រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ថ្លែងថា ការអភិរក្សធនធានធម្មជាតិ ដើរតួរនាទីសំខាន់ក្នុងការជំរុញសកម្មភាពអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១–ថ្លែងបិទវេទិកាជាតិអេកូទេសចរណ៍លើកទី២ នៅខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា វិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ មានភាពធន់នឹងវិបត្តិ បានរួមចំណែក ទ្រទ្រង់ដល់វិស័យទេសចរណ៍ជារួម ពិសេសកាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ចុះ នៃចំនួន ភ្ញៀវទេសចរអន្តរជាតិ​ ខណៈដែលដំណាក់កាលដ៏លំបាកនៃវិបត្តិជំងឺកូវីដ១៩នេះ គឺមាន ចលនាទេសចរផ្ទៃក្នុងទៅកាន់តំបន់អេកូទេសចរណ៍​ និងសហគមន៍ទេសចរណ៍​មានសន្ទុះ កើនឡើងខ្លាំង បង្កើតបានជាប្រាក់ចំណូលដោយផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

​ឯកឧត្តមបាន​បន្តថា ការអភិរក្សធនធានធម្មជាតិដើរតួរនាទីសំខាន់ក្នុងការជំរុញ សកម្មភាពអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ដូច្នេះដើម្បីឱ្យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដំណើរការទៅកាន់តែល្អ ហើយសិក្ខាមនៃវេទិកាជាតិអេកូទេសចរណ៍លើកទី២ បានបែងចែក គ្នាជាក្រុមចុះទៅឈ្វេងយល់ និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញ ទៅមកនៅតាមសហគមន៍ ទេសចរណ៍ចំនួន៦រួមមាន៖ សហគមន៍ទេសចរណ៍កំពង់ភ្លុក សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ សហគមន៍ទេសចរណ៍ភ្នំគូលែន សហគមន៍ភូមិធម្មជាតិរុនតាឯក និងសហគមន៍ទេសចរណ៍បឹងឈូកបន្ទាយស្រីហើយក៏ជា ឱកាសមួយដែលផ្តល់ឱ្យទីភ្នាក់ងារទេសចរនានាបានជួបផ្ទាល់ជាមួយសហគមន៍ទេសចរណ៍ ដើម្បីអាចឱ្យខាងទីភ្នាក់ងាទេសចរ រៀបចំកញ្ចប់ទស្សនាទៅតាមសហមន៍ទេសចរណ៍នានា។

​ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រសួង​បរិស្ថាន​បានសម្រេចគោលដៅក្នុងការរៀបចំបង្កើតសហគមន៍មូលដ្ឋាននៅតំបន់ ការពារ ធម្មជាតិ​ទាំងអស់ ដែល​គិតមកដល់បច្ចុប្បន្ននេះមានចំនួន១៧៤ ក្នុងគោលបំណងពង្រឹងភាពជាដៃគូ តួនាទី និងការទទួល​ខុសត្រូវ​របស់​សហគមន៍មូលដ្ឋាន ក្នុងការចូលរួមចំណែកលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង​ធនធាន​​ធម្មជាតិ​​ដោយនិរន្តរភាព​ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅមូលដ្ឋាន តាមរយៈ​ការ​កាត់​​បន្ថយ​​ការពឹងផ្អែករបស់ប្រជាពល​រដ្ឋ​ទាំង​ស្រុង​លើការប្រើប្រាស់ធនធានធម្មជាតិ ជាពិសេស​ព្រៃឈើ និង​ជីវចម្រុះ និងជំរុញការរស់នៅដោយចីរភាព ដោយធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច​តាម​សហមគមន៍នីមួយៗ។ ក្នុងចំណោមចំនួននេះ មានសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍​ផ្សេងទៀត​ក្នុង​តំបន់ការពារធម្មជាតិជាង២០ ដែលមានសក្តានុពលផ្នែក ទេសចរណ៍ធម្មជាតិ និងកំពុង​ផ្តល់​សេវាកម្ម​នេះ​ដល់ភ្ញៀវទេសចរ៕ 

ដោយ ឃុត សៅ

You do not have permission to write comment on this post.

Log in Register