ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ជួបសន្ទនាជាមួយចៅស្រីអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត​ ស្ដីពីតន្ត្រីកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ​ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ — ឯកឧត្ដម ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិកប្រចាំកម្ពុជា W. Patrick Murphy បានជួបសន្ទនា​ជាមួយ​អ្នក​​ចម្រៀង កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលជា​ចៅស្រី​បង្កើត​អធិរាជ​សំឡេង​ លោក ស៊ីន ស៊ីសាមុត និងបាន​ថតទុកនូវវីដអូជជែក​គ្នាអំពីវិស័យ​តន្ត្រីនៅ​កម្ពុជា និង​ចំណាប់​អារម្មណ៍​ក្នុងការរក្សាមរតក​ចម្រៀង​របស់ជីតានាង។​ ក្នុងកិច្ចសន្ទនារយៈពេល ២០ នាទី​នេះ ជាវីដេអូ​ដែល​ផលិតដោយក្រុមហ៊ុន Cambodian Broadcasting Service ត្រូវ​បាន​ចាក់​ផ្សាយ​តាមបណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ស្ថានទូត​អាម៉េរិកប្រចាំនៅកម្ពុជា​ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ នេះបើ​យោង​តាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។

ក្នុងជំនួបសន្ទនានេះដែរ ឯកឧត្ដម W. Patrick Murphy បានភ្ញាក់ផ្អើល ដោយដឹង​ថា​លោក ស៊ីន ស៊ីសាមុត នៅ​តែ​ទទួល​បាន​ការ​ស្រឡាញ់​ពេញនិយម ស្តាប់ចម្រៀងលោក ​នៅ​ទូទាំងប្រទេសកម្ពុជា ទោះបីលោកបាន​បាត់បង់​ជីវិត​អស់រយៈពេលជាយូរ​មកហើយក្តី។​ឯកឧត្ដម ​ឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា៖ «ខ្ញុំស្តាប់ចម្រៀងរបស់គាត់​តាមស្ថានីយ​វិទ្យុ​ខ្លះ បានឃើញរូបថតគាត់ ដាក់តាំង​នៅតាមភោជនីយដ្ឋាន និង​សណ្ឋាគារ​ប្រណីត​មួយចំនួន។ រហូតដល់សព្វថ្ងៃ​នេះ បទចម្រៀង​របស់លោក ​នៅតែ​ពិរោះរណ្តំចិត្ត ​​របស់​មនុស្ស​ទាំង​ចាស់ ក្មេងសព្វថ្ងៃនេះ»។

  បើតាមការបញ្ជាក់របស់កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា បានឱ្យដឹងថា នាងមិនដែលបាន​ឃើញជីតានាងផ្ទាល់ទេ តែនាង​បាន​ដឹងឮរឿងរ៉ាវ​គាត់ តាម​ជីដូន​បង្កើត​នាង ដែលរស់​នៅ​ក្នុងខេត្តស្ទឹងត្រែង។ កញ្ញានិយាយថា “បទចម្រៀង​ជាច្រើនរបស់គាត់បង្កប់អត្ថន័យប្រើន័យ​ធៀប​ជីវិត​មនុស្ស​ទៅនឹង​ធម្មជាតិ។ នា​ថ្ងៃមួយ ពួកគាត់ទាំងពីរ បាន​ទៅលេង​សៀមរាប ដើរ​មើល​​ប្រាសាទ ហើយលោកយាយ​ខ្ញុំចង់​ចូល​មើល​ប្រាសាទ​មួយ តែ​លោក​តា​ខ្ញុំ (ស៊ីន ស៊ី​សាមុត) បាន​និយាយថា គាត់នឹងរង់ចាំ​នៅខាង​ក្រៅ ហើយ​​​ប៉ុន្មាន​ម៉ោង​ក្រោយ​មក គាត់​សរសេរ​​បានចម្រៀងមួយបទ។ ខ្ញុំមាន​ការស្ញប់ស្ញែង​ចំពោះ​រឿងរ៉ាវ ទាក់​ទង​នឹង​ការ​និពន្ធ​បទ​ចម្រៀង​​របស់​គាត់។”

បើតាមសុជាតា​ បានបញ្ចេញនូវចម្រៀងថ្មី ៣ បទ ហើយបទទីមួយ នឹងចេញ​នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខ។ សុជាតាបានបន្ថែមថា “ខ្ញុំប្រើពាក្យសាមញ្ញ ហើយត្រង់ៗ ក្នុងបទចម្រៀងទាំងនេះ ពីព្រោះ​ខ្ញុំចង់ឱ្យ​ទស្សនិក​ជន ងាយយល់”៕

ដោយ រិទ្ធី

You do not have permission to write comment on this post.

Log in Register