សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា វ៉ាក់សាំង Sinopharm របស់មិត្តចិន គឺជាប្រភេទ​វ៉ាក់សាំងមួយ ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១–សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា  វ៉ាក់សាំង Sinopharm របស់មិត្តចិន ដែលត្រូវបានផ្តល់មកកម្ពុជានេះ គឺជា​ប្រភេទវ៉ាក់សាំងដែលត្រូវបានទទួលស្គាល់ថាជាវ៉ាក់សាំងមួយដែលមានសុវត្ថិភាព និង ប្រសិទ្ធភាព ហើយត្រូវបានបញ្ជាទិញ ព្រមទាំងអនុម័ត ឱ្យប្រើប្រាស់ដោយប្រទេស​ជាច្រើន នៅក្នុងតំបន់ និងលើសកលលោក។

 ​ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ពិធីប្រគល់ និងទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន៦០ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលសាធារណប្រជាមានិតចិន ជូនដល់រាជរដ្ឋាភិ​បាល​នៃព្រះរាជាណាចក្រកម្ពុជា នាព្រលប់ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រលាន​យន្ត​ហោះអន្តរជាតិភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចបានត្រៀម​ខ្លួនចាក់វ៉ាក់សាំងនេះហើយ ប៉ុន្តែបែរជាទទួលដំណឹងពីចិនថាវ៉ាក់សាំងនេះ អាចចាក់លើ​ពលរដ្ឋដែលមានអាយុ៥៩ឆ្នាំចុះក្រោមប៉ុណ្ណោះ ទើបសម្ដេចមិនអាចចាក់បាន។ សម្ដេច​តេជោ​ថ្លែងបញ្ជាក់ថា“ដោយសារខ្ញុំមិនបានចាក់វ៉ាក់សាំងដោយកត្តាអាយុនោះ ខ្ញុំយល់​ស្រប​ជាមួយនឹងការរៀបចំឱ្យមានការចាក់វ៉ាក់សាំងដោយប្រមូលកូនអ្នកធំ”។ 

សម្ដេចតេជោបានលើកឡើងថា  សម្ដេចមានកូនប្រុស០៣នាក់ កូនប្រសារ០២នាក់ បើគេគ្រប់លក្ខខណ្ឌឱ្យគេទៅចាក់ ហើយមន្ត្រីដែលមានអាយុក្រោម៥៩ ដូចជារដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី កើត រិទ្ធ ព្រមទាំងរើសថ្នាក់ឧត្ដមសេនីយ៍ មួយចំនួន មកចាក់រួមគ្នានៅមន្ទីរពេទ្យកាលម៉ែត្រ ដែលយើងរៀបចំឱ្យមាន​ការផ្សាយបន្ត​ផ្ទាល់ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋនិងបង្កើត​​ នូវជំនឿទុកចិត្តលើវ៉ាក់សាំងផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងបន្តទៀតថា ដោយឡែកអ្នកសារព័ត៌មានអាជីព ដែលចង់ទទួលបានវ៉ាក់សាំងកូវីដ-១៩ ត្រូវចុះឈ្មោះ ហើយ ពិនិត្យមើលលក្ខខណ្ឌរបស់វ៉ាក់សាំង Sinopharm ក្នុងនោះក៏ត្រូវមានអាយុចន្លោះពី ១៨ ដល់ ៥៩ឆ្នាំជាដើម។ សម្តេចតេជោក៏បានណែនាំឱ្យក្រសួងសុខាភិបាល សហការជាមួយ​ក្រសួង​ព័ត៌មាន ដើម្បីរៀបចំឱ្យអ្នកសារព័ត៌មានបានទទួលវ៉ាក់សាំង។ បន្ថែមពីនេះ ដើម្បី​ទទួលបានវ៉ាក់សាំងលឿននោះ សម្រាប់អង្គភាពសារព័ត៌មានមួយចំនួន ក៏អាចទំនាក់​ទំនង​ក្រសួងសុខាភិបាលផ្ទាល់ផងដែរ។

​ គួររម្លឹកដែរថា កាលពីពេលមុន សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងចាក់វ៉ាក់​សាំង​ការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ប្រទេសចិននៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១​នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ប៉ុន្តែដោយសារតែសម្តេចទទួលបានលិខិតបញ្ជាក់ផ្លូវការ​ពី​ស្ថាន​ទូតចិនអំពីកត្តាអាយុ ដែលកត្តាអាយុនោះគឺ វ៉ាក់សាំង Sinopharmនេះ មាន​ប្រសិទ្ធ​ភាពសម្រាប់មនុស្ស មានអាយុចាប់ពី១៨ឆ្នាំ ដល់៥៩ឆ្នាំតែប៉ុណ្ណោះ៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register