ថ្នាក់ដឹកនាំកីឡាទទួលការចាក់វ៉ាក់សាំងទប់ស្កាត់ជំងឺកូវីដ-១៩ និងរៀបចំ​កម្មវិធី​ចាក់វ៉ាក់សាំងសម្រាប់ក្រុមជម្រើសជាតិ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ — ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជាបានទទួលការចាក់វ៉ាក់សាំងទប់ស្កាត់ជំងឺកូវីដ-១៩ លើកទី១ រួចហើយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដើម្បីបង្ហាញពីភាពជឿជាក់មុននឹងរៀបចំកម្មវិធីជាបន្តបន្ទាប់ សម្រាប់ទកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ក្នុងការហ្វឹកហាត់ត្រៀមចូលរួមប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម លើក​ទី​៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។

ឯកឧត្តម វ៉ាត់ ចំរើន បានអះអាងយ៉ាងដូច្នេះថា «ខ្ញុំបានចូលរួមទប់ស្កាត់ជំងឺ COVID-19 លើកទី១ រួចរាល់ហើយរង់ចាំ១៤ថ្ងៃទៀត ទើបចាក់បង្រ្គប់លើកទី២។ មុនពេលចាក់វ៉ាក់សាំងនេះ គឺមានការពិគ្រោះ​យោបល់លើបញ្ហាសុខភាពពីក្រុមគ្រូពេទ្យជំនាញ ទើបអនុញ្ញាឱ្យចាក់។ ចំពោះសេវាទទួលចាក់វ៉ាក់សាំង​មានភាពល្អប្រពៃណាស់ សមរម្យ កក់ក្តៅ និងចាក់លឿនមិនឈឺ មិនដឹងថាចាក់ប្រើពេលត្រឹមតែ៤ ឬ៥​វិនាទី​តែប៉ុណ្ណោះ”។ ឯកឧត្ដមក៏សូមត្រៀមលក្ខណៈឱ្យកីឡាករ កីឡាការិនី គ្រូបង្វឹកក្រុមជម្រើសជាតិ ត្រៀម​ចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នា តាមការស្ម័គ្រចិត្ត។ ប៉ុន្តែបើយកល្អពេទ្យពិនិត្យ ឬដឹងខ្លួនថាចាក់​បាន គួរតែចាក់ឱ្យហើយ សម្រាប់កីឡាករ គ្រូបង្វឹក ត្រៀមការហ្វឹកហាត់ ការប្រកួត ក្រៅប្រទេស ឆ្នាំ២០២១ ជាពិសេសគឺត្រូវចូលរួមប្រកួត ស៊ីហ្គេម នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១នេះ។ ហើយចំពោះពេល​វេលា​ដែលត្រូវចាក់ឯកឧត្ដមនឹងជម្រាបជូនឆាប់ៗខាងមុខនេះ។

ដោយឡែកនៅក្នុងបទសម្ភាសន៍មួយ កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ទាក់ទងទៅនឹងការ​ទប់បស្កាត់ជំងឺកូវីដ-១៩នេះដែរ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០២១នេះ គណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិបានណែនាំ និងស្នើឱ្យរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗផ្តល់​ការ​ចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ជូនដល់កីឡាករ កីឡាការិនីជាអាទិភាពផង។ សម្រាប់វិស័យកីឡាកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជាអាទិភាពជូនដល់ក្រុមជម្រើស​ជាតិ​កម្ពុជា​ផងដែរ។

ជាមួយគ្នានោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក៏បានផ្តល់សញ្ញាភ្លើងខៀវ សម្រាប់ការចាក់ជូននូវវ៉ាក់សាំងទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់ក្រុមកីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្ត្រីកីឡានៃក្រុមជម្រើសជាតិ ដែលមានចំនួនប្រមាណជាង១ពាន់នាក់។ ក្នុងនោះ​មាន១ក្រុមត្រៀមចេញទៅប្រកួតអូឡាំពិកហ្គេម នាអំឡុងខែកក្កដា ឆ្នាំ២០២១ ១ក្រុមទៀតមាន​ចំនួនរាប់​រយនាក់ ត្រៀមចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងខែសីហា ឆ្នាំ២០២១ ខណៈ​​ក្រុមតូចៗផ្សេងទៀតនឹងត្រៀមចេញទៅហ្វឹកហាត់នៅប្រទេសកូរ៉េ ជប៉ុនជាដើម។ ចំពោះក្រុមធំ ដែលមាន​ចំនួនជាង៥០០នាក់ នឹងត្រូវត្រៀមក្រុមប្រតិភូក្នុងទ្រង់ទ្រាយធំ ត្រៀមចេញទៅប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់រៀងរាល់២ឆ្នាំម្តង គឺស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។

ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា “បើក្រុមជម្រើសជាតិកម្ពុជាទទួលយកការចាក់វ៉ាក់​សាំង​នេះឱ្យហើយ គឺយើងកាន់តែមានទំនុកចិត្តកាន់តែខ្ពស់ ដើម្បីត្រៀមការហ្វឹកហាត់ និងការប្រកួតប្រកប​ដោយភាព​ជឿជាក់ ក្នុងការហ្វឹកហាត់កម្លាំងកាយ ការអភិវឌ្ឍបច្ចេកទេសរបស់ពួកគាត់ឱ្យកានតែល្អ​ប្រសើរ”។ ឯកឧត្ដមក៏បានលើកឡើងថា ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាក្រុម​ជម្រើសជាតិទាំងមូលសូមសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនដំពោះសម្តេចតេជោនាយក រដ្ឋមន្ត្រី ហ៊ុន សែន សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងការជំរុញលើកទឹកចិត្ត និងការយល់ច្បាស់​ពី​សុខទុក្ខរបស់កីឡាករ កីឡាការិនីរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា​ប្រធាន​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព​របស់​កីឡាករ កីឡាករិនី គ្រូបង្វឹកផងដែរ៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register