​អង្គ​ការ WWF រកឃើញចំនួន​សត្វរំពេរទន្លេកើន​ឡើង​ទ្វេ​ដង​​ក្នុងរយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ តាម​តំបន់​ទន្លេ​មេ​គង្គ​រវាង​ខេត្ត​ក្រចេះ ស្ទឹង​ត្រែង​​ និង​ព្រំ​​ប្រទល់​ប្រទេស​ឡាវ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ –ក្រុម​អ្នក​វិទ្យា​សា​ស្ត្រ​តាម​ដាន​សត្វ​ព្រៃ​របស់​អង្គ​ការ WWF បាន​ប្រទះ​ឃើញ​សត្វ​រំពេរ​ទន្លេ​សរុប​ចំនួន ៦៨ ក្បាល​ ក្នុង​អំឡុង​ពេល​ចាប់​ផ្តើម​សិក្សា​​ចំនួន​សត្វ​បក្សី​ នៅ​តាម​តំបន់​ទន្លេ​មេ​គង្គ​រវាង​ខេត្ត​ក្រចេះ ​ខេត្ដស្ទឹង​ត្រែង​​ និង​ព្រំ​​ប្រទល់​ប្រទេស​ឡាវ​ ក្នុង​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២១។ អ្នក​វិទ្យា​សាស្ត្រ​បាន​ឃើញ​វត្ត​មាន​របស់​សត្វ​រំពេរ​ទន្លេ​ដ៏​អស្ចារ្យ​ទាំង​នេះ​កំពុង​​ប្រើ​ប្រាស់​ថ្ម​ប៉​ប្រះ​ទឹក​​ជា​ទ្រ​នំ​ដើម្បី​ចាប់​ត្រី​ ខណៈ​ដែល​សត្វ​រំពេរ​ខ្លះ​ទៀត​​កំពុង​តែ​​ហើរ​ក្រឡឹង​​ចុះ​ឡើង​តាម​ឆ្នេរ​​ខ្សាច់​ដែល​ជា​ទី​ជម្រក​ធម្មជាតិ​របស់​ពួក​វា​ដើម្បី​​បន្ត​ពូជ។ ខណៈ​ពេល​នេះ​​រដូវ​បន្ត​ពូជ​របស់​សត្វ​រំពេរ​ទន្លេ​បាន​ចាប់​ផ្តើ​ម​ហើយ​។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌​មានរបស់អង្គការ WWF។

លោក អៀម សំអ៊ន់ អ្នកទទួលបន្ទុកផ្នែក​ស្រាវ​ជ្រាវ​និង​តាម​ដាន​ជីវៈ​ចម្រុះប្រចាំ​តំបន់​ទន្លេ​មេគង្គនៃ​អង្គ​ការ WWF បានថ្លែងថា សត្វ​រំពេរ​ទន្លេ​ជា​ប្រ​ភេទ​បក្សី​មាន​មាឌ​​មធ្យម​ មាន​កន្ទុយ​ចំពាម​ ក្បាល​ខ្មៅ​ ពោះ​ស​ ហើយ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​រដូវ​កាល​បន្ត​ពូជ​របស់​ពួក​វា​ ដែល​ចាប់​ផ្តើម​ពី​ខែ​មករា​ ដល់​ខែ​ឧសភា​។​ លោក​បាន​បន្ថែម​ថា “ចំនួន​សត្វ​រំពេរ​ទន្លេ​ដែល​បាន​ប្រទះ​ឃើញ​​ពេល​​​នេះ​មាន​ចំនួន​ច្រើន​ជាង​ចំនួន​ដែល​បាន​ប្រទះ​ឃើញ​កាល​ពី​ឆ្នាំ​មុន​ ដែល​ពេល​នោះ​ឃើញ​សត្វ​រំពេរ​ទន្លេមាន​​តែ​​ ៦៤ ក្បាល​ប៉ុណ្ណោះ​”។

លោកបានលើកឡើងថា សមា​ជិក​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​គ្រប់​គ្នា​ពិត​ជា​រំភើប​ខ្លាំង​ណាស់​ចំពោះ​កំណត់​ត្រា​កំណើន​សត្វ​រំពេរ​ក្នុង​អំឡុង​ពេល​ការ​អង្កេត​ចំនួន​សត្វ​បក្សី​លើក​ដំបូង​នៅ​ក្នុង​រដូវ​បន្ត​ពូជ​ឆ្នាំ​នេះ​។​ ទន្ទឹមនេះ ចំនួន​បក្សី​ទាំងនេះ​​​មាន​កំណើន​ទ្វេ​ដង​ក្នុងរយៈ​ពេល​ប្រាំ​ឆ្នាំ​ដែល​កើន​ពី​ ៣១ ក្បាល​ ក្នុង​ឆ្នាំ​២០១៦ ដល់​ ៦៨ ក្បាល​ ក្នុង​ដើម​ឆ្នាំ​២០២១។

