឡាញជំនួសវិញ ដោយសារវិបត្តិនៃជំងឹកូវីដ-១៩។ ថ្លែងសន្ទរកថា​ស្វាគមន៍ និង​បើក​កម្មវិធី ដែលនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៩ ខែមករា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋ​មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍លើកទឹកចិត្ត​ដល់​ក្មួយៗសិស្សានុសិស្ស ដែល​បានចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ឱ្យ​ត្រង់ត្រាប់​ស្តាប់ ទទួលយក​ទស្សនទាន​ថ្មី​ៗ និងឱកាស​នានា​ពី​ការ​អប់រំ​ស្ទែមដែលជាមុខវិជ្ជាដ៏មានសក្ដានុពល​សម្រាប់​ពេលបច្ចុប្បន្ន និងអនាគត​។ ឯកឧត្ដមបាន​វាយតម្លៃខ្ពស់ចំពោះក្រុមការងាររៀបចំ​មហោ ស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំ ដែលជាពិព័រណ៍ស្ទែមនៅលើបណ្ដាញអនឡាញ ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងអំណរគុណ​ចំពោះម្ចាស់ឧបត្តម្ភ និងដៃគូសហការទាំងអស់ ដែលជួយឱ្យព្រឹត្តិការណ៍នេះ​អាចប្រព្រឹត្ត​ទៅបានល្អប្រសើរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានចាត់ទុកថា តាមរយៈពិព័រណ៍ដូចនេះ ប្រទេសកម្ពុជា​បានចូលរួមជាមួយពិភពលោក ក្នុងការរួមចំណែកកសាងអនាគតប្រកប​ដោយចីរភាព។

សូមជម្រាបថា សម្រាប់មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី១៦ នៅថ្ងៃទី១នេះ មានកម្មវិធីផ្សេងៗដូចជា ការអប់រំអំពីអ្វីដែលហៅថាវិទ្យាសាស្ត្របរិស្ថាន ការសម្តែងសិល្បៈ ការធ្វើបទបង្ហាញ កម្មវិធីប្រកួតប្រជែង Smart STEM Challenge សិក្ខា​សាលាស្ដីពី “អាជីពក្នុងវិស័យវិទ្យាសាស្ត្របរិស្ថាន” និងការទស្សនាខ្សែភាពយន្ត​ផ្សេងៗ​ផងដែរ ដែលសុទ្ធសឹងមានអត្ថប្រយោជន៍​សម្រាប់យុវជនក្នុងការឈ្វេងយល់ និងឈោង​ចាប់ឱកាស៕

ដោយ ឡុង ស៊ីវ៉ាន់ ប្រភព៖ ក្រសួងអប់រំ

You do not have permission to write comment on this post.

Log in Register