ដើមឈើ៤ដើម នឹងត្រូវដកហូតពីលើដងផ្លូវក្នុងតំបន់អង្គរ

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី០​​​​៨ ខែកុម្ភៈ ឆ្នាំ២០២១ — អាជ្ញាធរជាតិអប្សរា បានជូនដំណឹងអំពីការដកហូតយកដើមឈើ៤ដើមពីលើដងផ្លូវ ក្នុងតំបន់អង្គរ ចាប់ពីខាងកើតប្រាសាទអង្គរវត្តដល់ខាងត្បូងប្រាសាទបន្ទាយក្តី ដោយសារ ដើមឈើទាំង៤ដើមនេះ មានហានិភ័យខ្ពស់ ធ្លាប់កើតមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

យោងតាមប្រភពព័ត៌មានរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឱ្យដឹងថា មន្ត្រីបច្ចេកទេសនាយកដ្ឋានពាក់ព័ន្ធនៃ អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការ និងសំណូមពរពីអាជ្ញាធរមូលដ្ឋាន សង្កាត់នគរធំ បានចុះពិនិត្យស្ថានភាពដើមឈើ ដែលដុះនៅលើដងផ្លូវពីខាងកើតប្រាសាទអង្គរវត្តដល់ខាង ត្បូងប្រាសាទបន្ទាយក្តី ស្ថិតក្នុងភូមិក្រវ៉ាន់ និងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុង សៀមរាបនោះ ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់ឃើញថា មានដើមឈើចំនួន២៣ដើម ត្រូវ មានវិធានការ ដែលក្នុងនោះ ដើមឈើចំនួន៤ដើម គួរដកហូតចេញជាបន្ទាន់ រួមមានដើម យាង១ដើម ដកព១ដើម ត្រាច១ដើម និងចំបក់១ដើម។ ដើមឈើទាំង៤ដើមនេះមានហា និភ័យខ្ពស់ធ្លាប់កើតមានគ្រោះថ្នាក់ចរាចរណ៍ ហើយដុះទ្រេតខ្លាំងជាប់គន្លងផ្លូវកង់ និងនៅ ជាប់ ចំណុចផ្លូវកោងទៀតផង។

ប្រភពដដែលបញ្ជាក់ថា វិធានការនេះដើម្បីបង្ការកុំឱ្យ មានគ្រោះថ្នាក់ប៉ះពាល់ដល់ អាយុជីវិតអ្នកដំណើរដែលបានឆ្លងកាត់ទីនោះ។ ចំណែកឯដើមឈើចំនួន១៩ដើមទៀតដែល មានហានិភ័យមធ្យមរួមមាន ដើមធ្លក៤ដើម យាង៧ដើម ចំបក់៦ដើម និងត្រាច២ដើម  អាជ្ញាធរជាតិអប្សរា នឹងដាក់ផ្លាកសញ្ញាចំណាំងផ្លាតនៅលើដើមឈើទាំងនោះ ដែលវិធានការ មួយនេះអាចរក្សាទុកដើមឈើទាំង១៩ដើមជាបន្តទៀត។ អាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើម អនុវត្តន៍កិច្ចការខាងលើក្នុងសប្ដាហ៍នេះ រហូតដល់បញ្ចប់ការងារ៕

ដោយ ហង្ស សៀក

You do not have permission to write comment on this post.

Log in Register