​អាជ្ញាធរដុតកម្ទេចចោលសត្វជ្រូករស់ ៣០ក្បាល មានជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែល​ឈ្មួញនាំចូលពីក្រៅប្រទេសនៅ​ខេត្តបន្ទាយមានជ័យ

Please log in or register to like posts.
ព័ត៌មាន

AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ — អាជ្ញាធរសមត្ថកិច្ចជំនាញបានធ្វើការដុតកម្ទេចចោលសត្វជ្រូករស់ចំនួន ៣០ក្បាល​ដែលចាប់ពីឈ្មួញបានលួចនាំចូលពីប្រទេសថៃបន្ទាប់ពីបានពិនិត្យឃើញថា មានជំងឺឆ្លង ប៉េស្តជ្រូកអាហ្វ្រិកនោះ ដើម្បីទប់ស្កាត់ការធានាដល់សុវត្ថិភាពនៃការឆ្លងរីករាលដាលទៅ ដល់សុខភាពសត្វ​ជ្រូកដទៃទៀត។

មានប្រសាសន៍នៅទីកន្លែងធ្វើការ​ដុតកម្ទេចចោលសត្វជ្រូកទាំងនេះ ​កាលពីព្រឹក​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ​អគ្គនាយកដ្ឋានសុខភាព សត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា ជ្រូករស់ចំនួន ៣០ក្បាល ដែលត្រូវដុតកម្ទេចចោល នោះត្រូវបានមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យបង្ក្រាបបាន ដោយឈ្មួញលួចនាំចូលពីប្រទេសថៃ ហើយត្រូវបានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថាន ជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វបានចេញលទ្ធផលមានជំងឺឆ្លងប៉េស្ត ជ្រូកអាហ្វ្រិក។

ឯកឧត្តមបានបញ្ជាក់ថា ជំងឺនេះ​វាមិនឆ្លងទៅដល់មនុស្សនោះទេតែវាឆ្លង ពីសត្វទៅសត្វ ហេតុនេះដើម្បីពង្រឹងការទប់ស្កាត់ជំងឺនេះឆ្លងដល់ជ្រូកក្នុងស្រុកនោះគប្បី អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធត្រូវចូលរួមទាំងអស់គ្នា ត្រូវបង្កើនការពារទប់ស្កាត់នៅតាម បន្ទាត់ព្រំដែនមិនឱ្យឈ្មួញលួចនាំចូលបានឡើយ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត​បន្ទាយមានជ័យបានប្រាប់ឱ្យដឹងថា សត្វជ្រូករស់ចំនួន៣០ក្បាលដែលមន្ត្រីជំនាញចាប់បាន ក្រោយពីឈ្មួញលួចនាំចូលពីប្រទេសថៃ ដោយខុសច្បាប់នោះត្រូវបានមន្ត្រីជំនាញ ពិនិត្យឃើញថាមានជំងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិក។ ជ្រូក​នេះត្រូវ បង្ក្រាបបានចំនួន ២ករណីដោយ ឡែកពីគ្នា ដោយករណីទី១ ចាប់នៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចតាមដងផ្លូវ ស្ថិតភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយ បានឃាត់រថយន្តទេសចរណ៍ ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Q.2123 ដឹកជ្រូករស់ចំនួន ២០ក្បាលដែលឈ្មួញបាននាំចូលពីថៃដោយគ្មានច្បាប់។ ចំពោះករណី ទី២ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្បែព្រំដែនចំណុច ច្រករបៀងចំការគរ ស្ថិតនៅ ភូមិចំការគរ ឃុំនិងស្រុកស្វាយចេក ដោយឃាត់បានគោយន្ត កន្ត្រៃ១គ្រឿងដឹកជ្រូករស់ ចំនួន១០ក្បាលដែលនាំចូលគ្មានច្បាប់ពីប្រទេសថៃ៕

ដោយឈុនសារ៉ាត

You do not have permission to write comment on this post.

Log in Register