សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញបទបញ្ជាឱ្យអាជ្ញាធរខេត្តជាប់ព្រំដែនជាមួយវៀតណាមទប់ស្កាត់ការចរាចរមនុស្ស ខណៈមានការផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ-១៩ បំផ្លែងភេទក្នុងសហគមន៍របស់ប្រទេសនេះ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ឱ្យអាជ្ញាធរនៅតាមបណ្ដាខេត្ត ជាប់ព្រំដែនជាមួយប្រទេសវៀតណាម ត្រូវយកចិត្តទុកដាក់ការធ្វើការត្រួតពិនិត្យ និងទប់ស្កាត់ការធ្វើចរាចរមនុស្សទៅវិញទៅមក ខណៈប្រទេសនេះមានការផ្ទុះឡើងនូវការជំងឺកូវីដ-១៩ បំផ្លែងភេទឆ្លងក្នុងសហគមន៍នោះ។ក្នុងសារជាសំឡេងនារសៀល ថ្ងៃទី០ ៤ ខែកុម្ភៈ ឆ្នាំ២០២១  ផ្ញើជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទាំងក្នុងគណបក្ស  ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរតាមខេត្ត និងកងកម្លាំងប្រដាប់អាវុធ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា  កន្លងទៅនេះ យើងបានខិតខំទប់ស្កាត់នៅការរីករាលដាលនូវជំងឺកូវីដ-១៩ ពីប្រទេសថៃមកកាន់ព្រះរាជាណាចក្រកម្ពុជារបស់យើងដោយរឹតបន្តឹងការធ្វើចរាចរមនុស្ស តាមរយៈបងប្អូនពលករកម្ពុជារបស់យើងត្រឡប់ចូលមកក្នុងផ្ទៃប្រទេស។  ឥឡូវនេះគឺនៅទិសខាងលិចក្នុងប្រទេសថៃ ការឆ្លងជំងឺកូវីដ-១៩នៅមានសភាពនៅធ្ងន់ធ្ងរនៅឡើយ ដែលតម្រូវឱ្យយើងត្រូវរៀបចំទីកន្លែងដើម្បីធ្វើចត្តាឡីស័កបន្ថែមទៀត ដែលរហូតមកដល់ពេលនេះមានជាង ៨ ០០០នាក់ ហើយដែលនឹងមកជាបន្តបន្ទាប់ទៀត ដោយសារតែមិនទាន់មានការធូស្រាលនៅផ្នែកខ្លះ នៅក្នុងប្រទេសថៃ ដែលឆ្លងក្នុងសហគមន៍។ សម្ដេចតេជោបន្តថា យើងមិនអាចបោះបង់ចោលនូវការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបានទេ។

ទិសខាងលិចនៃមាតុប្រទេសរបស់យើងដែលជាប់ជាមួយនិងប្រទេសថៃ ត្រូវបានរៀបចំបានល្អ ជាមួយនឹងការខិតខំរបស់អាជ្ញាធរខេត្តទាំងអស់ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានការគាំទ្រពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជា ផ្នែកសុខាភិបាល។ សម្ដេចតេជោគូសបញ្ជាក់ថា  ប៉ុន្តែឥឡូវនេះការព្រួយបារម្ភធំបំផុតរបស់យើង គឺការផ្ទុះឡើងនៅការឆ្លងក្នុងសហគមន៍ក្នុងប្រទេសវៀតណាម ដែលចាប់ផ្ដើមពីភាគខាងជើង ភាគកណ្ដាល ហើយឥឡូវនេះគឺឈានមកភាគខាងត្បូង ដែលមេរោគនោះតាមព័ត៌មានដែលយើងទទួលបានមានការផ្លែងភេទទៀតផង។ នេះជាកង្វល់ដ៏ធំ ដែលខ្ញុំសូមប្រកាសឱ្យបណ្ដាខេត្តដែលនៅជាប់ព្រំដែនកម្ពុជា-វៀតណាមទាំងអស់ ចាប់តាំងពីខេត្តកំពត រហូតទៅដល់ខេត្តេរតនគិរី ចាត់វិធានការបន្ទាន់ ទប់ស្កាត់កុំឱ្យមានការឆ្លងទៅឆ្លងមករបស់ប្រជាជន ទាំងប្រជាជនកម្ពុជា និងប្រជាជនវៀតណាម។ សម្តេចតេជោបានបន្ថែមថា ប្រជាជនកម្ពុជាដែលឆ្លងចូលទៅប្រទេសវៀតណាម ក៏ត្រូវតែធ្វើចត្តាឡីស័កដោយអាជ្ញាធរវៀតណាម ដូចដែលធ្លាប់ធ្វើកន្លងទៅ ឯប្រជាជនវៀតណាម ដែលឆ្លងចូលមកកម្ពុជា ក៏ត្រូវតែធ្វើចត្តាឡីស័កនៅក្នុងប្រទេសកម្ពុជាផងដែរ។ ប្រជាជនកម្ពុជាដែលចេញពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា ក៏ត្រូវតែរៀបចំធ្វើចត្តាឡីស័កផងដែរ។សម្ដេចតេជោថ្លែងថា  ប្រការនេះពឹងពាក់ទាំងស្រុង ទៅលើអភិបាលខេត្តដឹកនាំការងារនេះ ជាមួយនិងកងកម្លាំងប្រដាប់អាវុធឈរជើង បិទខ្ទប់ឱ្យខាងតែបាននៅការឆ្លងតាមច្រករបៀង ទាំងនៅតាមព្រំដែន និងការត្រួតពិនិត្យខាងក្នុងឱ្យបានហ្មត់ចត់ ហើយតម្រូវរៀបចំតំបន់ឱ្យធ្វើចត្តាឡីស័កឱ្យបានរឹងមាំបំផុត។ យើងមិនអាចយោគយល់អធ្យាស្រ័យបានទេ។ ដូចវិធានការដែលយើងប្រកាន់យកនៅគ្រប់ទីកន្លែង  ហើយក្រសួងសុខាភិបាលត្រូវផ្គត់ផ្គង់ទៅបណ្ដាខេត្តដែលនៅជាប់ព្រំដែន កម្ពុជា-វៀតណាម។ បណ្ដាខេត្តដែលនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ត្រូវតែពិនិត្យថា តើមានអ្វីដែលជាការខ្វះខាត ត្រូវលើកសំណើស្នើឡើងមកក្រសួងសុខាភិបាល ដើម្បីនឹងជួយផ្គត់ផ្គង់ទៅរៀបចំកន្លែងដើម្បីនឹងធ្វើចត្តាឡីស័ក។ ត្រូវទាក់ទងជាមួយនឹងអាជ្ញាធរខេត្ត និងខេត្ត ដែលនៅជាប់ជាមួយគ្នា ដើម្បីជួយទប់ស្កាត់ប្រជាជន ដែលធ្វើដំណើរឆ្លងកាត់ពីវៀតណាមចូលមកកាន់កម្ពុជា ឬពីកម្ពុជាឆ្លងកាត់ចូលទៅកាន់វៀតណាម។ សម្ដេចតេជោមានប្រសាសន៍ទៀតថា យើងរួមគ្នាទប់ស្កាត់បែបនេះ ទើបអាចចៀសវាងបាននូវចរាចរនៃជំងឺកូវីដ-១៩ ទោះបីប្រភេទចាស់ឬប្រភេទថ្មីក៏ដោយ។ អ្វីដែលជាការព្រួយបារម្ភ គឺអាចនឹងមានការឆ្លងទៅឆ្លងមក នៅក្នុងរយៈពេលនៃការចូលឆ្នាំចិន និងចូលឆ្នាំវៀតណាមខាងមុខនេះ ដែលអាជ្ញាធរត្រូវតែពង្រាយកម្លាំងជាបន្ទាន់ ដើម្បីទប់ស្កាត់ទៅលើការចេញចូលរបស់ប្រជាជនទៅតាមច្រករបៀងនានា។ យើងនូវបន្តសម្របសម្រួលលើការដឹកទំនិញទៅមក ដូចដែលបានព្រមព្រៀងគ្នាតាំងពីខែមីនាឆ្នាំ២០២០ ដោយមិនធ្វើឱ្យមានការរាំងស្ទះទៅលើការធ្វើពាណិជ្ជកម្មឆ្លងដែន និងការដឹកជញ្ជូនទំនិញឆ្លងដែននោះទេ ក៏ប៉ុន្តែយើងត្រូវរឹតបន្តឹងនូវការធ្វើចរាចរមនុស្សឆ្លងកាត់ព្រំដែន ដោយមិនបានធ្វើចត្តាឡីស័ក។សម្ដេចតេជោលើកឡើងថា ប្រជាជនខ្មែរយើងដែលទៅវៀតណាមពេលត្រឡប់មកវិញក៏ចាំបាច់ត្រូវតែធ្វើចត្តាឡីស័ក ប្រជាជនវៀតណាមដែលចូលមកទឹកដីកម្ពុជា ក៏ត្រូវតែធ្វើចត្តាឡីស័កដូចគ្នាដោយគ្មានការលើកលែង។ នេះជាវិធានការបន្ទាន់ ដើម្បីឆ្លើយតបជាមួយនិងសភាពការណ៍ ដែលកំពុងហ៊ុព័ទ្ធយើង ពីទិសខាងលិចគឺព្រំដែនកម្ពុជា-ថៃ និងទិសខាងកើត គឺព្រំដែនកម្ពុជា-វៀតណាម។ ប្រសិនបើយើងមានការធ្វេសប្រហែស ប្រទេសយើងនឹងខ្ទេចខ្ទាំទៅដោយកូវីដ-១៩ ដែលរុញច្រានពីប្រទេសថៃមកផង និងរុញច្រានពីប្រទេសវៀតណាមមកផង។ សម្ដេចប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យកងកម្លាំងប្រដាប់អាវុធជាពិសេសគឺនគរបាលការពារព្រំដែន កងទ័ពជើងគោក ដែលរួមមានបណ្ដាភូមភាគជាប់ព្រំដែនវៀតណាម ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីនិងរួមជាមួយកម្លាំងប្រដាប់អាវុធផ្សេងទៀត មានទាំងនគរបាល និងកងរាជអាវុធហត្ថ ដើម្បីត្រួតពិនិត្យឱ្យបានតឹងរ៉ឹងបំផុតនៅតាមព្រំដែនកម្ពុជាវៀតណាម។ ក្រសួងសុខាភិបាលត្រូវពិនិត្យបន្ទាន់ ដើម្បីពិភាក្សាជាមួយខេត្តរៀបចំកន្លែងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ផ្គត់ផ្គង់ដូចដែលយើងធ្លាប់ផ្គត់ផ្គង់នៅទិសខាងលិច ដូចគ្នាផងដែរ។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា  ទទួលបានបទបញ្ជានេះ អាជ្ញាធរខេត្តដែលនៅជាប់ព្រំដែនវៀតណាម ត្រូវតែពង្រឹងបន្ទាន់នូវវិធានការទាំងឡាយ ដែលបានដាក់ចេញទៅនេះ ព្រោះនេះជាវិធានការ ដើម្បីការពារសុវត្ថិភាពរបស់ប្រជាជនយើង ឱ្យចេញផុតអំពីគ្រោះមហន្តរាយនៃការឆ្លងចូលសហគមន៍ ដែលវារាលដាលចេញពីប្រទេសថៃផង និងរាដាលចេញពីប្រទេសវៀតណាមផង។ នៅតាមព្រំដែនជាមួយប្រទេសវៀតណាមយើងមិនសូវមានកង្វល់ទេ ដោយសារយើងមិនមានពលករយើងនៅក្នុងប្រទេសវៀតណាម តែអ្វីដែលជាការកង្វល់របស់យើង គឺនៅពេលជិតចូលឆ្នាំវៀតណាមនេះ អាចនឹងមានពលរដ្ឋកម្ពុជាឆ្លងទៅវៀតណាម និងអណិកជនវៀតណាមរស់នៅក្នុងប្រទេសកម្ពុជាឆ្លងទៅវៀតណាម ហើយក៏ឆ្លងចូលមកកម្ពុជាវិញ នេះគឺជារឿងដែលយើងត្រូវប្រុងប្រយ័ត្ន ហើយត្រូវតែដោះស្រាយបញ្ហានេះជាបន្ទាន់។ សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្តចាត់វិធានការពង្រាយកម្លាំងបន្ទាន់នៅតាមព្រំដែនកម្ពុជា-វៀតណាម កងទ័ពជើងគោកត្រូវចេញបទបញ្ជា ទៅកងទ័ពដែលនៅតាមព្រំដែន យោធភូមិភាគ និងប្រតិបត្តិការសឹកខេត្ត និងបណ្ដាកងពលចំណុះយោធភូមិភាគ ឬចំណុះកងទ័ពជើងគោក ហើយប្រសិនបើមានកងទ័ពចំណុះអគ្គបញ្ជាការ ត្រូវទប់ស្កាត់ការធ្វើចរាចរដល់មនុស្សដែលមិនបានធ្វើចត្តាឡីស័ក។ ប៉ុន្តែខ្ញុំសូមហាមផ្ដាច់ គឺមិនឱ្យបោះទីតាំងកងទ័ពជាប្រចាំ ហើយជាពិសេសមិនត្រូវបោះទីតាំងកងទ័ព ទៅក្នុងតំបន់ដែលមិនទាន់ដាច់ស្រេចនោះទេ នេះគ្រាន់តែជាការល្បាតដើម្បីទប់ស្កាត់ និងបង្កើនកម្លាំងជាមួយកម្លាំងការពារព្រំដែនដែលមានស្រាប់តែប៉ុណ្ណោះ គឺមិនមែនទៅបោះទ័ពនៅទីតាំងកន្លែងនោះ ឬកន្លែងនេះ នោះទេ ដើម្បីចៀសវាងការភ័ន្តច្រឡំណាមួយពីសំណាក់មិត្តភក្ដិរបស់យើង។ យើងធ្វើកិច្ចការងារនេះជាមួយនិថៃបានល្អហើយ តែយើងធ្វើកិច្ចការងារនេះឱ្យបានល្អទៀតនៅតាមព្រំដែនកម្ពុជា-វៀតណាម ហើយជាពិសេសសូមរំម្លឹកឱ្យបណ្ដាខេត្តជាប់ព្រំដែនជាមួយវៀតណាមត្រូវសហការគ្នា ទាំងកម្ពុជាទាំងវៀតណាមរួមគ្នា ដើម្បីទប់ស្កាត់ការធ្វើចរាចររបស់មនុស្សដោយមិនបានធ្វើចត្តាឡីស័ក ទាំងប្រជាជនកម្ពុជា ទាំងប្រជាជនវៀតណាម។ នេះជាវិធានការសុខាភិបាលដែលត្រូវប្រាកាន់យក ដើម្បីចៀសវាងការឆ្លងកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងប្រទេសរបស់យើង៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register