សម្ដេចក្រឡាហោម ស ខេង ដាក់បទបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រូវចុះពិនិត្យ​ស្មៀនឃុំ-សង្កាត់ ជាបន្ទាន់ក្នុងករណីពួកគាត់ឫកធំដាក់ប្រជាពលរដ្ឋ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១–បន្ទាប់ពីមានបណ្តឹងពីប្រជាពលរដ្ឋតាមបណ្តាញសង្គមហ្វេសប៊ុកផ្ញើចូលក្នុងផេកសម្ដេចមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវចុះពិនិត្យជាបន្ទាន់ចំពោះស្មៀនឃុំ-សង្កាត់ មួយចំនួន​ដែលពួកគាត់ឫកធំណាស់។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តី​ការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា កាលពីពេលកន្លង​មកមាន​ប្រជាពលរដ្ឋមួយចំនួនទៅសាលាឃុំ-សង្កាត់ ឱ្យដោះស្រាយបញ្ហាអ្វីមួយ ប៉ុន្ដែមាន​ស្មៀន​ឃុំ-សង្កាត់ មួយចំនួន មានអាកប្បកិរិយាមិនល្អ ចំពោះប្រជាពលរដ្ឋ។ សម្ដេចក្រឡាហោម មានប្រសាសន៍ថា “សូមផ្ដាំឱ្យមើលស្មៀន ផ្ដាំទីកន្លែងនេះទៅ ឯកឧត្តម លោកជំទាវ អភិបាលរាជធានី-ខេត្ត ព្រោះស្មៀនខ្លះគាត់ឫកធំសម្បើមណាស់។ យន្ដការនៅឃុំ-សង្កាត់ ហ្នឹង គឺមានសិទ្ធិរឹងមាំដោយសារបោះឆ្នោតតាមគោលការណ៍ប្រជាធិបតេយ្យ។ អញ្ចឹងមាន​ក្រុមប្រឹក្សា មានមេឃុំ មានជំទប់ក្រៅពីហ្នឹងមានគណៈកម្មការ មន្ដ្រីផ្សេងៗទៀត ហើយ​ស្មៀនមិនមែនជាមន្ដ្រីនយោបាយទេ។ មន្ដ្រីនយោបាយ គឺក្រុមប្រឹក្សា បោះឆ្នោតដោយ​ប្រជាជនផ្ទាល់”។

សម្ដេចក្រឡាហោមបានលើកឡើងថា មានប្រជាពលរដ្ឋមួយចំនួនបានរាយ​ការណ៍ តាមផេកហ្វេសប៊ុកសម្ដេចក្រឡាហោម ទាក់ទងនឹងរឿង ស្មៀនឃុំ-សង្កាត់ ដូច្នេះ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ត្រូវចាត់ការរឿងនេះជាបន្ទាន់។ ជាមួយគ្នានេះ សម្ដេចក្រឡា​ហោម​ក៏បានកោត​​សរសើរចំពោះស្មៀនឃុំ-សង្កាត់ មួយចំនួនដែលបានខិតខំធ្វើការងារ និង​ដោះ​ស្រាយជូនប្រជាពលរដ្ឋ៕

ដោយ ប៊ុនរិទ្ធ

You do not have permission to write comment on this post.

Log in Register