រដ្ឋបាលជលផល និង អង្គការ WCS លែងអណ្តើក ហ្លួងចំនួន ១០ ក្បាលចូលក្នុងទីជម្រកធម្មជាតិ

Please log in or register to like posts.
ព័ត៌មាន

AKP ព្រះសីហនុ ថ្ងៃទី២៨ មករា ឆ្នាំ ២០២១–អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និង នាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សហការជាមួយឧទ្យានសត្វព្រៃសឹង្ហបុរី (Wildlife Reserves Singapore-WRS) ថ្ងៃនេះ បានលែងអណ្តើកហ្លួង ឬអណ្តើកសរសៃចំនួន១០ក្បាល ដែលជាប្រភេទជិតផុតពូជបំផុតចូល ក្នុងប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងឃុំចំការហ្លួង ស្រុកកំពុងសីលា ខេត្តព្រះសីហនុ។

ពិធីលែងនេះ បានធ្វើឡើងក្រោមគម្រោងមួយដែលគាំទ្ររួមគ្នាដោយសហភាពអឺរ៉ុប(EU), ឧទ្យានសត្វព្រៃ WRS, Rainforest Trust, US Forest Service និង  TSA  ហើយដែលគម្រោង នេះអនុវត្តដោយអង្គការ WCS ប្រចាំកម្ពុជា សហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។

ការលែងអណ្តើកហ្លួងនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងរយៈ ពេលជិតពីរទសវត្សរ៍ក្នុង ការការពារសំបុកអណ្តើក ការយកចិត្តទុកដាក់មើលថែទាំកូនអណ្តើកទាំងអស់នៅក្នុងម​ជ្ឈម​ណ្ឌ​ល​អភិរក្សសត្វល្មូនកោះកុង និង ការការពារសត្វអណ្តើកនៅក្នុងសហគម​ន៍តាមដងព្រែក​ស្រែអំបិ​ល ដែលគាំទ្រដោយ WRS និងដៃគូមួយចំនួនទៀត។ នេះគឺជាការលែង​អណ្តើក​ហ្លួង​លើក​ទីប្រាំ​ចូល​ក្នុងប្រព័ន្ធព្រែកស្រែអំបិល បន្ទាប់ពីការលែងលើកទី១ ទី២ និងទី៣ ក្នុងឆ្នាំ ២០១៥, ២០១៧ ,២០១៩ និង ២០២០ ដែលសរុបទាំងបួនលើក មានចំនួន ៩៦ក្បាល។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានមានប្រសាសន៍ថា «ខ្ញុំសាទរ​យ៉ា​ង​ក្រៃលែងចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន បងប្អូនជាប្រជាពលរដ្ឋ និ​ង​ជាពិសេស អង្គការ WCS ដែលបាននិ​ងកំពុង​ស្តារប្រ​ភេទ​ដែល​កំពុ​ងរ​ង​គ្រោះ​នេះ​ឱ្យ​មា​ន​វ​ត្ត​មា​ន​ក្នុងដែនទឹកធម្មជាតិនេះឡើងវិញ។» លោក វិបុល ក៏បានស្នើឱ្យភា​គីពា​ក់​ព័​ន្ធ​ប​ន្ត​កិ​ច្ច​កា​រ​ស្តា​រ​ប្រ​ភេ​ទអណ្តើកនេះ ព្រមទាំងក្រើនរំលឹកដល់ជនល្មើ​សមួយចំនួនដែលនៅតែប​ន្តជួញដូរប្រភេទ​សត្វ​នេះ នឹងត្រូវទទួលទោសចំពោះមុខច្បាប់។

លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការWCS បានថ្លែងថា អណ្តើ​ក​ហ្លួងទាំង១០ក្បាល(ឬហៅតាមឈ្មោះវិទ្យាសាស្ត្រថា Southern River Terrapin (Batagur affinis)) ដែលបានលែងនៅថ្ងៃនេះ ត្រូវបាន​ក្រុមអ​ភិរក្ស​ប្រមូល​យក​ក្រោយ​ពីវា​បាន​ញា​ស់​​នៅក្នុងសំបុករបស់វានៅតាមដងព្រែកស្រែអំបិល និងព្រែកកំពុងលើស្ថិតក្នុងខេត្តកោះកុ​ងនិង​ខេ​ត្ត​​ព្រះសីហនុ ចន្លោះពីឆ្នាំ ២០០៦ ដល់ ២០១៥ បន្ទាប់មក​បញ្ជូ​ន​ទៅកាន់​មជ្ឈ​មណ្ឌ​លអ​ភិរ​ក្ស​ស​ត្វ​ល្មូនកោះកុងដែលស្ថិតនៅភូមិទួលគរគី ឃុំទួលគរគី ស្រុកមណ្ឌលសីមា ចម្ងាយប្រមាណ ១៥គី​ឡូម៉ែត្រ​ភាគអាគ្នេយ៍ក្រុងកោះកុង ដើម្បី​ចិញ្ចឹមថែទាំឱ្យ​ធំលូត​លាស់​មុ​ន​នឹ​ង​លែ​ង​ចូ​ល​ទៅ​ក្នុ​ង​​ទី​ជ​ម្រ​កធម្មជាតិរបស់វាវិញ។

