សម្ដេចតេជោ ហ៊ុន សែន ស្នើធ្វើវិសោធនកម្ម បង្កើនចំនួនការផាកពិន័យ នៃអនុក្រឹត្យស្ដីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងការឆ្លើយតបការរីករាលដាល ជាអន្តរជាតិនៃជំងឺតាមច្រកចេញ-ចូល

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ —

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រុមប្រឹក្សាអ្នកច្បាប់ ធ្វើវិសោធនកម្មមាត្រាទី៨ នៃអនុក្រិត្យស្ដីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់និងការឆ្លើយតបការរីករាលដាលជាអន្តរជាតិនៃជំងឺតាមច្រកចេញ ចូលឡើងវិញ ដោយបង្កើនចំនួនការពិន័យ និងស្នើឱ្យពិនិត្យទៅលើបញ្ហាដទៃទៀត ដើម្បីធានាឱ្យការអនុវត្តទៅមានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងសារជាសំឡេងនាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែនបានចេញបទបញ្ជា ឱ្យអាជ្ញាធរខេត្តនៅតាមព្រំដែន និងក្រសួងពាក់ព័ន្ធ អនុវត្តន៍ឱ្យបានត្រឹមត្រូវ នូវអនុក្រិត្យលេខ ១២៩ចុះថ្ងៃទី ១៩ ខែ ០៩ ឆ្នាំ២០១៥ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្ដេចតេជោថ្លែងថា  អនុក្រឹត្យនេះមានឈ្មោះថាអនុក្រឹត្យ ស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងការឆ្លើយតបការរីករាលដាលជាអន្តរជាតិ នៃជំងឺតាមច្រកចេញ ចូល។ អនុក្រឹត្យនេះ មានមុនពេលដែលជំងឺកូវីដ-១៩បានចាប់ផ្ដើមមកម្លេះ មិនមែនទើបនឹងមានក្នុងដំណាក់កាលកូវីដ-១៩នោះទេ។ ដូច្នេះដើម្បីធានាថាធ្វើឱ្យបានហ្មត់ចត់អំពីការធ្វើចត្តាឡីស័កនេះ យើងមិនត្រូវមានការអត់ធ្មត់ ឬការមើលរំលងទៅលើការអនុវត្តលិខិតបទដ្ឋានគិតិយុត្តិ របស់រាជរដ្ឋាភិបាលតទៅទៀតទេ។ ដែលមុននេះយើងបានអនុវត្តន៍ខ្លះ ទៅលើអ្នកដែលបានរត់គេចចេញពីការធ្វើចត្តាឡីស័ក គឺសំដៅទៅលើពលរដ្ឋខ្មែរយើង ដែលរស់នៅសហរដ្ឋអាមេរិក ប្រហែលជាពីរករណីប៉ុណ្ណោះសម្រាប់ការផាកពិន័យ។ សម្ដេចតេជោគូសបញ្ជាក់ថា  ប៉ុន្តែចាប់ពីពេលនេះទៅ ស្នើឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំទៅបណ្ដាខេត្ត អនុវត្តន៍នូវជំពូកទី៥ ទាក់ទិនទៅនឹងទណ្ឌកម្ម គឺមានត្រាទី៨តែម្ដង ដែលមាត្រាទី៨នេះបានបញ្ជាក់ច្បាស់ អំពីអ្នកដំណើរ ឬការីយានដឹកជញ្ជូនណា ដែលគេចវេស មិនឱ្យមន្ត្រីចត្តាឡីស័កត្រួតពិនិត្យ ឬមិនសហការជាមួយមន្ត្រីចត្តាឡីស័ក ក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញបែបបទដែលមានកំណត់ក្នុងអនុក្រិត្យ នឹងទទួលពិន័យអន្តរកាល ពី២០ម៉ឺនរៀលដល់មួយលានរៀល ទៅតាមទំហំបទល្មើស និងតម្រូវឱ្យមានវិធានការសុខាភិបាល។ ការទទួលពិន័យអន្តរកាលនេះ មិនធ្វើឱ្យជនប្រព្រឹត្តិបទល្មើសរួចគេចផុត