សម្ដេចតេជោ ហ៊ុន សែន គាំទ្រពាក្យស្លោក ទឹកស្អាតសម្រាប់ទាំងអស់គ្នា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​ប្រកាសគាំទ្រនូវពាក្យស្លោកថា«ទឹកស្អាតសម្រាប់ទាំងអស់គ្នា» ដែលលើកឡើង​ដោយ​រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត​បាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តិកម្មទឹក​ស្អាតចំការ​មន នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១   សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា “ខ្ញុំសុំប្រកាសក្នុងនាមរាជរដ្ឋាភិបាលនៃព្រះ​រាជា​ណា​ចក្រកម្ពុជាសូមប្រកាសគាំទ្រនិងពាក្យស្លោកដែលស្នើឡើងដោយឯកឧត្តម ចម ប្រសិទ្ធ ដែលលើកឡើងនូវពាក្យស្លោកដែលថា «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» ដែលការកំណត់​ទិសស្លោកនេះធ្វើឱ្យយើងទាំងអស់គ្នាគិតគូរដោយមធ្យ័តបំផុតទៅលើសកម្មភាព​ទាំង​ឡាយ​ដើម្បីប្រើប្រាស់ទឹកស្អាតសម្រាប់ទាំងអស់គ្នា”។  សម្តេចតេជោថ្លែងថា តម្រូវការទឹក​ក្នុង​ទីក្រុងភ្នំពេញ បច្ចុប្បន្នត្រូវការទឹកជាង៧០ម៉ឺនម៉ែត្រគូប ខណៈការផលិត​បានត្រឹមជាង​៦០ម៉ឺនម៉ែត្រគូប ខ្វះប្រមាណ ១៥ម៉ឺនម៉ែត្រគូប។ ទន្ទឹមនេះ ប្រជាពលរដ្ឋ៤ម៉ឺនគ្រួសារ​ខ្វះ​ទឹកប្រើប្រាស់ តម្រូវការទឹកក្នុងរាជធានីភ្នំពេញ គឺកើនឡើងរាល់ថ្ងៃ ដូច្នេះត្រូវតែប្រឹង​ប្រែង​ក្នុងការអភិវឌ្ឍសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាត។ សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើងថា ស្ថាប័នរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការកាត់បន្ថយ​ការប្រើ​ប្រាស់​ថាមពលអគ្គិសនី និងទឹក។ សម្តេចតេជោក៏បានថ្លែងអណរគុណចំពោះ​ក្រសួងឧស្សាហ​កម្ម និងរដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ និងក្រុមហ៊ុនរបស់ប្រទេសបារាំង ដែលបានចូលរួមក្នុង​ការអភិវឌ្ឍវិស័យទឹកស្អាតនះ។

បើតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត​ចំការមន មានសមត្ថភាពផលិតទឹកស្អាត ៥២ ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលពីមុន​អាច​ផលិតទឹកស្អាតបានត្រឹមតែ ១២ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ។ នៅក្នុងគម្រោង​ពង្រីក​សមត្ថភាពរោងចក្រនេះ រួមមានការពង្រីកបណ្ដាញបំពង់ទឹកស្អាតប្រវែង ៥៨០​គីឡូម៉ែត្រ ក្នុងនោះប្រជាពលរដ្ឋប្រមាណជា ២៨០ ០០០ នាក់ បានទទួលទឹកស្អាត​ប្រើ​ប្រាស់ផ្ទាល់ពីបណ្ដាញទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាពិសេសប្រជាពលរដ្ឋ​ចំណូលទាប រស់នៅតាមសហគមន៍ ស្ថិតនៅតំបន់ជាយ រាជធានីភ្នំពេញប៉ែកខាងត្បូង។ ដោយឡែកគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគម្រោងទី២ របស់ផែនការមេ​ដំណាក់​កាលទី៣ នៅពេលសិក្សារបាយការណ៍សមិទ្ធិលទ្ធភាពនៅឆ្នាំ២០១៧ បានកំណត់​ទីតាំង​របស់គម្រោងស្ថិតនៅសង្កាត់បាក់ខែង។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹក​ស្អាត​បាក់ខែង គឺជាគម្រោងសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា មានសមត្ថ​ភាពផលិតទឹកស្អាត ៤០០ ០០០ ម៉ែត្រគូបក្នុង១ថ្ងៃ (សម្រាប់ជំហានទី១ និងជំហានទី២)។ ដំណើរការសាងសង់រោងចក្រនេះ នឹងអនុវត្តន៍ជាពីរជំហានស្របគ្នាតែម្ដង និងគ្រោងដាក់​​ដំណើរការសាកល្បងក្នុងសមត្ថភាពផលិតទឹកស្អាតពាក់កណ្ដាល (ជិត២០ម៉ឺនម៉ែត្រគូប​ក្នុង​មួយថ្ងៃ) នៅត្រីមាសទី១ ឆ្នាំ២០២៣ ហើយនឹងដាក់ដំណើរការពេញសមត្ថភាព​ទាំង​ពីរជំហាន (ជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។ ក្រុមហ៊ុន Vinci Contruction Grands Projets ទទួលបានកិច្ចសន្យាសាងសង់រោង​ចក្រប្រព្រឹត្តិម្មទឹក​ស្អាតបាក់ខែង តាមរយៈការប្រកួតប្រជែងដេញថ្លៃជាលក្ខណៈអន្តរជាតិនាឆ្នាំ២០១៩ ហើយ​​​នេះក៏ជាការអនុវត្តគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជាលើកទី៣ របស់​​ក្រុមហ៊ុន ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រគល់ឱ្យ។ កន្លងមកក្រុមហ៊ុន Vinci Contruction Grands Projets បានបញ្ចប់ការងារសាងសង់រោងចក្រប្រព្រឹត្តិ​កម្មទឹក​ស្អាតនិរោធជំហានទី២ (២០១៤-២០១៧) និងការងារសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹក​ស្អាត​ចំការមន (២០១៧-២០១៩)។ សរុបតម្លៃកិច្ចសន្យាសាងសង់ទាំងបីមានប្រមាណជា ២១០លានដុល្លារសហរដ្ឋអាម៉េរិក។

គួរបញ្ជាក់ដែរថា គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ទទួលបានហិរញ្ញប្បទាន​សម្បទានពីរដងពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) សម្រាប់ការងារសាងសង់​រោង​ចក្រ​ព្រឹត្តិ​កម្មទឹកស្អាតបាក់ខែងទាំងពីរជំហាន ដែលក្នុងនោះសម្រាប់ជំហានទី១ ទីភ្នាក់ងារ​បារាំងសម្រាប់ការអភិវឌ្ឍ (AFD) មានថវិកាចំនួន ៨៥លានដុល្លារអាម៉េរិក ធនាគារវិនិយោគ​អឺរ៉ុប (EIB) ថវិកាចំនួន ១០០លានដុល្លារអាម៉េរិក និងហិរញ្ញប្បទាន​ឥត​សំណងពី​សហ​ភាពអឺរ៉ុប (EU) ចំនួន ១៥លានដុល្លារអាម៉េរិក។ សម្រាប់ជំហានទី២ ថវិកា​របស់ទីភ្នាក់ងារ​បារាំង​សម្រាប់ការអភិវឌ្ឍ (AFD) ចំនួន ១០០លានដុល្លារអាម៉េរិក ដែលទាំង​ពីរជំ​​ហាននេះ មានថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ៨០លានដុល្លារ​អាម៉េរិក៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register