អណ្តើកប្រភេទនេះ ស្ថិតក្នុងប្រភេទអណ្តើក ទឹកសាបនិងអណ្តើកគោកចំនួន ២៥ប្រភេ​ទ​ដែ​​លជិតផុតពូជនៅលើពិភពលោក។ ប្រភេទអណ្តើកនេះ ត្រូវបានក​ត់ត្រាក្នុង​បញ្ជីក្រហ​មរ​ប​ស់​អ​ង្គ​ការ IUCNថា ជាប្រភេទអណ្តើកជិតផុតពូជបំផុត និង ត្រូវបានចាត់ទុក​ជាប្រភេទ​ល្មូនតំ​ណាង​ឱ្យ​​ប្រ​ទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រិតឆ្នាំ២០០៥។ ដោយ​សារ​មា​ន​កា​រ​នេ​សា​ទ​ខុ​ស​ច្បា​ប់ ការធ្វើអាជីវកម្មហួសប្រមាណ ការបាត់បង់ទីជម្រក និងការធ្វើអាជីវក​ម្មខ្សា​ច់​នៅ​តា​ម​ប្រ​ព័​ន្ធ​ព្រែ​កស្រែអំបិលនៅក្នុងខេត្តកោះកុងនិងខេត្តព្រះសីហនុ បាន​ធ្វើ​ឱ្យប៉ះពាល់ដល់​ទីជម្រ​កនិ​ង​កា​រ​ប​ង្កកំណើតរបស់សត្វអណ្តើកប្រភេទនេះ ដែលគេរកឃើញថា មា​នវត្តមានតែនៅក្នុង​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិលស្ថិតនៅខេត្តកោះកុងនិងខេត្តព្រះសីហនុក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ សត្វ​អណ្តើ​ក​ទាំ​​ង​នេះកំពុងតែប្រឈមទៅនឹងការវិនាសផុតពូជ។

ក្រុមអ្នកអភិរក្សជឿថា អណ្តើកហ្លួងឬអណ្តើកសរសៃបានផុតពូជ​អស់ហើយនៅក្នុង​ប្រ​ទេ​ស​​កម្ពុជា តែរហូតដល់ឆ្នាំ ២០០០ រដ្ឋបាលជលផលនិងអង្គការ WCS បានរ​កឃើញ​សាជា​ថ្មីនូ​វប្រ​ភេ​​ទអណ្តើកហ្លួងនេះមួយចំនួនតូចនៅសេសសល់តាមដងព្រែកស្រែអំបិល។ ចា​ប់តាំងពី​ពេ​ល​នោះ​​មក អង្គការ WCS និងរដ្ឋបាលជលផល បានសហកា​រគ្នាកា​រពារ​ប្រភេទ​សត្វអ​ណ្តើក​នេះ​កុំ​ឱ្យ​ផុ​ត​ពូជ។ សកម្មភាពការងារអភិរក្សសត្វអណ្តើកហ្លួងនេះរួមមាន កម្មវិធីការពារសំ​បុក​អណ្តើ​ក​ហ្លួ​ង ការចិញ្ចឹមថែទាំក្រោយពេលញាស់ ការទប់ស្កាត់ការជួញដូរខុសច្បាប់ ការពង្រឹង​ការ​អនុ​វ​ត្ត​ច្បា​ប់ ការពិនិត្យតាមដាន ការផ្សព្វផ្សាយ និងការគាំទ្រលើជីវភាពរស់នៅរបស់សហគមន៍ ក្រោម​ការ​ឧ​​ប​ត្ថម្ភថវិកាពីម្ចាស់ជំនួយជាច្រើន រួមមាន សហភាពអឺរ៉ុប និងឧទ្យានសត្វព្រៃសឹង្ហបុរី (WRS)។