ពីការទទួលខុសត្រូវព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន។ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងសង្គត់ធ្ងន់ថា  ក្នុងចំណុចនេះ គឺត្រូវអនុវត្តន៍ចំពោះអ្នកទាំងឡាយណា ដែលមិនព្រមធ្វើចត្តាឡីស័ក ដែលក្រសួងសុខាភិបាលបានណែនាំកន្លងទៅ ព្រោះនៅក្នុងអនុក្រឹត្យទាក់ទងទៅនឹងមានត្រាទី៦ ជំពូកទី៣ ស្ដីពីវិធានការសុខាភិបាល នីតិវិធីនៃការអនុវត្តវិធានការសុខាភិបាលរបស់មន្ត្រីចត្តាឡីស័ក ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីសុខាភិបាល។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងសុខាភិបាល ក៏ដូចជាមន្ត្រីមូលដ្ឋាន អនុវត្តន៍នូវមាត្រាទី៨ ទាក់ទងនឹងការផាកពិន័យអន្តរកាលសម្រាប់អ្នកដែលគេចវេសពីការធ្វើចត្តាឡីស័កនេះឱ្យខាងតែបាន។ ក្រៅពីនោះសម្ដេចតេជោបានចេញបទបញ្ជាឱ្យមន្ត្រីអនុវត្តច្បាប់ទាំងអស់ អនុវត្តន៍ឱ្យបានហ្មឺងម៉ាត់ចំពោះពួកមេក្លោង ដែលបាននាំមនុស្សឆ្លងកាត់ព្រំដែន ដោយគេចផុតពីការមិនបានធ្វើចត្តាឡីស័ក និងវិធានការទាំងឡាយដែលប្រឆាំងនិការរត់ពន្ធមនុស្ស ដែលវាអាចនាំទៅដល់មហន្តរាយនៃសុខភាពសាធារណៈ ដោយសារជំងឺឆ្លង។ សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានចេញបទបញ្ជាឱ្យបណ្ដាខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ ជាប់ព្រំដែនកម្ពុជា-វៀតណាម និងព្រំដែនកម្ពុជា- ឡាវ ធ្វើទំនាក់ទំនងជាមួយបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសជាមិត្ត ដើម្បីឱ្យគេជួយកុំឱ្យមានការឆ្លងកាត់របស់ប្រជាពលរដ្ឋតាមច្រករបៀង ដែលនាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ពិការអស់មួយជីវិត ឬក៏នាំជំងឺឆ្លងមកក្នុងប្រទេសរបស់យើង។ ជាមួយគ្នានេះក៏ស្នើឱ្យស្ថានទូត ស្ថានកុងស៊ុល និងមន្ត្រីក្រសួងការងារអមស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ ធ្វើការអប់រំចំពោះពលករពលការិនី ដែលត្រូវវិលត្រឡប់មកកម្ពុជាវិញ ឱ្យពួកគេបានទទួលនូវការយល់ដឹងអំពីការអនុវត្តនៅផ្ទៃក្នុងប្រទេស ទាក់ទងជាមួយនិងការផាកពិន័យ។ ដូច្នេះសូមធ្វើកិច្ចការងារនេះ ដើម្បីសហការគ្នាទប់ស្កាត់ ប្រយុទ្ធប្រឆាំងនិងកូវីដ-១៩។ សម្ដេចតេជោក៏បានថ្លែងឱ្យដឹងដែរថា ជាទូទៅយើងបានធ្វើចត្តាឡីស័កបានត្រឹមត្រូវ គ្រាន់តែតួលេខសម្រាប់ព្រំដែនកម្ពុជា-ថៃ គិតត្រឹមយប់ថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២១នេះ គឺអ្នកដែលបានធ្វើចត្តាឡីស័កមានចំនួន ៣ ៥ ៦៦៥នាក់  ហើយដោយសារតែចត្តាឡីស័កត្រឹមតែ១៤ថ្ងៃ បងប្អូនទាំងនោះបានចាកចេញ ប៉ុន្តែក៏នៅសល់បងប្អូនចំនួន ១ ១ ៨៥៧នាក់ទៀត កំពុងតែធ្វើចត្តាឡីស័កនៅខេត្តទាំង ៧ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register