សម្ដេចតេជោ ហ៊ុន សែន៖ វាគឺជាការចាប់ផ្ដើមមួយដ៏ល្អនៃដំណើរការឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា បើទោះបីជាបរិមាណប្រេងទទួលបាននៅមានទំហំតូច

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុក​ការ​យកប្រេងនាពេលកន្លងមកនៅកម្ពុជា គឺជាការចាប់ផ្ដើមមួយដ៏ល្អនៃដំណើរការឧស្សាហ កម្មប្រេង និងឧស្ម័ននៅកម្ពុជា បើទោះបីជាបរិមាណប្រេងទទួលបានមានទំហំតូច ដែល តាមការប៉ាន់ប្រមាណនឹងទទួលបានបរិមាណប្រេង ក្នុងមួយថ្ងៃពី ៧ ០០០ ទៅ ៧ ៥០០ បារ៉ែលយ៉ាងណាក៏ដោយនោះ។

ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១   សម្ដេច​តេជោ​នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា អណ្ដូងប្រេងទីមួយដែលចាប់ផ្ដើមយកប្រេងពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ គឺផលិតបានប្រេងចំនួន ១២៣៦បារ៉ែលក្នុងមួយថ្ងៃ  ហើយក្នុងរយៈពេល​៣៣ថ្ងៃនេះ ផលិតបាន ៤០ ៧៨៨ បារ៉ែល   និងអណ្ដូងទីពីរកំពុងចាប់ផ្ដើមដំណើរការ​នៅ​ថ្ងៃ​ទី ៣០ ខែមករា ឆ្នាំ២០២១។ សម្ដេចតេជោបានលើកឡើងថា ឥឡូវបើសរុបយើងទើប តែ​មានប្រេងចំនួន ៤ ១៥៦ បារ៉ែលទេ នៅសល់អណ្ដូងប្រេង ទី៣ ទី៤ និងទី៥ ដែល​នឹង​ត្រូវបន្តដំណើរការបូមជាបន្តបន្ទាប់ទៀតនៅក្នុងឆ្នាំ២០២១នេះ។ សម្ដេចតេជោថ្លែងថា តាម​ការប៉ាន់ប្រមាណយើងនឹងទទួលបានបរិមាណប្រេង ក្នុងមួយថ្ងៃពី ៧ ០០០ ទៅ ៧ ៥០០ បារ៉ែលតែប៉ុណ្ណោះ គឺជាទំហំតូចណាស់ វាមិនទាន់ជះឥទ្ធិពលទៅលើផ្នែកសេដ្ឋកិច្ចនោះទេ  ប៉ុន្តែយ៉ាងណាក៏ដោយ វាគឺជាការចាប់ផ្ដើមមួយដ៏ល្អ នៃដំណើរការឧស្សាហកម្មប្រេង និង​ឧស្ម័ន នៅកម្ពុជា។ សម្ដេចតេជោបានបន្ថែមថា “យើងនឹងបន្តជាមួយក្រុមអ្នកវិនិយោគ​ដទៃទៀត រាប់ទាំងក្រុមហ៊ុន​របស់ប្រទេសបារាំង ដូចជាក្រុមហ៊ុនតូតាល់ ហើយនឹងបន្តការ​ចរចាជាមួយប្រទេសថៃ និងក្រុមហ៊ុនវិនិយោគ នៅតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ដើម្បីឈានទៅធ្វើអាជីកម្មប្រេងនៅតំបន់នោះ”។ សម្ដេចតេជោបានលើកឡើងដែរថា ប៉ុន្មានថ្ងៃនេះមានការ​សរសេរ​អត្ថបទថា តើប្រេងនៅកម្ពុជាមានជះឥទ្ធិពលទៅលើសេដ្ឋ​កិច្ច​កម្ពុជានោះទេ ហើយសម្ដេចតេជោបានបញ្ជាក់ថា មិនទាន់ទេ ព្រោះតាមការវាយតម្លៃ​របស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលថា បើប្រេងក្នុងមួយបារ៉ែលស្ថិតក្នុងរង្វង់ ៥៥ដុល្លារ​អាម៉រិក ចំណូលរបស់​យើងក្នុងមួយឆ្នាំបានប្រមាណមិនដល់ ៣០លានដុល្លារអាម៉េរិក​នោះទេ។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា “អីចឹង វាមិនបានស្មើនឹងចំណូល​មិនមែនសារ​ពើ​ពន្ធទៅលើទិដ្ឋាការនៃអ្នកទេសចរ១លាននាក់ផង។ ដូច្នេះមិនទាន់ពឹងផ្អែកទៅលើបញ្ហាប្រេងបានទេ”។ សម្ដេចតេជោថ្លែងទៀតថា ប្រទេស​ដែល​ផលិតប្រេងច្រើន ក៏មិនមែនពឹងផ្អែកទៅលើប្រេងតែមួយមុខនោះដែរ គេក៏រកស៊ីទៅ​លើរបបផ្សេងៗទៀត ដូចជាសហរដ្ឋអាមេរិកជាប្រទេសផលិតប្រេងច្រើនជាងគេ ក៏ប៉ុន្តែគេ​ធ្វើឧស្សាហកម្ម កសិកម្ម សេវា។ល។ និងអ្វីៗច្រើនទៀត។ សម្ដេចតេជោបានថ្លែងបន្ដថា ប៉ុន្តែវាក៏ជាដំណើរការដ៏ល្អមួយ ដែលធ្វើឱ្យយើងមានប្រេង ហើយប្រេងនេះមានបងប្អូន​មួយ​ចំនួនប្រហែលជាគិតខុសថា វាជាការស្រួលហើយដែលមានប្រេងប្រើខ្លួនឯង គឺអត់ទេ ប្រទេសដែលផលិតប្រេងក៏លក់ប្រេងឱ្យប្រជាពលរដ្ឋដែរ។ ទន្ទឹមនេះ ប្រទេសខ្លះផលិត​ប្រេង ក៏ប៉ុន្តែប្រជាពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងការឡើងថ្លៃប្រេង។ សម្ដេចតេជោថ្លែង​ឱ្យដឹងដែរថា ឥឡូវយើងមិនទាន់មានរោងចក្រចម្រាញ់ប្រេងខ្លួនឯងទេ មានគម្រោង​វិនិ​យោគ ក៏ប៉ុន្តែគម្រោងនោះវាមិនទៅមុខ អ្វីដែលសុំធ្វើ យើងបានអនុម័តឱ្យហើយ​ក៏ប៉ុន្តែ​ធ្វើវាអត់ទៅមុខ។ ជាមួយគ្នានេះ បើធ្វើទៅមុខ ក៏សមត្ថភាពនៃប្រេងឆៅរបស់យើង​មិនទាន់​គ្រប់គ្រាន់ ដើម្បីនឹងចម្រាញ់ប្រេងនោះដែរ។

សម្ដេចតេជោបានបន្ថែមទៀតថា “បើយើងមានការផលិតប្រេងនៅក្នុងស្រុក យើង​នឹងទទួលបានផលប្រយោជន៍ច្រើន ដែលមួយផ្នែកជាប្រេង ជាកៅស៊ូចាក់ថ្នល់។ល។ ដូច្នេះ​ត្រូវខិតខំរកការវិនិយោគបែបនេះ ហើយបើទោះបីជានាំប្រេងឆៅមកផលិត​ក្នុង​ប្រទេសរបស់យើងក៏គួរតែធ្វើដែរ ប៉ុន្តែកន្លងទៅយើងធ្វើមិនទាន់ជោគជ័យនៅឡើយ”៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register