សម្តេចក្រឡាហោម ស ខេង ស្នើឱ្យគណៈបញ្ជាការរាជធានី ខេត្តទាំងអស់ ត្រួតពិនិត្យករណី ឡានពន្លត់អគ្គិភ័យតថ្លៃបាញ់ទឹកពេលភ្លើងកំពុងឆេះ

Please log in or register to like posts.
ព័ត៌មាន

AKP កណ្ដាល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ –សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានស្នើដល់គណៈបញ្ជាការាជធានី ខេត្ត ទាំងអស់ត្រូវពិនិត្យករណីឡានពន្លត់អគ្គិភ័យធ្វើការតថ្លៃនៅពេលភ្លើងកំពុងឆេះផ្ទះរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងទិវាអន្តរជាតិរម្លឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៥ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ករណីមានអគ្គីភ័យកើតឡើងប្រជាពលរដ្ឋហៅ​ឡានទឹក ពលេនោះឡាន ទៅទៅដល់ ប៉ុន្តែកន្លែងខ្លះចូលមុនចុះ ដែលជារឿងមួយ តែបើ​សិនឡានទៅដល់ហើយ កន្លែងអាចចូលដល់តែមិនបានបាញ់នោះទេ ដោយរង់ចាំការតថ្លៃសិន ដែលជាចំណុច ខុសរបស់សមត្ថកិច្ច។ សម្ដេចក្រឡាហោមបានថ្លែងបញ្ជាក់ថា “បើទៅដល់កន្លែងអាច​ចូល​បាញ់ហើយ មិនបាញ់​គឺខុសហើយសមត្ថកិច្ច អីចឹងចំណុចនឹងត្រូវមើល យើងមានឡាន​ដែលប្រើប្រេងរបស់រដ្ឋ យើងដឹងថាគាត់ស៊ីប្រាក់ខែរដ្ឋ តែយើងដឹងថាការពិតហើយ​គាត់​ប្រាក់ខែតិចតួច តែយើង​មានយន្តការមកដោះស្រាយ។ ប៉ុន្តែមិនត្រូវយកករណីនឹងធ្វើ​អាជីវ​កម្មផ្ទាល់ខ្លួននោះទេ ដែលជាករណីខុស”។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានស្នើដល់គណៈបញ្ជាការរាជ ធានី ខេត្តទាំងអស់ យកចិត្តទុកដាក់ត្រួតពិនិត្យបញ្ហាការធ្វើអាជីវកម្ម​ឡានបាញ់ទឹក​ កុំឱ្យ​មានដោយសុខចិត្តត្រូវបន្ថែមប្រាក់ឧត្តម្ភ ឬប្រាក់លើកទឹកចិត្តក្នុងករណីនីមួយៗទៅវិញ។ សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថា “កុំទៅតថ្លៃពេលភ្លើងកំពុងឆេះផ្ទះប៉ុន្មានរយដុល្លារ អាហ្នឹងវារឹតតែងាប់គ្នាទៀតហើយ បានលុយពីណាឱ្យបើខ្លះលុយនៅក្នុងភ្នក់ភ្លើងទៅហើយ វារឿងហ្នឹង។ ខ្ញុំមិនចង់បន្ទោសអ្នកណាទេ ប៉ុន្តែយើងមិនមែនរឹតបន្ដឹងសម្រាប់ប្រជា ពល​រដ្ឋនោះទេ គឺរឹតបណ្តឹងសមត្ថកិច្ចផងដែរ។”

សម្ដេចក្រឡាហោមក៏បានលើកឡើងដែរថា ការរឹតបន្តឹងចរាចរណ៍ផ្លូវគោក​តែង​តែ​មានការរិះគន់ពី​មតិមួយ​ចំនួន ប៉ុន្តែមួយរយៈពេលកន្លងមកនេះដូចជាស្ងាត់ដោយសារ មាន​ការគោរពច្បាប់​ចរា​ចរណ៍។ សម្ដេចក្រឡាហោមបានបន្ដថា នគរបាលបានចាប់អ្នកមិន​គោរព​ច្បាប់​ចរាចរណ៍​គឺចាប់ផាកពិន័យ ប៉ុន្តែបើប្រជាពលរដ្ឋមិនចង់អស់លុយត្រូវគោរព​ច្បាប់ចរាចរណ៍ ហើយអ្វី​ដែលសម្ដេចចេញគោលការណ៍នោះគឺមិនដើម្បី​សម្តេចខ្លួនឯង​នោះ​ទេ ប៉ុន្តែគឺធ្វើដើម្បី​ប្រជា​ពល​រដ្ឋទាំងអស់។

សម្តេចក្រឡាហោមបានឱ្យដឹងដែរថា ការធ្វើរឹតបន្តឹងច្បាប់ចរាចរណ៍នេះគឺមិន​ធ្វើតែ​​សម្រាប់អ្នក​ធ្វើដំណើរនោះទេគឺធ្វើទាំងនគរបាលចរាចរណ៍ ដោយចៀសវាងការ​រិះ​គន់​ថា ផ្តល់ឱកាសដល់នគរបាលចរាចរណ៍យកករណីជាអាជីវកម្មនោះទេ។ សម្តេចក្រឡា​ហោម​បានបន្ថែមថា “បើមិនចង់ឱ្យខាត់បងលុយសូមមេត្តាគោរពច្បាប់ ហើយគោរពច្បាប់​ដើម្បី​នរណា មិនមែនដើម្បីខ្ញុំទេ គឺដើម្បីជីវិតរបស់យើង និងជីវិតក្រុមគ្រួសារ។ ឥឡូវថា​ខ្ញុំខុស តែ​មិនទទួលទេ ព្រោះថាមិនដើម្បីខ្ញុំទេ ជាក់ស្តែងគឺអីចឹង ពីព្រោះច្បាប់ចង់ ឬមិន​ចង់គឺ​ត្រូវគោរព”។

សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងបន្ថែមថា មិនត្រូវរឹតបន្តឹងតែអ្នក​ប្រើ​ប្រាស់​ផ្លូវនោះទេសមត្ថកិច្ចត្រូវ បានរឹតបន្តឹងដែរគឺត្រូវរឹតបន្តឹងទាំងអស់គ្នា៕

ដោយ ប៊ុនរិទ្

You do not have permission to write comment on this post.

Log in Register