លោក សេង ទៀក នាយក​អង្គ​ការ​ WWFកម្ពុជាបានមានប្រ​សាសន៍ថា នេះ​ពិ​ត​ជា​ដំណឹង​ដ៏​ល្អ​មួយ​ ដែល​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ និង​មោ​ទន​ភាព​​​​សម្រាប់​ប្រទេស​កម្ពុជានិង​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​​ក្នុង​តំបន់​​ ហើយ​ការ​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងជា​ទៀង​ទាត់​បាន​ជំរុញ​ឱ្យ​ចំនួន​សត្វ​បក្សី​នេះ​កើន​ឡើងវិញ​ ​ដែល​ផ្តល់​នូវ​ក្តី​​សង្ឃឹម​សម្រាប់​ការ​ស្តារ​សត្វ​ប្រភេទ​​នេះ​ឱ្យ​មាន​ចំនួន​សម្បូរ​ឡើង​​ក្នុង​ប្រទេស​កម្ពុជានិង​ក្នុង​តំបន់​។​ លោកបានថ្លែងថា “ខ្ញុំ​បាទ​សូម​កោត​សរ​សើរ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​​យ៉ាង​ខ្លាំ​ងក្លា​ ក្នុង​កិច្ច​ការ​គ្រប់​គ្រង​តំបន់​ការ​ពារ​ ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ការ​លើក​កម្ពស់​ការ​​ចូល​រួម​ពី​សំណាក់​​សហគមន៍​ ​​របស់​រដ្ឋា​ភិបាល​ថ្នាក់ជាតិ​ ថ្នាក់​ក្រោម​ជាតិ​​ និង​អា​ជ្ញា​ធរ​​មូល​ដ្ឋានជាពិសេសមន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេ​សាទមន្ទីរ​បរិស្ថានភាគី​ពាក់​ព័ន្ធ​នានា​ និង​ក្រុម​ការងារ​​របស់ WWF ព្រម​ទាំង​ការ​ចូល​រួម​របស់​សហគមន៍​មូល​ដ្ឋាន​ដែលកំពុង​រស់​​នៅ​ក្នុង​តំបន់​ទី​ជម្រកធម្ម​ជាតិ​​របស់​សត្វ​រំពេរ​ទន្លេ​។”

បើតាមអ្នកជំនាញបានលើកឡើងថា សត្វ​រំពេរ​ទន្លេ​ជា​ប្រភេទ​បក្សី​មួយ​ដ៏​កម្រ​បំផុត​ក្នុង​ចំណោម​ប្រភេទ​បក្សី​កម្រក្នុង​តំបន់​អាស៊ី​អា​គ្នេយ៍​។ ក្នុង​ប្រទេស​កម្ពុជា​ សត្វ​រំពេរ​ទន្លេ​បាន​ធ្លាក់​ចុះ ៨០ភាគរយ ក្នុង​រយៈ​ពេល​ ២០ ឆ្នាំ​ កន្លង​ទៅ​ ដែល​មាន​ចំនួន​ប៉ាន់​ប្រមាណ​សរុប​​ទូ​ទាំង​ប្រទេស​ចន្លោះ​ពី ៥៤ ដល់​ ៦២ ក្បាលប៉ុណ្ណោះ​ ក្នុង​ឆ្នាំ​២០១៨​។ កត្តា​គំរាម​កំហែង​​​ចម្បង​ៗ​ចំពោះ​ការ​រស់​រាន​របស់សត្វ​​បក្សី​នេះ​រួម​មាន​ការ​យាយី​ដល់​ទី​ជម្រក​ធម្ម​ជាតិ​របស់​វា​បណ្តាល​មក​ពី​​សកម្ម​ភាព​មនុស្ស​ ការ​​ជន់លិច​​សំបុក​ ការ​ប្រមូល​យក​ស៊ុត​បក្សី​​ដោយ​មនុស្ស​​ និង​ការ​បំផ្លាញ​សំបុក​សត្វ​ដោយ​សត្វ​ពាហនៈ​ និង​សត្វ​រំពារ​ផ្សេង​ៗ​​។ ដោយ​ហេតុ​នេះ​ហើយ​ ទើប​អង្គ​ការ IUCN បាន​ផ្លាស់​ប្តូរ​ចំណាត់​ថ្នាក់​របស់​បក្សី​នេះ​ក្នុង​បញ្ជីក្រហម​នៃ​​ប្រភេទ​សត្វ​ទទួល​រង​គ្រោះ​របស់​ខ្លួនពី​ “ជិត​រង​គ្រោះ​” ទៅ​ជា​ប្រភេទ “ងាយ​​រង​គ្រោះ​”។

បន្ថែមលើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ងារ​គ្រប់​គ្រង​តំបន់​ការ​ពារ​ យុទ្ធ​សា​ស្ត្រ​អភិរក្ស​ដែល​បាន​អនុវត្ត​ន៍ដោយ​អង្គ​ការ WWF ក្រោម​កិច្ច​សហការ​ជាមួយ​ស្ថាប័ន​រដ្ឋា​ភិបាល​ និង​ដៃ​គូ​អភិរក្ស​នានា​ បាន​ជំរុញ​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​សហគមន៍​មូល​ដ្ឋាន​ដែល​​កំពុង​រស់​នៅ​ក្នុង​តំបន់​ទី​ជម្រកធម្ម​ជាតិ​​​ ដើម្បី​អនុវត្ត​កម្ម​វិធី​ការ​ពារ​សំបុក​សត្វ​​ដោយ​សហគមន៍​ ខណៈ​ដែល​ផ្តល់​ជម្រើសជីវ​ភាព​បន្ថែម​​ដល់​សហគមន៍​​​ដើម្បី​បង្កើន​ប្រាក់​ចំណូល​​​គ្រួសារ​ផង​ដែរ​។

សូមបញ្ជាក់ផងដែរថា កាល​ពី​ឆ្នាំ​មុនសំបុក​សត្វរំពេរ​ទន្លេ​ចំនួន ៤៧ សំបុក​ ត្រូវ​បាន​ការ​ពារ​ដោយ​សហគមន៍​មូល​ដ្ឋាន​​នៅ​តំបន់​ទន្លេ​មេ​គង្គ​៕

ដោយ រិទ្ធី

You do not have permission to write comment on this post.

Log in Register