លោ​កស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមា​នប្រ​សា​ស​ន៍​ថា «យើងខ្ញុំសូមចូលរួមអបអរសាទររាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន និងអង្គការ WCS ដែ​ល​បានខិតខំប្រឹងប្រែងរួមគ្នាការពារនិងអភិរក្សអណ្តើកហ្លួងទាំងនេះ ហើយនេះបា​នឆ្លុះបញ្ចាំ​ង​អំ​ពី​​សារ​សំខាន់នៃការការពារធនធានជីវៈចម្រុះដ៏សម្បូរបែបរបស់កម្ពុជា។ សហភាពអឺរ៉ុប បា​ននិង​កំពុ​ងផ្តល់មូលនិធិគាំទ្រគម្រោងអភិរក្សសត្វព្រៃ ដើម្បីប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ និ​ង​កា​​រពារសំបុកអណ្តើកហ្លួងនិងកន្ធាយក្បាលកង្កែប ដោយមានអង្គការ WCS ជាអ្នកអនុវត្តគម្រោង ស​ហ​ការជាមួយ​រដ្ឋបាលជលផល និងសហគមន៍មូលដ្ឋាន។ សហភាពអឺរ៉ុប ក៏ជាដៃ​គូ​អ​ភិ​វ​ឌ្ឍ​ន៍​ដ៏​សំ​ខាន់មួយគាំទ្រលើការគ្រ​ប់គ្រងធនធានជលផលសំខា​ន់ៗប្រក​បដោយ​និរ​ន្ត​រ​ភា​ព​រ​ប​ស់​កម្ពុ​ជា​ផ​ង​ដែរ។»

បណ្ឌិត សុនចា ឡូហ្ស (Dr Sonja Luz) នាយកឧទ្យានសត្វព្រៃ WRS បានមា​នប្រ​សា​ស​ន៍ថា «វាជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់ពួកយើង ដោយឃើញគម្រោងនេះសម្រេច​បា​ន​​លទ្ធផលល្អ ចាប់តាំងពីឆ្នាំ ២០១៥​រហូតមកដល់ពេលនេះ ជាក់ស្តែង អណ្តើកហ្លួងជិត​ ១​០​០​ក្បា​ល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញ។ នេះគឺជា​លទ្ធផល​នៃកិ​ច្ច​ខិ​ត​ខំ​ប្រឹ​ង​ប្រែ​ង​រួ​មរវាងរដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន​ និងអង្គ​ការ​អភិ​រក្ស​ស​ត្វ​ព្រៃ​ផ្សេ​ង​ទៀតដែលបានប្រឹងប្រែងធ្វើការរួមគ្នា ក្នុងគោលបំណងជួយសង្គ្រោះសត្វប្រភេ​ទនេះ​កុំ​ឱ្យ​វិ​នា​ស​ផុតពូជ។ យើងខ្ញុំ ប្តេជ្ញាបន្តធ្វើការជាមួយដៃគូជាច្រើន​ទៀតដើម្បីកា​រពារប្រភេ​ទអ​ណ្តើ​​កដែ​លកំ​ពុងទទួលរងការគំរាមកំហែងជិតផុតពូជនេះនៅក្នុងតំបន់ ដូចជា ប្រភេ​ទអណ្តើ​ក​ហ្លួ​​ងរ​ប​ស់​ក​ម្ពុជានេះជាដើម។»

លោក កែន សេរីរដ្ឋា នាយកអង្គការ WCS បានមានប្រសាសន៍ថា «កម្មវិធីកា​រពារ​សំបុ​ក​អ​ណ្តើ​ក ដើរតួនាទីដ៏សំខាន់ក្នុងការការពារប្រភេទសត្វអណ្តើកដ៏កម្រនិងជិតផុតពូជទាំងនេះ តាមរ​យៈការលើកទឹកចិត្តឱ្យមានការចូលរួមពីប្រជាសហគមន៍មូលដ្ឋានក្នុងការការពារនិងថែរក្សាសំបុ​កអណ្តើក រហូតដល់ពេលកូនអណ្តើក  ញាស់ចេញដោយជោគជ័យ»៕

ដោយ ៖ គង់ សិរីរ័ត្ន, ប្រភព ៖ អង្គការ WCS

You do not have permission to write comment on this post.

Log in Register